Monday, September 29, 2025
Homeព័ត៌មានជាតិម៉េចបានធ្វើរឿងចឹង!!! ធ្វើឲ្យក្រុមគ្រួសារនិងអ្នកជិតខាងសោកស្តាយជាខ្លាំង

ម៉េចបានធ្វើរឿងចឹង!!! ធ្វើឲ្យក្រុមគ្រួសារនិងអ្នកជិតខាងសោកស្តាយជាខ្លាំង

ភ្នំពេញ ៖ យុវជនម្នាក់អាយុទើប១៧ឆ្នាំ ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅលើផ្ទះ ទាំងមិនដឹងហេតុផល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

 

ជនរងគ្រោះមាន ឈ្មោះ ផាត ភ័ក្ត្រា ហៅពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ សិស្សរៀនជួសជុលទូរស័ព្ទ នៅសាលាភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ជនរងគ្រោះមានឪពុកឈ្មោះ យិន សុផាត អាយុ៦០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានម្តាយឈ្មោះ សោម នាង អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ មានកូនចំនួន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) ជនរងគ្រោះជាកូនពៅទី៤ ។

តាមសម្តីម្តាយជនរងគ្រោះ បានអះអាងថា កូនប្រុសពៅរបស់គាត់រស់នៅក្នុងគ្រួសារ មិនដែលមានមាត់តូចមាត់ធំ ល្អក់កករក្នុងគ្រួសារ ហើយមិនដែលឲ្យឪពុកម្តាយព្រួយបារម្ភ ចេញតែពីផ្ទះទៅសាលា ចេញពីសាលាមកផ្ទះ មិនដែលធ្វើឲ្យក្រុមគ្រួសារពិបាកចិត្តឡើង ការងារក្នុងផ្ទះចេះដូចកូនស្រី។

ប្រភពបន្តទៀតថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញ កូនប្រុសរូបនេះសុំលុយ៥ពាន់រៀល ទៅសាលារៀនជួសជុលទូរស័ព្ទ លុះដល់រសៀល ទើបមកផ្ទះវិញ ហូបបាយរួច ឡើងទៅលើផ្ទះដេកលេងហ្គេមធម្មតា សមាជិកគ្រួសារមិនមានអ្នកណាចាប់អារម្មណ៍នោះទេ លុះរហូតដល់វេលាម៉ោង៦ព្រលប់ទៅហើយ ទោះហៅកូនចុះមកហូបបាយ កូនគ្រាន់តែប្រាប់ថា មិនទាន់ហូប ហើយក៏មិនចាប់អារម្មណ៍ រហូតដល់យប់នាំគ្នាចូលសម្រាករៀងខ្លួនអស់ទៅ តែមានចៅប្រុសម្នាក់អាយុ៤ឆ្នាំ ឡើងទៅដេកលើផ្ទះជាមួយជនរងគ្រោះដូចសព្វដង លុះរហូតដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ចៅប្រុសដែលដេកជាមួយ ឈឺចុះនោម បានដាស់ជនរងគ្រោះឲ្យជូនទៅបន្ទប់ទឹក តែមិនឃើញ បានធាក់ទន្រ្ទាំជើង ទើបគាត់ជាម្តាយដេកសម្រាកនៅក្រោមភ្ញាក់ឡើងទៅមើល ស្រាប់តែប្រទះឃើញកូនប្រុសចងកសម្លាប់ខ្លួនទៅវិញ ទើបនាំគ្នាឆោឡោ ស្រាយចំណងទម្លាក់ដាក់ចុះមកក្រោម បំណងដឹកយកទៅសង្រ្គោះ តែហួសពេលទៅហើយ ផ្អើលដល់អ្នកជិតខាងមកជួយពិនិត្យមើល ពិតជាស្លាប់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលតែម្តង ។

តាមអ្នកក្បែរខាងបានឲ្យដឹងថា ក្មេងរងគ្រោះរស់នៅក្នុងសង្គមគ្រួសារមិនដែលឲ្យឪពុកម្តាយ អ្នកជិតខាងព្រួយបារម្ភ ចរិតដូចមនុស្សស្រី ស្តាយណាស់ មិនគួរណាដាច់ចិត្តចងកសម្លាប់ខ្លួន ទាំងក្រុមគ្រួសារមិនដឹងហេតុផលបែបនេះទៅវិញ ។

សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញខណ្ឌពោធិ័សែនជ័យ ចុះទៅពិនិត្យកោសលវិច័យរួច ឃើញថាពិតជាចងកសម្លាប់ដោយខ្លួនឯង ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ ទើបសមត្ថកិច្ចប្រគល់សាកសពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES