Monday, September 29, 2025
Homeព័ត៌មានជាតិខឹងសង្សារចាស់តាមរំខានសុំរួមរ័ក និងបង្ខំឲ្យលែងប្តី ជួលឃាតករបាញ់សម្លាប់

ខឹងសង្សារចាស់តាមរំខានសុំរួមរ័ក និងបង្ខំឲ្យលែងប្តី ជួលឃាតករបាញ់សម្លាប់

ខេត្តកណ្តាល ៖ ក្រោយពីសមត្ថកិច្ចជំនាញស្រាវជ្រាវបំបែកសំណុំរឿងក្តីឃាតកម្មបាញ់សម្លាប់ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ ជាមេឃាតករស៊ីឈ្នួលសម្លាប់មនុស្សរួចមក ស្រាប់តែបែកធ្លាយនូវដើមហេតុពិតប្រាកដថា តាមពិតករណីឃាតកម្មដ៏ឃោរឃៅនេះ កើតឡើងដោយសារតែស្ត្រីម្នាក់ត្រូវសង្សារចាស់ ដែលធ្លាប់ទាក់ទងស្រលាញ់គ្នាតាំងពីវ័យក្មេង បានតាមមករំខានមិនឈប់ ដោយសុំរួមរ័កផង បង្ខំឱ្យលែងប្តីចោលផង ទើបធ្វើឱ្យស្ត្រីរូបនោះខឹងទ្រាំលែងបាន បែរជាជួលឃាតករបាញ់សម្លាប់អតីតសង្សារនោះចោលតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ មានករណីបាញ់សម្លាប់មួយ បានកើតឡើងនៅចំណុចមាត់ច្រាំងព្រែកដូង ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល។ តាមការស្រាវជ្រាវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេង ឡា ភេទស្រី អាយ៣៩ឆ្នាំ មុខរបរកសិករ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិពោធិរៀងត្បូង ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង (ជាជនផ្តើមគំនិត) ជួលឃាតករឈ្មោះ ហ៊ាប ធី មកសម្លាប់ជនរងគ្រោះឈ្មោះសោ សុជាតិ ហៅជ័រ។

បន្ទាប់មក កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងខេត្តសៀមរាម បានឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្នាក់នៅបណ្តោះអាសន្ន ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាម ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះហ៊ាន ធី ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅចំណុចអណ្តូង៣ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីជនសង្ស័យឈ្មោះហ៊ាប ធី និងបក្សពួកបោកគ្រាប់បែក ចំនួន២គ្រាប់ និងបាញ់តបតជាមួយសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តសៀមរាម និងខេត្តឧត្តរមានជ័យ នៅចំណុចផ្ទះឈ្មោះជា ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមក ដែលបណ្តាលឱ្យនាយអាវុធហត្ថខេត្តសៀមរាបម្នាក់ ត្រូវរបួសកំភួនជើង និងកំប៉េះគូថ។

ជនសង្ស័យត្រូវបានបញ្ជូនពីខេត្តឧត្តរមានជ័យ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី។

 

ពាក់ព័ន្ធនឹងករណីបោកគ្រាប់បែក និងបាញ់តបតជាមួយសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១- ឈ្មោះអ៊ាន ឡៃ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ (ប្រពន្ធឃាតករ) មានលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីឱ្យកូនយកគ្រាប់បែកដែលប្តីលាក់ទុកនៅផ្ទះទៅឱ្យឪពុកជាជនសង្ស័យ។ ទី២-ឈ្មោះវុធ លាងតេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ (កូនឃាតករ) មានលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីយកគ្រាប់បែកទៅឱ្យឪពុកជាជនសង្ស័យ។

ក្រោយពីបំបែកសំណុំរឿងក្តីឃាតកម្មខាងលើរួចមក សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឱ្យដឹងជុំវិញដំណើររឿងហេតុថា ដំបូងឡើយជនរងគ្រោះឈ្មោះសោ សុជាតិ ហៅជ័រ ធ្លាប់មានស្នេហានឹងគ្នាជាមួយជនសង្ស័យឈ្មោះខេង ឡា កាលនៅយុវវ័យ។ ក្រោយមកអ្នកទាំងពីរក៏រៀបការ មានគ្រួសារ និងមានកូនរៀងៗខ្លួន ប៉ុន្តែជនរងគ្រោះនៅតែព្យាមតាមស្រឡាញ់ជនសង្ស័យដដែល ព្រមទាំងបាននិយាយបញ្ចុះបញ្ចូលលួងលោមជនសង្ស័យម្តងហើយម្តងទៀត ឱ្យលែងលះជាមួយប្តី និងឱ្យដាក់ថ្នាំបំពុលសម្លាប់ប្តី ជាដើម…៘ ហើយការដើរហើរទៅណាមកណារបស់ជនសង្ស័យ គឺជនរងគ្រោះចេះតែព្យាយាមតាមរហូត មានពេលខ្លះទៀត ប្តីជនសង្ស័យមិននៅផ្ទះ ជនរងគ្រោះក៏ឆ្លៀតឱកាសផ្លោះរបងចូលទៅរកជនសង្ស័យ ដើម្បីលួងលោមសុំរួមភេទទៀតផង។ ប៉ុន្តែយ៉ាងណាក្តី ជនសង្ស័យមិនយល់ព្រមឡើយ ធ្វើឱ្យជនរងគ្រោះរឹតតែតាម និងកាន់តែប្រចណ្ឌជនសង្ស័យខ្លាំងឡើងៗ ព្រមទាំងគំរាមជនសង្ស័យមិនឱ្យប្រាប់រឿងនេះឱ្យអ្នកណាដឹងទេ ជាហេតុធ្វើឱ្យជនសង្ស័យពុំមានសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ។

ដោយសារមានគំនាបពីជនរងគ្រោះខ្លាំងពេក ហេតុនេះហើយជនសង្ស័យមានគំនិតចង់សម្លាប់ជនរងគ្រោះចោល និងសម្រេចចិត្តទៅសុំលេខទូរស័ព្ទរបស់ឃាតករជាជនដៃដល់ ឈ្មោះហ៊ាប ធី សុំពីឈ្មោះហ៊ាប ប៊ុនហ៊ាន ហៅស រស់នៅក្នុងភូមិជាមួយគ្នា រួចបានណាត់ជួបនិយាយត្រូវរ៉ូវគ្នាជាមួយឃាតករ ឈ្មោះហ៊ាប ធី ក៏រៀបចំគំរោងផែនការឡើងដើម្បីសម្លាប់ជនរងគ្រោះចោលតែម្តង។

នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះ ខេង ឡា បានជិះម៉ូតូទៅដឹកជនសង្ស័យឈ្មោះ ហ៊ាប ធី នៅតាមផ្លូវ ហើយបានជិះទៅកន្លែងកើតហេតុ រង់ចាំជនរងគ្រោះឈ្មោះសោ សុជាតិ ហៅជ័រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យសត្វ និងម៉ៅផ្លៃស្វាយ មានលំនៅក្នុងភូមិពោធិរៀងត្បូង ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង។ លុះដល់រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះខេង ឡា បានទូរស័ព្ទហៅជនរងគ្រោះមកជួបគ្នា ដោយបញ្ឆោតឱ្យជនរងគ្រោះមកជួយមើលទិញដីចម្ការស្វាយមួយកន្លែង បន្ទាប់មកជនរងគ្រោះក៏បានជិះម៉ូតូ១គ្រឿង ចេញពីផ្ទះនៅស្រុកពោធិរៀង ខេត្តព្រៃវែង មកយកជនសង្ស័យជាឃាតករនៅតាមផ្លូវ រួចចេញដំណើរមកចាំនៅចំណុចកើតហេតុមុន។ មួយសន្ទុះក្រោយមកនៅវេលាមុនពេលកើតហេតុបន្តិច (ជនសង្ស័យឈ្មោះហ៊ាប ធី) និងជនរងគ្រោះក៏បានជួបគ្នា ហើយនៅពេលដែលជនរងគ្រោះកំពុងឈរនិយាយភ្លេចខ្លួន ជនសង្ស័យជាឃាតករក៏បានទាញអាវុធខ្លី ម៉ាក K59 (ប្រើគ្រាប់ឡុកឆ្នៃ) បាញ់ចំក្បាលជនរងគ្រោះ១គ្រាប់ ពីក្រោយ១គ្រាប់ បណ្តាលឱ្យជនរងគ្រោះដួលផ្កាប់មុខស្លាប់ភ្លាមៗ បន្ទាប់មក ជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅខេត្តសៀមរាប បាត់ស្រមោលតែម្តង។

បច្ចុប្បន្នទាំងស្ត្រីសង្ស័យដែលជាអ្នកជួលឃាតករបាញ់សម្លាប់អតីតសង្សារ រួមនិងជនដៃដល់ជាមេឃាតករស៊ីឈ្នួល ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES