Sunday, September 28, 2025
Homeព័ត៌មានជាតិអាឡូកិនផ្លូវ កិនទាំងមនុស្ស នៅខណ្ឌសែនសុខ

អាឡូកិនផ្លូវ កិនទាំងមនុស្ស នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជិះម៉ូតូចេញពីផ្ទះ គោលបំណងទៅផ្សារត្រូវរ៉ូឡូកិនដីថយក្រោយមកប៉ះ និងកិនស្លាប់។ ករណីនេះបង្កឲ្យភ្ញាក់ផ្អើកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំ ចូលបុរីពិភពថ្មីឈូកវ៉ា២ ភូមិត្រពាំងមាន សង្កាត់ក្រាំង ខណ្ឌសែនសុខ។

អ្នកបើករ៉ូឡូឈ្មោះ ជៀក វិរៈ អាយុ២០ឆ្នាំ មុខរបរបើករ៉ូឡូឲ្យក្រុមហ៊ុនប៉ោ ហេង ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិត្រពាំងមាន សង្កាត់ក្រាំង ខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិព្រៃនាងពួន ឃុំជំរះពេន ស្រុកសំរោងទង ខេត្តតាកែវ។

សពឈ្មោះ ថន ស្រស់ អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងមាន សង្កាត់ក្រាំង ខណ្ឌសែនសុខ។ ក្បែរកន្លែងកើតហេតុ  បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងកិនម៉ូតូ ZOOMER X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FP-7750 ។

ប្រភពពីបងប្អូនបានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះជិះម៉ូតូចេញពីផ្ទះគោលបំណងទៅផ្សារដោយឆ្លងកាត់ផ្លូវកំពុងសាងសង់ខាងលើ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ត្រូវបានអាឡូកំពុងធ្វើផ្លូវ ដែលគេឃើញកិនផ្លូវតាំងពីព្រឹកមកម្ល៉េះ បើកថយក្រោយ ដោយមិនបានមើល ក៍ជ្រុលមកកិននារីរងគ្រោះនិងម៉ូតូតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។

តាមសំដីអ្នកបើករ៉ូឡូកិនផ្លូវខាងលើ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បានបើករ៉ូឡូកិនបង្ហាប់ផ្លូវនៅគោលដៅខាងលើ ដោយកិនថយទៅថយមក តាំងពីព្រឹកមកម្ល៉េះ ហើយគាត់ក៍មិនដឹងថា មានអ្នកបើកម៉ូតូមកឈប់ពីក្រោយរ៉ូឡូ លុះថយកិនទៅហើយ ទើបគាត់ដឹងថា កិនលើមនុស្សស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះទៅអន្តរាគមន៍ ពិនិត្យស្លាកស្នាម រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគ្រឿងច្រកអាឡូ ម៉ូតូ រួមទាំងអ្នកបើកបរផងត្រូវបានឃាត់ខ្លួនយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

RELATED ARTICLES