ខេត្តសៀមរាប ៖ ក្រុមអ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ CNC មួយក្រុម បានធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅយកព័ត៌មាននៅតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ ស្រាប់តែមិនទាន់ដល់គោលដៅផង ក៏ជួបគ្រោះអកុសល ក្រឡាប់រថយន្ត បង្កហេតុឱ្យរងរបួសធ្ងន់ចំនួន៣នាក់ កាលពីវេលាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រលេខ៣៧១ ក្នុងតំបន់ស្រែណូយ ស្រុកវ៉ារិន។
តាមប្រភពពីលោកហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់ទូរទស្សន៍ CNC បានបញ្ជាក់ប្រាប់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានបុគ្គលិករបស់លោកចំនួន៣នាក់ បានទទួលរងរបួស ដែលក្នុងនោះ រួមមាន ទី១-លោកថឹង ចាន់ថារ៉ាន់ អ្នកអធិប្បាយព័ត៌មាន (រងរបួសធ្ងន់) ទី២-លោកង៉ាន់ សំណាង អ្នកកាន់កាមេរ៉ា (រងរបួសធ្ងន់) និងទី៣-លោកទេព ពិសិដ្ឋ អ្នកបើកបររថយន្ត (រងរបួសស្រាល)។
លោកហ៊ុយ វណ្ណៈ បានអះអាងថា គ្រោះថ្នាក់ខាងលើនេះ គឺបង្កឡើងដោយខ្លួនឯង ពោលគឺពេលកំពុងបើកបរ ស្រាប់តែរថយន្តបានរេចង្កួតប្រឡាប់ធ្លាក់ផ្លូវបះជើងតែម្តង។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ទាំង៣នាក់ ត្រូវបានប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ រួមនិងអ្នកដំណើរដែលប្រទះឃើញជួយសង្គ្រោះទាន់ពេលវេលា និងបានទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
យោងតាមទំព័រហ្វេសប៊ុក លោកហ៊ុយ វណ្ណៈ បានសរសេរបញ្ជាក់ឱ្យដឹង កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា “សូមជម្រាបជូនថា បុគ្គលិក CNC ៣នាក់ ដែលរងគ្រោះថ្នាក់ដោយឧប្បត្តិហេតុក្រឡាប់រថយន្តនៅខេត្តសៀមរាប គឺឆ្លងផុតការគ្រោះថ្នាក់ដល់អាយុជីវិតហើយ។ ឥឡូវ២នាក់ កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ បុគ្គលិកយើង គឺមិនត្រឹមទទួលបាននូវការយកចិត្តទុកដាក់ជាកម្លាំងចិត្តដ៏មានគុណធម៌ធំធេងប៉ុណ្ណោះទេ គឺថែមទាំងទទួលបានការឧបត្ថម្ភថវិកាពីសម្តេចប្រធានកាកបាទក្រហមកម្ពុជា និងមន្ត្រីឯកឧត្តមអភិបាលខេត្ត និងមន្ត្រីបងប្អូននគរបាលខេត្ត និងការយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិតរបស់យើងនៅខេត្ត រួមទាំងគ្រួសារអ្នកសារព័ត៌មានយើងផងដែរ។ ក្រុមគ្រួសាររបស់បុគ្គលិករងគ្រោះ ក៏ទទួលបានការយកចិត្តទុក ដាក់ពីថ្នាក់ដឹកនាំ CNC ហើយបានរៀបចំឱ្យភរិយាបុគ្គលិករងគ្រោះយើង បានទៅមើលថែទាំប្តី និងឪពុកផងដែរ។ ស្អែកនេះ ខ្ញុំនិងថ្នាក់ដឹកនាំ CNC នឹងចេញទៅសួរសុខទុក្ខ ដើម្បីលើកទឹកចិត្តក្នុងកាលៈទេសៈដែលគ្មានអ្នកណាប្រាថ្នាជួបប្រទះនេះ។ យើងខ្ញុំក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលជួយយកអាសាសង្គ្រោះបុគ្គលិកយើងខ្ញុំ ដោយក្តីអាណិតស្រឡាញ់…”៕