ភ្នំពេញ ៖ ជនឆបោកម្នាក់ជាងសំណង់ ត្រូវសាច់ញាតិប្រទះឃើញ បន្ទាប់ពីម៉ៅការជួសជុលផ្ទះហើយ បើកលុយជិតអស់ទៅហើយ ធ្វើផ្ទះនៅតែមិនរួចរាល់ ក៏បានឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅ ប្រគល់ឲ្យសមត្ថកិច្ចសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខខារ៉ាអូខេឌីយ៉ាម៉ង់ តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនឆបោកមានឈ្មោះ សន សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ លឹម ណាង អាយុ៣៨ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ និងឈ្មោះ សោម សុខុន មុខរបរនៅផ្ទះ ស្នាក់នៅខាងលើ មានស្រុកកំណើតនៅស្រុកក្រគរ ខេត្តពោធិសាត់ អ្នកទាំង២ជាប្តប្រពន្ធនឹងគ្នា។
តាមប្រភពព័ត៌មានពីឈ្មោះ លឹម ណាង ត្រូវជាម្ចាស់ផ្ទះ បានឲ្យដឹងថា គាត់បានជួលជនឆបោកដែលជាជាសំណង់បានម៉ៅការធ្វើផ្ទះ ដោយមានកិច្ចសន្យារយៈពេល១ខែ ធ្វើឲ្យរួចរាល់ក្នុងតម្លៃចំនួន២៦០០ដុល្លារ។ ក្នុងនោះម្ចាស់ផ្ទះបានកក់លុយមុនចំនួន៦០០$ ជនឆបោកបានចាប់ផ្តើមផ្ទះនៅថ្ងៃទី១៤ ខែកញ្ញា ខណៈពេលចូលធ្វើបានជាងកន្លះខែ ជនឆបោកបានសុំបើកលុយចំនួន៥០០$ ឲ្យកម្មករសំណង់ រួចហើយគេចខ្លួនមិនចូលធ្វើការទេ ទាល់តែយកលុយទៅចាយវាយអស់ អត់មានលុយបើកលុយឲ្យកូនជាងទេ ។ បន្ទាប់មកជនឆបោកបានយកលួចយកម៉ាស៊ីនស្វានវីសរបស់គេទៅបញ្ចាំចំនួន២លើកទៀត លើកទី១ បញ្ចាំ១០០ដុល្លារ លើកទី២ បញ្ចាំ៨០ដុល្លារ ដោយឃើញជនឆបោកដែលជាជាងអត់មានឧបករណ៍សម្រាប់ធ្វើផ្ទះរបស់គាត់ ទើបគាត់យកប្រាក់ទៅលស់យកមកវិញ ហើយជនឆបោកនៅតែមិនព្រមធ្វើផ្ទះរបស់គាត់ឲ្យរួចរាល់ទៀត ទើបគាត់សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ ឲ្យជួយអន្តរាគមន៍ ។ លុះនៅយប់ថ្ងៃទី១៤ ខែ វិច្ឆិកា គាត់បានប្រទះឃើញជនឆបោកឈរនៅមុខខារ៉ាអូខេឌីយ៉ាម៉ង់ នៅតាមផ្លូវវេងស្រេង ក៏បានឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅសួរនាំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិចោមចៅ២ កសាងសុំណុំរឿងបញ្ជូនបន្តទៅជំនាញផ្នែកព្រហ្មទណ្ឌ ចាត់ការតាមច្បាប់ ៕