Sunday, September 28, 2025
Homeព័ត៌មានជាតិនារីម៉ាស្សាបិទទ្វារសុំសម្រាក ពេលមិត្តភក្តិបើកទ្វារចូលទៅ ស្រឡាំងកាំងគ្រប់គ្នា

នារីម៉ាស្សាបិទទ្វារសុំសម្រាក ពេលមិត្តភក្តិបើកទ្វារចូលទៅ ស្រឡាំងកាំងគ្រប់គ្នា

ភ្នំពេញ ៖ នារីបម្រើការនៅផ្ទះកោសជប់ម៉ាស្សាមួយកន្លែង ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងស្ថានភាពអាក្រាតកាយ ដោយមានតែកន្សែងពោះគោរុំក និងមានដែកលួសជាប់នឹងកផងដែរ ដែលករណីនេះត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្មរំលោភសម្លាប់។

ករណីឃាតកម្មរំលោភសម្លាប់នារីម៉ាស្សាខឹងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលលេខ២៧ (ហាងកោសជប់ពេញចិត្តផ្លូវលូប្រាំ) តាមបណ្តោយផ្លូវបេតុងលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

នារីរងគ្រោះដែលត្រូវជនសង្ស័យមិនស្គាល់មុខរំលោភសម្លាប់ មានឈ្មោះឆន ដឿន អាយុ៣៣ឆ្នាំ មុខរបរនារីកោសជប់ម៉ាស្សា ធ្វើការ និងស្នាក់នៅហាងកោសជប់ម៉ាស្សា ក្នុងទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

តាមប្រភពពីអ្នកជិតខាងកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា ផ្ទះម៉ាស្សាកើតហេតុខាងលើ គឺមាននារី៣នាក់ បម្រើការម៉ាស្សាកោសជប់ ហើយនៅថ្ងៃកើតហេតុ នារី២នាក់បានចេញទៅដើរលេងបាត់ ទុកឱ្យនារីងគ្រោះនៅចាំហាងម៉ាស្សាតែម្នាក់ឯង។ លុះមកដល់វេលាម៉ោង៨ព្រឹក នារីជនរងគ្រោះបានទូរស័ព្ទទៅប្រាប់នារី២នាក់ទៀត ដែលបានទៅដើរលេងនោះថា រូបនាងមិនស្រួលខ្លួនទេ សូមបិទទ្វារសម្រាកហើយ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ មិត្តភក្តិទាំង២នាក់ ត្រឡប់មកពីដើរលេងវិញ ក៏បានបើកទ្វាររួចដើរចូលទៅក្នុងបន្ទប់ ក៏ប្រទះឃើញនារីរងគ្រោះដេកស្លាប់ទាំងខ្លួនអាក្រាតកាយ រួចបានស្រែកឆោឡោផ្អើលដល់អ្នកជិតខាង និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

លោកហួ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ដែលបានចុះដល់ទីតាំងកើតហេតុ បានបញ្ជាក់ឱ្យដឹងថា “ករណីនេះអាចជារឿងរំលោភសេពសន្ថវៈ ហើយសម្លាប់ តែនៅពេលនេះ យើងកំពុងរង់ចាំខាងសមត្ថកិច្ចកោសល្យវិច័យចុះមកពិនិត្យសពសិន”។

តាមអធិការរងរូបនេះ បានប្រាប់បន្តថា នារីរងគ្រោះជាអ្នកកោសជប់ម៉ាស្សា បានដេកស្លាប់ដោយមានកន្សែងរំក និងដែក លួសជាប់និងកទៀតផង។

យ៉ាងណា ពេលសមត្ថកិច្ចចុះមកដល់ ហើយមានអ្នកសារព័ត៌មានចូលទៅថតរូបភាពយកទៅផ្សព្វផ្សាយ ក៏ត្រូវសមត្ថកិច្ចហាមមិនឱ្យអ្នកសារព័ត៌ចូលទៅថតឡើយ ហាក់បីដូចជាមានការលាក់បាំង។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ ដើម្បីស្វែងរកការពិត និងឈានដល់ការចាប់ខ្លួនជនដៃដល់នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES