ខេត្តព្រៃវែង ៖ យុវជនម្នាក់ដោយសារតែមិនពេញចិត្តឱ្យម្តាយយកប្តីក្មេង ក៏ចេញទៅផឹកស្រារហូតស្រវឹងជោក លុះត្រឡប់មកដល់ផ្ទះវិញ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងឪពុកចុង រហូតឈានដល់អំពើហិង្សា ទាញដាវកាប់ប្រហារឪចុង បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល។
ជនសង្ស័យដែលកាប់ឪចុង១ដាវ រយះក្បាលនោះ មានឈ្មោះលន់ ម៉ាក អាយុ២៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះឡន ម៉ាប់ អាយុ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសរយះក្បាលផ្នែកខាងឆ្វេង មុតដល់លលាដ៍ក្បាល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនសង្ស័យនិងជនរងគ្រោះ គឺជាឪពុក និងកូនចុងនឹងគ្នា ហើយកន្លងមក អ្នកទាំងពីររស់នៅហាក់មិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានឡើយ ដោយសារតែយុវជនជាកូនប្រុសមិនពេញចិត្តឱ្យម្តាយរបស់ខ្លួនយកប្តីក្មេង (ជនរងគ្រោះ) ប៉ុន្តែយ៉ាងណា មិនធ្លាប់ឈានដល់អំពើហិង្សាធ្ងន់ធ្ងរដូចលើកនេះទេ ពោលគឺគ្រាន់តែទាស់សម្តីគ្នាតិចតួចប៉ុណ្ណោះ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យដោយសារតែមួម៉ៅក្តៅក្រហាយនឹងរឿងម្តាយយកប្តីក្មេង ក៏ចេញទៅផឹកស៊ីជាមួយមិត្តភក្តិនៅក្នុងភូមិ រហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់មកផ្ទះវិញ ហើយក៏ឡូឡារករឿងអុកឡុកពេញផ្ទះ លុះជនរងគ្រោះជាឪពុកចុង ចេញទៅឃាត់ ក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ជនសង្ស័យទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទាញដាវមកកាប់ប្រហារជនរងគ្រោះជាឪពុកចុង ចំក្បាលផ្នែកខាងឆ្វេងប្រវែង៥សង់ទីម៉ែត្រ មុតលិចជម្រៅ ដល់លលាដ៍ក្បាល រងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ នៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព។
ជុំវិញករណីហិង្សារវាងកូនប្រុស និងឪពុកចុងខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕