ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនអូស្ត្រាលី កម្ពុជាហ្គ្រុប (ACG) ម្នាក់ ក្នុងបទល្មើសឆបោកប្រាក់ក្រុមហ៊ុនជាង១០ម៉ឺនដុល្លារ កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងរឿងដីធ្លីនៅម្តុំសួនស្ព័រ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត។
អគ្គនាយកក្រុមហ៊ុននេះមានឈ្មោះកៅ សុធា ភេទប្រុស អាយុ៤៦ឆ្នាំ បច្ចុប្បន្ន រស់នៅរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលជននោះធ្វើដំណើរពីភ្នំពេញ មកខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គនាយកក្រុមហ៊ុនរូបនោះបានរងការប្តឹងពីសមាជិកក្រុមហ៊ុន ពាក់ព័ន្ធករណីបោកប្រាស់លុយក្រុមហ៊ុនចំនួនជាង១០ម៉ឺនដុល្លារ ត្រូវបានចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញសាលក្រមព្រហ្មទណ្ឌលេខ១៧ (ឆ១) ចុះថ្ងៃទី២០ កក្កដា ឆ្នាំ២០១៧ សម្រេចកាត់ទោសកំបាំងមុខ ករណីឆបោករឿងយកដីអ្នកដទៃ ដែលបានចូលហ៊ុនរកស៊ីជាមួយក្រុមហ៊ុន ACG លក់ដីក្រុមហ៊ុនយកលុយស៊ីដាច់តែម្នាក់ឯង ដែលដីក្រុមហ៊ុននោះមានទីតាំងស្ថិតម្តុំសួនស្ព័រ នៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ប្រភពដដែលបន្តថា ជននេះក៏ធ្លាប់អួតអាងពីខ្សែអ្នកធំ អ្នកអន្ទ្រើស អាងខ្នង អាងខ្នាយ ហើយមានគំនិតទុច្ចរិតក្នុងការរកស៊ីឆបោកប្រាក់ហ៊ុនក្រុមហ៊ុនធ្វើសំណង់ផ្ទះល្វែង ផ្សារទំនើបនៅម្តុំសួនស្ព័រនោះ។
បច្ចុប្បន្នតុលាការបានចេញដីកាបង្គាប់ឱ្យចាប់ឃុំខ្លួន ហើយត្រូវបានចាប់បញ្ជូនទៅដាក់ពន្ធនាគាររួចហើយនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕