ភ្នំពេញ ៖ មន្ត្រីនគរបាលស្នងការរាជធានីភ្នំពេញម្នាក់ ផឹកស៊ីស្រវឹងចូលទៅអុកឡុកនៅក្នុងផ្សារសូរិយាម៉ល ដើរចេញមកវិញបាត់កូនសោម៉ូតូ ផ្ទុះកំហឹងច្រានយុវជនម្នាក់ដួលបោកក្បាលទៅបុកទូរកញ្ចក់ដាក់ស្បែកជើង បណ្តាលឲ្យរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៧៤ នៅចំណុចក្រោយចំណតរថយន្តផ្សារសូរិយាម៉ល ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមន្រ្តីនគរបាលម្នាក់ ពាក់ឯកសណ្ឋាន ជិះម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BV-5327 បានឈប់ម៉ូតូនៅចំណតរថយន្តខាងក្រោយ រួចចូលទៅក្នុងផ្សារសូរិយាម៉ល ហើយខឹងថា បាត់សោម៉ូតូ ក៏ច្រានយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យដួលបោកចំទូកញ្ចក់ដាក់ស្បែកជើង រងរបួសស្រាល ។
បើតាមប្រភពពត៌មានពីសន្តិសុខដែលយាមនៅក្នុងផ្សារសូរិយាម៉ល បានប្រាប់ថា មន្រ្តីនគរ
បាលខាងលើនេះស្រវឹងស្រា ហើយចូលមកអុកឡុកគេឯង នឹងធ្វើឲ្យបាត់សោម៉ូតូខ្លួនឯង រួចហើយដើរចោទគេឯងទៅវិញ ។
ក្រោយពេលកើតហេតុ ឪពុករបស់មន្ត្រីនគរបាលរូបនោះ បានមកដោះស្រាយដោយជួយចេញសងទៅឲ្យខាងម្ចាស់ទូកញ្ចក់ចំនួន 50$ និងអ្នករងរបួសចំនួន 50$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕