ភ្នំពេញ ៖ ជនជាតិកូឡំប៊ីម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃមួយគ្រឿង មិនបានសម្រេច ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជាក់ស្តែង កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចទូរលក់ទូរស័ព្ទដៃ មុខផ្ទះលេខ៣៣E0 ផ្លូវលេខ១៤២ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ MORA ALBADA VIDESTIVEN ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិកូឡំប៊ី កាន់លិខិតឆ្លងដែនលេខAJ 739033 មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ហ្គោដិន ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ វត្ថុតាងចាប់យកបាន ទូរស័ព្ទដៃម៉ាកអាយហ្វូន6ផ្លើស គ្មានស៊ីម (ទូរស័ព្ទដៃថ្មី) ជារបស់ជនរងគ្រោះបានប្រគល់ឲ្យជនរងគ្រោះវិញ។ រីឯទូរស័ព្ទដៃម៉ាកអាយហ្វូន៦ (ចិន) ខូចបែកកញ្ចក់ជារបស់ជនសង្ស័យ។ ជនរងគ្រោះឈ្មោះខឹម ជាម៉ារ៉ាឌី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទដៃ មានទីលំនៅផ្ទះលេខ២៧០ផ្លូវ លេខ២១៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាជនជាតិបរទេសរូបនេះ បានមកហាងលក់ទូរស័ព្ទដៃជនរងគ្រោះ ធ្វើជាអ្នកទិញ ហើយពេលជនរងគ្រោះរវល់លក់ដូរ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាកអាយហ្វូន6ផ្លើស គ្មានស៊ីម ប្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញទាន់ ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចដេញចាប់ក្របួចជាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕