Monday, September 29, 2025
Homeព័ត៌មានជាតិប្រពន្ធទៅផ្សារទិញម្ហូបអស់ជាង១មុឺនរៀល មកដល់ផ្ទះ ប្តីវ៉ៃ១ដៃ ប្រពន្ធសង១កាំបិត

ប្រពន្ធទៅផ្សារទិញម្ហូបអស់ជាង១មុឺនរៀល មកដល់ផ្ទះ ប្តីវ៉ៃ១ដៃ ប្រពន្ធសង១កាំបិត

ខេត្តកំពង់ឆ្នាំង ៖ បុរសជាប្តីម្នាក់មានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់ និងតែងរករឿងវាយដំប្រពន្ធមិនស្វាង លុះចុងក្រោយគ្រាន់តែប្រពន្ធទៅផ្សារទិញម្ហូបអស់លុយជាង១ម៉ឺនរៀល ស្រាប់តែរករឿងឈ្លោះប្រកែក រាលដាលដល់រឿងប្រចណ្ឌ និងថែមទាំងស្ទុះទៅវាយតប់ប្រពន្ធ១ដៃ ធ្វើឱ្យស្ត្រីជាប្រពន្ធដែលកាន់កាំបិតជាប់ដៃស្រាប់ ជ្រុលចាក់ប្តី១កាំបិត បណ្តាលឱ្យធ្លាយពោះ។

ករណីប្រពន្ធចាក់ប្តី១កាំបិតធ្លាយពោះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ស្ត្រីជាជនសង្ស័យដែលចាក់ប្តី១កាំបិតធ្លាយពោះនោះ មានឈ្មោះសុខ ធីតា អាយុ២៥ឆ្នាំ។ ចំណែកបុរសរងគ្រោះជាប្តី មានឈ្មោះ អៀង ដាវីន អាយុ២៧ឆ្នាំ។ ប្តីប្រពន្ធ១គូនេះ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធ ទើបនឹងត្រឡប់មកពីផ្សារទិញម្ហូប លុះគ្រាន់តែត្រឡប់មកដល់ផ្ទះវិញ បុរសជាប្តីបានសួរប្រពន្ធថា ទៅផ្សារទិញម្ហូបអស់លុយប៉ុន្មាន ទើបប្រពន្ធប្រាប់ថា អស់លុយជិត១ម៉ឺនរៀល ស្រាប់តែប្តីក៏បានរអ៊ូរទាំ សួរនាំចុះឡើងៗ រហូតបង្កជាទំនាស់ឈ្លោះប្រកែកគ្នាទៅវិញទៅមក។ បន្ទាប់មក ដោយសារតែមានកំហឹងខ្លាំង ទើបបុរសជាប្តីបានស្ទុះទៅវាយប្រពន្ធ១ដៃ ធ្វើឱ្យប្រពន្ធដែលកាន់កាំបិតចុងស្រួចជាប់ដៃស្រាប់ទប់កំហឹងមិនជាប់ ក៏ជ្រុលចាក់ប្តី១កាំបិត បណ្តាលឱ្យធ្លាយពោះផ្នែកខាងឆ្វេង។

តាមសម្តីស្ត្រីសង្ស័យជាប្រពន្ធ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ប្តីរបស់នាងពូកែប្រចណ្ឌខ្លាំងណាស់ ហើយជារឿយៗ ប្តីរូបនេះតែងវាយធ្វើបាបនាងជាញឹកញាប់ លុះមកដល់ថ្ងៃកើតហេតុ គ្រាន់តែនាងទៅផ្សារទិញម្ហូបអស់ជាង១ម៉ឺនរៀល ស្រាប់តែប្តីផ្ទុះកំហឹងរករឿងឈ្លោះ និងបានស្ទុះមកវាយនាង ធ្វើឱ្យនាងកាន់កាំបិតជាប់ដៃជ្រុលចាក់ប្តី១កាំបិត ដើម្បីការពារខ្លួន ទើបបណ្តាលឱ្យប្តីរងរបួសបែបនេះតែម្តង តែបើប្តីមិនរងរបួសទេ នាងច្បាស់ជាត្រូវប្តីវាយទ្រមខ្លួនមិនខាន។

ក្រោយកើតហេតុ បុរសរងគ្រោះជាប្តីត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះជីវិត។ ចំណែកស្ត្រីសង្ស័យជាប្រពន្ធ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណំុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES