ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានផឹកស៊ីស្រវឹងជោក លុះត្រឡប់ទៅដល់ផ្ទះវិញ ក៏ត្រូវប្រពន្ធស្តីបន្ទោសពីរឿងដើរផឹកស៊ីមិនគិតធ្វើការងាររកស៊ីអ្វីសោះ និងថែមទាំងដៀលប្តីថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមករកមិនឃើញសល់អ្វីសោះ ស្រាប់តែបុរសជាប្តីតូចចិត្តតូចថ្លើម ក៏សម្រេចចិត្តឡើងទៅចងកសម្លាប់ខ្លួននៅលើដើមអម្ពិល បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចដើមអម្ពិលខាងក្រោយភូមិ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង។
បុរសគំនិតខ្លីដែលតូចចិត្តប្រពន្ធដៀលរឿងរកស៊ីមិនសល់លុយកាក់ បែរជាសម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតនោះ មានឈ្មោះឃឹម វណ្ណៈ អាយុ២៧ឆ្នាំ មានប្រពន្ធឈ្មោះសាន សម្ភស្ស អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្តីរបស់នាងបានចេញទៅផឹកស៊ីជាមួយមិត្តនៅក្នុងភូមិ រហូតដល់យប់ជ្រៅ ស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់មកដល់ផ្ទះវិញ។ ពេលនោះនាងជាប្រពន្ធបានស្តីបន្ទោសប្តីថា ដើរផឹកស៊ីមិនគិតរកស៊ីឱ្យមានបានដូចគេ តាំងពីរៀបការមកគ្មានសល់អីសោះ។ ពេលនោះ ប្តីរបស់នាងមិនបានតបតអ្វីទាំងអស់ រួចក៏ត្បុលចូលមុងដេកបាត់ទៅ ចំណែកនាងក៏មិនចាប់អារម្មណ៍អ្វីដែរ ហើយក៏នឹកស្មានមិនដល់សោះឡើយថា ត្រឹមពាក្យសម្តីប៉ុណ្ណឹង អាចនឹងធ្វើឱ្យប្តីមានគំនិតខ្លីដល់ថ្នាក់ចងកស្លាប់ចោលប្រពន្ធកូនបែបនេះសោះ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលភ្ញាក់ពីដំណេកមិនឃើញប្តីសោះ ទើបនាងបានដើរតាមរក ទីបំផុតក៏ប្រទះឃើញប្តីចងក សម្លាប់ខ្លួននៅលើដើមអម្ពិលខាងក្រោយភូមិបាត់ទៅហើយ ទើបធ្វើឱ្យនាងភ័យស្លន់ស្លោ រត់មកស្រែកប្រកូកប្រកាសហៅអ្នកភូមិឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែជ័រពណ៌ស ចងកភ្ជាប់នឹងដើមអម្ពិល កំពស់៤ម៉ែត្រ នៅចំណុចព្រៃខាងត្បូងភូមិ ចម្ងាយ១០០ម៉ែត្រពីផ្ទះ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលជនរងគ្រោះមានគំនិតខ្លីចងកធ្វើអត្តឃាតបែបនេះ គឺដោយសារតែផឹកស្រាស្រវឹង រួចខឹងនឹងរឿងប្រពន្ធដៀលរឿងរកស៊ីមិនសល់អ្វី។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕