ខេត្តមណ្ឌលគិរី ៖ ស្ត្រីជាប្រពន្ធម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ កើតមានទំនាស់ជាមួយប្តី ក៏ត្រូវប្តីអត់ទ្រាំមិនបានស្ទុះទៅវ៉ៃ១ដៃ ស្រាប់តែប្រពន្ធផ្ទុះកំហឹងក៏ចាក់សាំងដុតប្តីសងវិញ បណ្តាលឱ្យបុរសជាប្តីទទួលរងរបួសធ្ងន់រលាកពេញខ្លួន។
ករណីហិង្សាក្នុងគ្រួសារប្រពន្ធខឹងប្តីវ៉ៃ១ដៃ ចាក់សាំងដុតប្តីរលាកពេញខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលូបាក់ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ស្ត្រីជាប្រពន្ធចិត្តភ្លើងដែលចាក់សាំងដុតប្តី មានឈ្មោះម៉ៃ យ៉ា អាយុ៤៣ឆ្នាំ។ ចំណែកបុរសរងគ្រោះជាប្តី មានឈ្មោះប៊ូ ណាក់ អាយុ៤៧ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ស្ត្រីជាប្រពន្ធតែងដើរផឹកស៊ីស្រវឹងអួទីនួមិនសូវជួយធ្វើការងាររកស៊ីអ្វីទាំងអស់ ទើបធ្វើឱ្យក្រុមគ្រួសារចេះតែកើតរឿងរកាំរកូសឈ្លោះប្រកែកគ្នាជាញឹកញាប់ គ្រាន់តែមិនធ្លាប់ឈានដល់អំពើហិង្សាដែលមានលក្ខណៈធ្ងន់ធ្ងរដូចលើកនេះនោះទេ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុស្ត្រីជាប្រពន្ធបានចេញទៅផឹកស្រាជាមួយអ្នកជិតខាងពេញមួយថ្ងៃ រហូតដល់ល្ងាចឡើង ស្រវឹងជោក ទើបត្រឡប់មកផ្ទះវិញ លុះបុរសជាប្តីឃើញប្រពន្ឋត្រឡប់មកពីស៊ីផឹកវិញ ស្រវឹងអួទីនួ ក៏ស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែប្រពន្ធកំពុងស្រវឹងធ្លាក់ភ្នែកផង ក៏បានជេរបញ្ចោរតបតទៅប្តីវិញ គ្មានបណ្តាក់មាត់ ជាហេតុធ្វើឱ្យប្តីខឹងពេក ក៏ស្ទុះទៅវ៉ៃប្រពន្ឋ១ដៃ ទុកជាការព្រមាន និងនឹកស្មានថា ប្រពន្ធអន់ចង់ ដឹងអី ស្ត្រីជាប្រពន្ឋនៅមិនព្រមចុះចាញ់ប្តីវិញទេ រួចក៏ស្ទុះទៅទាញដបសាំងដែលមានចំណុះមួយលីត្រ ជះស្រោចទៅលើបុរសជាប្តី បន្ទាប់មក ក៏កេះដែកកេះដុតប្តីដោយគ្មានញញើតដៃ ធ្វើឱ្យឆាបឆេះឡើងពេញខ្លួនបុរសជាប្តីរងរបួសរលាកពេញខ្លួនតែម្តង។
ប្រភពខាងលើ បញ្ជាក់ថា ក្រោយកើតហេតុអ្នកភូមិ ដែលប្រទះឃើញហេតុការណ៍ បាននាំគ្នាស្ទុះទៅជួយពន្លត់ភ្លើង និងដឹកបុរសរងគ្រោះទៅសម្រាកព្យាបាលរបួសនៅមណ្ឌលសុខភាព។
ករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជាប្រពន្ឋទៅសាកសួរនៅអធិការនគរបាលស្រុកកែវសីមា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី។ ចំណែកបុរសជាប្តីកំពុងសម្រាកព្យាបាលរបួសនៅពេទ្យ ព្រោះស្នាមរបួសមានសភាពធ្ងន់៕