ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកតូយ៉ាតាព្រូស បើកបរក្នុងស្ថានភាពស្រវឹងរេចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ខណៈពេលសមត្ថកិច្ចកំពុងតែវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនទាន់ចប់ផង ស្រាប់តែមានបុរស២នាក់ទៀត ជិះម៉ូតូបុកម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក បណ្តាលឲ្យដួលរងរបួសស្រាល និងជ្រុះដាវសាំម៉ូរ៉ៃកែច្នៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចដើមពោធិ៍ទន្លេសាប ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ 1FY-9294 ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-0615 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង បើកបរក្នុងល្បឿនលឿនដូចគ្នា មកដល់ចំណុចកើតហេតុ រថយន្តបានបុកម៉ូតូពេញទំហឹង ធ្វើឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បែកក្បាលហូរឈាម ត្រូវបានរថយន្តសង្គ្រោះគ្លីនិកពន្លឺ ដឹកយកទៅព្យាបាល ចំណែកឯម៉ូតូខូចខាតខ្ទេចមួយកំណាត់ខាងមុខ បាក់ក្បាំងខាងឆ្វេង រីឯរថយន្តវិញរងការខូចខាតខ្ទេចអស់មួយកំណាត់មុខដូចគ្នា ភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលវត្តភ្នំ រង់ចាំប្រគល់ឲ្យនគរបាលការិយាល័យផ្លូវគោកយកទៅដោះស្រាយ ។
ក្រោយពេលកើតហេតុប្រមាណកន្លះម៉ោង ប៉ូលិសមិនទាន់វាស់វែងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ចប់រួចរាល់ផង ស្រាប់តែមានបុរស២នាក់ស្រវឹងស្រាជិះម៉ូតូម៉ាក Zoomer-X ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 1GI-8287 ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅជើងទៅត្បូង បើកល្បឿនលឿន រេពេញផ្លូវ ទៅបុកម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកជិះគ្នា២នាក់ បណ្តាល
ឲ្យរងរបួសស្រាល ស្រាប់តែធ្លាក់ដាវសាំម៉ូរៃកែច្នៃចេញពីក្នុងកែបម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបុរសទាំង២នាក់ ដែលមានឈ្មោះលារីម សាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកទូកទេសចរណ៍ ស្នាក់នៅផ្ទះជួល ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ និងទី២ មានឈ្មោះសេស វិចិត្រ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ17A សង្កាត់ចតុមុខ ខណ្ឌដូនពេញ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ បានប្រាប់សមត្ថកិច្ចថា ដាវសាំម៉ូរៃនេះ គឺខ្លួនជាអ្នករើសបានតាមផ្លូវនោះទេ ហើយយកមកទុកការពារខ្លួនតែប៉ុណ្ណោះ មិនមានបំណងយកទៅធ្វើសកម្មភាពអីនោះឡើយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសស្រាលពេលកើតហេតុភ្លាមៗ បានលើកម៉ូតូជិះ ចេញទៅបាត់ នៅសល់តែបុរសដែលមានដាវកែច្នៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញ ចាត់ការតាមច្បាប់៕