ភ្នំពេញ ៖ ហាងផឹកសុីខារ៉ាអូខេដែលស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ល្បីយូរមកហើយ កាប់ឆៅ បន្លំគិតលុយលើសខុសពីការពិត ហើយផ្ទុះកើតរឿងក៏ច្រើនលើកច្រើនសារមកហើយដែរ ខណៈដែលភ្ញៀវចូលផឹកនៅតែភ្នាត់ស្នៀត ស្រវឹងជ្រុលហើយ ប្រាកដធ្លាក់ចូលកណ្តាប់ដៃហាងជាក់ជាមិនខាន ហើយនៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ហាខាងលើ កើតឡើងសារជាថ្មីទៀតទៅលើភ្ញៀវគ្នា៣នាក់ ចូលផឹកសុីនៅហាងហ្គោលឌិនសោន KTV ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប គ្នា៣នាក់ ចេញវិក័យប័ត្រ អស់ស្រា៦កេស ម្ហូប១២មុខ ជាតួលេខមួយមិនធម្មតា គិតលុយស្មើ៣៣១ដុល្លារ រហូតដល់ភ្ញៀវដាក់បញ្ចាំម៉ូតូ ហើយល្ងាចថ្ងៃទី០៨ ខែវិច្ឆិកានេះ ទើបសម្របសម្រួលគ្នារួចរាល់។
បាតុភាពមិនប្រក្រតី ហាង kTV បន្លំគិតលុយលើស ក្នុងរូបភាពភ្ញៀវផឹកសុីអស់ច្រើន ទើបកើតជាមន្ទិលសង្ស័យ នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា នេះ ដំណោះស្រាយរវាងភាគីសងខាង នៅមុខហាងហ្គោលឌិនសោន KTV ភាគីខាងភ្ញៀវបានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា គាត់មានគ្នា៣នាក់ ស្រវឹងពីក្រៅស្រាប់ហើយ តែចង់បន្តកម្សាន្តអារម្មណ៍ ចូលផឹកសុីនៅហាងខាងលើ លុះដល់ចេញវិក័យប័ត្រមក ហាងគិតអស់ស្រាបៀ៦កេស ម្ហូប១២មុខ សរុបជាទឹកប្រាក់៣៣១ដុល្លា ជាតួលេខមួយ ដែលគ្មានអ្នកណាជឿឡើយ មនុស្ស៣នាក់ ផឹកអស់៦កេស ស្មើ១៤៤កំប៉ុង ហើយសាច់ក្លែម១២ចាន គិតជាលុយ៣៣១ដុល្លារ។
ចំពោះភាគីខាងហាងវិញ និយាយយ៉ាងខ្លីថា គាត់ផឹកសុីអស់ស្រាបៀចំនួន៦កេស សាច់ក្លែម១២មុខ សរុបជាទឹកប្រាក់៣៣១ដុល្លារ ។
វិវាទរវាងភ្ញៀបនិងម្ចាស់ហាងKTV ខាងលើ ធ្វើការសម្របសម្រួលគ្នានៅល្ងាចថ្ងៃនេះ ហើយភាគីខាងភ្ញៀវមិនចង់ឲ្យវែងឆ្ងាយ គ្រាន់តែហួសចិត្ត មនុស្ស៣នាក់ ផឹកស្រាបៀអស់៦កេស ក្រោយធ្វើការសម្របសម្រួលគ្នា ភ្ញៀវចេញសង៣០០ដុល្លា បញ្ចប់រឿង ហើយយកម៉ូតូដែលហាងឃាត់ទុកមកវិញ៕