Sunday, September 28, 2025
Homeព័ត៌មានជាតិឃាតករដ៏កំណាចបានស្លាប់ហើយ ក្រោយសម្លាប់ប្រពន្ធបាន៤ថ្ងៃ

ឃាតករដ៏កំណាចបានស្លាប់ហើយ ក្រោយសម្លាប់ប្រពន្ធបាន៤ថ្ងៃ

ភ្នំពេញ ៖ ជនជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពអារកសម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃ រួចប៉ងសម្លាប់ខ្លួនដោយចាក់កខ្លួនឯងផង លោតពីលើដំបូលផ្ទះផង បណ្តាលឱ្យរងរបួសធ្ងន់និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនោះ មកដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យព្រះកុសុមៈបាត់ទៅហើយ ដោយសារតែស្ថានភាពរបួសធ្ងន់ពេក។

ជនជាឃាតករដែលចាប់ប្រពន្ធអារកសម្លាប់យ៉ាងឃោរឃៅ រួចព្យាយាមធ្វើអត្តឃាត តែមិនស្លាប់​ គ្រាន់តែរងរបួសធ្ងន់ រហូតដល់៤ថ្ងៃក្រោយ ទើបស្លាប់ក្នុងមន្ទីរពេទ្យនេះ មានឈ្មោះចាន់ ជីវី អាយុ៣០ឆ្នាំ ជាមនុស្សញៀនថ្នាំ និងទើបតែចេញពីពន្ធនាគារបាន៦ថ្ងៃប៉ុណ្ណោះ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះស្រី គីម អាយុ៤១ឆ្នាំ មុខរបរស៊ីឈ្នួលចាក់នំគ្រក់ នៅផ្សារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន និងមានស្រុកកំណើតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

គួររំលឹកថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ព្រៃផ្សៃមួយបានកើតឡើងនៅចំណុចផ្ទះលេខ៨៩៩ បន្ទប់ជួលលេខ ២B ជាន់ទី១ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជាប្តីចិត្តឃោរឃៅម្នាក់ ទើបនឹងចេញពីពន្ធនាគារថ្មីៗ ក្រោយពីកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធក៏ចាប់ប្រពន្ធអារក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ បន្ទាប់មកជនដៃដល់ជាប្តីបានព្យាយាមយកកាំបិតចាក់កខ្លួនឯងប៉ងសម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ ទើបសម្រេចចិត្តលោតពីលើដំបូលផ្ទះសម្លាប់ខ្លួន បណ្តាលឱ្យធ្លាក់ចុះមកដល់ដីរងរបួសធ្ងន់។

តាមសម្តីបុរសឈ្មោះពេញ សុខហេង អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាម្ចាស់ផ្ទះជួលខាងលើ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធខាងលើទើបតែមកជួលបន្ទប់ផ្ទះគាត់ស្នាក់នៅបានរយៈពេល៦ថ្ងៃប៉ុណ្ណោះ ស្រាប់តែមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យជាប្តីបានកើតមានជម្លោះជាមួយប្រពន្ធ ដោយឮសូរសំឡេងវាយប្រតាយប្រតប់គ្នាពេញបន្ទប់ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងឡើងទៅមើល ស្រាប់តែជនជនសង្ស័យកាន់កាំបិត២ (កូនកាំបិត១ កាំបិតប៉័ងតោ១) គម្រាមកាប់ប្រជាពលរដ្ឋទៀតផង បើអ្នកណាហ៊ានចូលក្បែរ ទើបបង្កឱ្យមានការផ្អើលឆោឡោផ្អើលទាំងសមត្ថកិច្ចប្រជាពលរដ្ឋឡើងទៅជួយអន្តរាគមន៍ តែអកុសល ស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានជនសង្ស័យជាប្តីចាប់អារកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។ ចំណែកជនសង្ស័យបានគំរាមកាប់មកលើសមត្ថកិច្ចទៀត ទើបសមត្ថកិច្ចឈានដល់ផ្ទុះអាវុធ១គ្រាប់ ដើម្បីគំរាមឱ្យជនសង្ស័យបញ្ឈប់សកម្មភាព តែជនសង្ស័យមិនព្រមបញ្ឈប់ និងហាក់មិនខ្លាចញញើតសមត្ថកិច្ចសោះ និងថែមទាំងបានស្រែកឱ្យសមត្ថកិច្ចបាញ់ប្រហារជីវិតគេចោលទៅ។ លុះក្រោយមក ដោយឃើញសមត្ថកិច្ចឡោមព័ទ្ធជិតទៅហើយ ទើបជនសង្ស័យសម្រេចលោតពីលើដំបូលផ្ទះមកដី ប៉ងសម្លាប់ខ្លួនទៀត តែនៅមិនបានសម្រេចដដែល ពោលគឺគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ និងត្រូវសមត្ថកិច្ចចាប់ខ្លួនជាប់តែម្តង។

តាមសម្តីស្ត្រីឈ្មោះជុំ រី អាយុ៦៧ឆ្នាំ រស់នៅបន្ទប់ជូលក្បែរបន្ទប់កើតហេតុ និងមានស្រុកកំណើតសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ បានឱ្យដឹងថា កូនប្រុសរបស់គាត់ម្នាក់នេះ ជាមនុស្សញៀនថ្នាំ និងទើបតែចេញពីពន្ធនាគារបាន៦ថ្ងៃ បន្ទាប់ពីត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទពាក់ព័ន្ធគ្រឿងញៀន ហើយប្តីប្រពន្ធពួកគេទើបតែមកជួលបន្ទប់ខាងលើស្នាក់នៅប៉ុណ្ណោះ ចំណែកស្ត្រីជាប្រពន្ធរបស់កូនប្រុសនេះ បានយកគ្នាដោយចិត្តឯងទេ ទើបគាត់មិនទាន់បានស្គាល់ឈ្មោះច្បាស់។

ក្រោយកើតហេតុ ជនជាឃាតករសម្លាប់ប្រពន្ធ ដែលប៉ងធ្វើអត្តឃាត បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ លុះមកដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៧ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក មិនអាចសង្គ្រោះបាន ទីបំផុត ជនជាឃាតកររូបនោះ ក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ។

សពខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES