ភ្នំពេញ ៖ ក្រោយពីសកម្មភាពប្លន់ប្រដាប់អាវុធក្នុងរាជធានីភ្នំពេញរួចមក កម្លាំងនគរបាលជំនាញពាក់ព័ន្ធទាំងប៉ុស្តិ៍រដ្ឋបាល ខណ្ឌ ក្រុង ក្រោមបញ្ជានាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរយៈពេល០៣ថ្ងៃ ទីបំផុតចាប់ខ្លួនបានជនសង្ស័យ២នាក់ សកម្មប្រព្រឹត្តអំពើប្លន់ប្រដាប់អាវុធនិង០៥នាក់ ក្នុងនោះស្ត្រី០២នាក់ផងដែរ ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្នងការរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជនសង្ស័យ រួមជាមួយវត្ថុតាងជាច្រើនទៀត ដែលជនសង្ស័យប្រើប្រាស់ក្នុងសកម្មភាពល្មើស។
លោកវរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញបានឲ្យដឹងថា “ក្រោយពីសកម្មភាព ជនសង្ស័យប្លន់ប្រដាប់ដោយអាវុធក្នុងរាជធានីភ្នំពេញរួចមក ពិសេសនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រួចមក កម្លាំងជំនាញធ្វើការស្រាវជ្រាវ ប្រើប្រាស់រយៈពេល៣ថ្ងៃ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា នេះ ជនសង្ស័យ០៧នាក់ ក្នុងនោះស្ត្រី០២នាក់ផងដែរ ត្រូវបានចាប់ខ្លួន ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ក្រោយពីចាប់ឃាត់ខ្លួនបាន ជនសង្ស័យក្នុងករណីប្លន់ប្រដាប់អាវុធ ក្នុងនោះដែរសមត្ថកិច្ចឃាត់បានជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនប្រុសស្រីចំនួន៥នាក់ផ្សេងទៀត ។
ជនសង្ស័យក្នុងករណីប្លន់ប្រដាប់អាវុធ ឃាត់ខ្លួនបាន ទី១. ឈ្មោះ ម៉ែន រ័ត្ន ហៅរ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទី២. ឈ្មោះ ឥន ចាន់ដារ៉ូត ហៅរ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្លូវទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ចំណែកជនសង្ស័យ៥នាក់ទៀត ស្រី២នាក់ សមត្ថកិច្ចឃាត់ខ្លួនបានជាមួយគ្នាដែរ ជាប់ពាក់ព័ន្ធទៅនឹងប្រើប្រាស់គ្រឿងញៀន ទី១. ឈ្មោះ ឃីន ដឺលុច្ស ភេទប្រុសអាយុ៣៤ឆ្នាំ ទី២. ឈ្មោះ ប៊ុត សិលា ភេទប្រុស អាយុ២៤ឆ្នាំ ទី៣. ឈ្មោះហេង សាវុធ ភេទប្រុស អាយុ២៧ឆ្នាំ ទី០៤. ឈ្មោះ ហុីម ពៅ ភេទស្រី អាយុ២១ឆ្នាំ និងទី០៥. ឈ្មោះ ហុីម រ៉ៃ ភេទស្រីអាយុ១៩ឆ្នាំ (ទាំង៥នាក់ ស្នាក់នៅផ្ទះជួល ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ)។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាង រួមមាន ១/.អាវុធខ្លី K54 មួយដើម បង់មួយ មានគ្រាប់៥គ្រាប់ ២/.អាវុធខ្លីម៉ាកបេអាកុល ប្រើហ្គាសមួយដើម ៣/. គ្រឿងញៀនមួយកញ្ចប់ធំល្មម និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ ០៤/.ស្លាកលេខម៉ូតូលេខភ្នំពេញ 1GP-0078 ចំនួនមួយ ជារបស់ជនរងគ្រោះដែលបាញ់ប្លន់នៅខណ្ឌ៧មករា ទី០៥/ដកហូតម៉ូតូ៤គ្រឿង (ឌ្រីមសង់ សេ១២៥ ១គ្រឿង ម៉ូតូ Zoomer X ១គ្រឿង ម៉ូតូវីវ៉ា ២គ្រឿង) និងសម្ភារៈពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យដែលប្លន់ប្រដាប់អាវុធ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់មែន ដោយក្នុងនោះលើកទី១ កាលពីម៉ោងប្រហែល២១និង០០នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពួកខ្លួនបានបាញ់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកស្កូបពីពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GP-0078 ពីស្ត្រីម្នាក់នៅក្នុងខណ្ឌ៧មករា (បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ធ្លាយថ្ពាល់ពីស្តាំទៅឆ្វេង) លើកទី២ ម៉ោងប្រហែល០៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1FT-3968 នៅខណ្ឌពោធិ៍សែនជ័យ (បាញ់គំរាមឡើងលើ)។
បច្ចុប្បន្នជនសង្ស័យខាងលើ ក្រោយពីបង្ហាញមុខចប់ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃដដែល៕