ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលខ្លួនមានជម្ងឺសរសៃប្រសាទ និយាយលែងដឹងខុសត្រូវ លួចជិះម៉ូតូចេញតាំងពីស្រុកអង្គជ័យ ខេត្តកំពត មកចតម៉ូតូទុក ហើយសម្ភារៈមានក្នុងខ្លួនបាចបោះចោលអស់ ទៅដេកធ្វើមិនដឹង ធ្វើឲ្យមនុស្សចោមរោមមើលច្រើន ងើបដើរចេញទៅបាត់ ត្រូវបានប៉ូលិសចុះទៅតាមស្វែងរក ហៅនាំមកវិញ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅមាត់ប្រឡាយ តាមផ្លូវជាតិលេខ៣ មុខរោងចក្រសុីកូ ភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ។
បុរសខាងលើឈ្មោះ ស៊ន សុត្ថវិទូ អាយុ៣៥ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានទីលំនៅភូមិប្រាល ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ។ បុរសខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកអាយខន ពណ៌លឿង ពាក់ស្លាកលេខព្រះសីហនុ 1B-8977 ជាមធ្យោបាយ ។
តាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសខាងលើ តាំងពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា មកម្ល៉េះ ជិះម៉ូតូតាមផ្លវជាតិលេខ៣ ពីត្បូងទៅជើង មកចតឈប់ត្រង់ចំណុចខាងលើ មិនបានចាប់អារម្មណ៍ អង្គុយដេកក្បែរម៉ូតូ ស្មានតែស្រវឹងស្រា លុះដល់ព្រឹកភ្លឺច្បាស់ ពលរដ្ឋចោមរោមមើលច្រើន បែរជាបាចបោះទ្រព្យសម្បត្តិ មាននៅខ្លួនចោល ហើយដើរចាកចេញទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ តាមស្វែងរកបុរសខាងលើយកមកវិញ ទើបដឹងថា ជាមនុស្សមានសតិមិនប្រក្រតី និយាយ ប៉បុិចប៉ប៉ោចម្នាក់ឯង។
តាមបុរសម្នាក់ផ្សេងទៀត ដែលធ្លាប់ស្គាល់បុរសខាងលើ បានឲ្យដឹងថា បុរសរូបនេះពីមុនមកជាគ្រូង្រៀនផង និងជាសិល្បៈកផង ជាមនុស្សមានគ្រួសារ មានមុខមានមាត់គួរសម រស់នៅក្នុងស្រុក តែច្រើនខែច្រើនឆ្នាំមកហើយ បែរជាកើតមានសតិមិនប្រក្រតី ក្រុមគ្រួសារចាប់ឃាត់ឲ្យនៅតែផ្ទះទេ ហើយច្រើនលើកច្រើនសារមកហើយ ដែលបុរសរូបនេះ ជួនលួចជិះកង់ចេញពីផ្ទះ ជួនលួចជិះម៉ូតូចេញ បងប្អូនក្រុមគ្រួសារដើរតាមស្វែងរកញឹកញាប់ ពេលដែលចាកចេញពីផ្ទះម្តងៗ ហើយមកដល់លើកនេះ សង្ស័យលួចម៉ូតូជិះចេញពីផ្ទះមក រហូតដល់ម៉ូតូអស់សាំង ឈប់ចតទុកចោលតែម្តង ។
បុរសមានសតិមិនប្រក្រតីខាងលើ ក្រោយពីមានសភាពមិនប្រក្រតី ត្រូវបាននគរបាល និយាយលួងលោមនាំយកទៅឲ្យអង្គុយលេងនៅប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ ដើម្បីស្រាវជ្រាវទំនាក់ទំនងទៅក្រុមឲ្យមកទទួលយកទៅវិញ ចៀសវាងកើតមានបញ្ហាដោយប្រការណាមួយ ម្យ៉ាងពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនៅជាប់ខ្លួន លុយកាក់ គ្រឿងអលង្ការ៕