ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ កំពុងសម្ងំប្រើប្រាស់គ្រឿងញៀន ស្រាប់តែត្រូវបុរសជាអ្នកភូមិម្នាក់ដើរមកឃើញ និយាយផ្លែផ្កា ពាក្យសម្តី ក៏ផ្ទុះកំហឹងទាញដាវសាំម៉ូរ៉ៃស្ទុះទៅកាប់ប្រហារជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ រួចព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។
ករណីជនញៀនថ្នាំ កាប់ប្រហារបុរសម្នាក់ឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិសាស្ត្រភូមិភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះអឹង សុភា ហៅយ៉ា អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ចំណែកគូកនដែលរត់គេចខ្លួន មានឈ្មោះរី អាយុ២២ឆ្នាំ រស់នៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ដោយឡែកបុរសរងគ្រោះ មានឈ្មោះតាំង ម៉េងសាង ហៅម៉ៅ អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងគាត់ និងជនសង្ស័យទាំង២នាក់ខាងលើ គឺសុទ្ធតែជាមនុស្សធ្លាប់ស្គាល់គ្នា ហើយក៏ធ្លាប់និយាយលេងសើចជាមួយគ្នាដែរកន្លងមក។ នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់បានដើរដាក់លបយកអន្ទង់នៅក្បែរស្រះមួយកន្លែង នៅចំណុចកើតហេតុ លុះពេលទៅដល់ទីតាំងកើតហេតុ ជាកន្លែងដែលក្រុមជនដៃដល់ចែកចាយ និងប្រើប្រាស់ថ្នាំញៀនផងនោះ គាត់ក៏បាននិយាយខ្លះៗប៉ះពាល់ពួកគេពីរឿងថ្នាំញៀន ទើបឈានដល់ការប៉ះទង្កិចពាក្យសំដីគ្នា ហើយភ្លាមនោះ ក្រុមជនដៃដល់ខឹងក៏ទាញដាវស្ទុះមកកាប់គាត់ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ចំណែកជនសង្ស័យ បានបដិសេធថា ខ្លួនមិនបានឈ្លោះគ្នាជាមួយឈ្មោះម៉ៅ ជាជនរងគ្រោះនេះពីរឿងថ្នាំញៀនទេ គឺមានជម្លោះដោយសារប៉ះពាក្យសំដីគ្នាតិចតួច ដែលធ្លាប់ប៉ះគ្នាកន្លងមក។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកគូកនម្នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕