Monday, September 29, 2025
Homeព័ត៌មានជាតិចៅសង្កាត់អូរចារ សិុន ចាន់ពៅរ៉ូហ្សិត ថ្លែងលាទាំងទឹកភ្នែក

ចៅសង្កាត់អូរចារ សិុន ចាន់ពៅរ៉ូហ្សិត ថ្លែងលាទាំងទឹកភ្នែក

ខេត្តបាត់ដំបង ៖ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សិត ចៅសង្កាត់ក្រមុំ គណបក្សសង្គ្រោះជាតិ ដែលទើបនឹងត្រូវតុលាការកំពូលប្រកាសសាលដីកា សម្រេចរំលាយជាស្ថាពរ និងបិទផ្លូវតវ៉ា កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានថ្លែងលាពីតួនាទីតំណែងជាចៅសង្កាត់អូរចារ ទាំងទឹកភ្នែក តែកញ្ញាបានអះអាងថា ទឹកភ្នែករបស់នាងដែលស្រក់នេះ គឺមិនមែនស្តាយស្រណោះតំណែង ឬបុណ្យស័ក្តិអ្វីទេ តែស្រណោះដល់បេះដូង ឧត្តមគតិ ព្រមទាំងសេចក្តីស្រលាញ់របស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចារ។

កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សិត បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា  “ថ្ងៃនេះពលរដ្ឋស្រក់ទឹកភ្នែកដើម្បីពួកខ្ញុំ ខ្ញុំពិតជាមិនស្តាយស្រណោះតំណែងតួនាទី បុណ្យសក្តិ ប្រាក់បៀរវត្សក្នុងនាមចៅសង្កាត់អូរចារនេះទេ ប៉ុន្តែអ្វីដែលខ្ញុំស្តាយស្រណោះ ខ្ញុំរន្ធត់ ខ្ញុំស្រក់ទឹកភ្នែកថ្ងៃនេះ ក៏ព្រោះតែខ្ញុំនឹកស្រណោះបេះដូង ឧត្តមគតិ និងសេចក្តីគោរពស្រលាញ់របស់ពលរដ្ឋនៅក្នុងសង្កាត់អូរចារ ចំពោះរូបខ្ញុំ ក៏ដូចជាគណបក្សសង្គ្រោះជាតិទាំងមូល។

តើបងប្អូនជនរួមជាតិ បានដឹងទេថា ថ្ងៃនេះ ទាំងប្រជាពលរដ្ឋដែលឈរនៅខាងស្តាំដៃខ្ញុំ និងទាំងពលរដ្ឋនៅក្នុងភូមិ គាត់បានអង្គុយក្នុងផ្ទះគ្រប់ៗគ្នា ហើយសម្រក់ទឹកភ្នែកសម្តែងនូវការសោកស្តាយនូវការបាត់បង់មន្ត្រីជាទីស្រលាញ់ និងគណបក្សជាទីគោរពរបស់ពួកគាត់គ្រប់ៗគ្នា។

ម៉ោងនេះថ្ងៃនេះ ខ្ញុំបានចេញពីសាលាសង្កាត់មកអង្គុយជុំគ្នាជាមួយសហការីរបស់ខ្ញុំនៅក្នុងផ្ទះរបស់ខ្ញុំ ប៉ុន្តែមិនមានតែពួកខ្ញុំដែលកំពុងអង្គុយជជែកគ្នានេះទេ គឺមានពលរដ្ឋមកពីបណ្តាលគ្រប់ភូមិក្នុងសង្កាត់អូរចារ បន្តជួរគ្នាមកសួរសុខទុក្ខ និងលើកទឹកចិត្តយើងខ្ញុំ ជាមួយនិងការប្តេជ្ញាចិត្តថា “ពួកយើងជាពលរដ្ឋនៅអូរចារ នៅជាមួយរ៉ូហ្ស៊េត ជារៀងរហូត ទោះរ៉ូហ្ស៊េត មានតំណែងជាចៅសង្កាត់ ឬគ្មានតំណែងជាចៅសង្កាត់ តែសុំតែមួយម៉្យាងគត់ គឺកុំឱ្យរ៉ូហ្ស៊េត ទៅណា គឺយើងខ្ញុំក្នុងនាមប្រជាពលរដ្ឋអូរចារ ទាំងមូលសុខចិត្តធ្វើស្រែ ធ្វើចម្ការ ធ្វើកម្មករ និងធ្វើកិច្ចការស្របច្បាប់ទាំងឡាយណា ដើម្បីស្វែងរកថវិកាចិញ្ចឹម រ៉ូហ្ស៊េត និងសហការីមួយផ្នែករបស់រ៉ូហ្ស៊េត”។ “ជយោ! ប្រជាពលរដ្ឋអូរចារដ៏អង់អាចក្លាហាន!” បាត់ដំបង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧…”។

ជាមួយនេះ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សិត បានថ្លែងនៅចំពោះមុខលោកអភិបាលរងក្រុងបាត់ដំបង ដែលកញ្ញាបានអះអាងថា បានចុះទៅដកយកត្រាចៅសង្កាត់ ដោយខុសនឹងនីតិវិធីរដ្ឋបាលថា “ខ្ញុំរ៉ូហ្សិត ខ្ញុំចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខ្ញុំបានជាប់ឆ្នោតដោយប្រជាពលរដ្ឋបោះឆ្នោតឱ្យ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតលើសលប់ យើងបានទទួលអាសនៈ១១ យើងបានទទួលសន្លឹកឆ្នោតចំនួន៥០៥៦សន្លឹក នៅក្នុងសង្កាត់អូរចារ ដោយក្នុងនោះយើងបាន៧អាសនៈ ក្នុងរយៈពេលកន្លងមក គឺយើងបានបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ រហូតជាប្រវត្តិអត់ដែលមានចៅសង្កាត់ណា ខ្ញុំមិនដឹងថានៅទូទាំងប្រទេស ដូចសង្កាត់អូរចារទេ ខ្ញុំអង្គុយសរសេរសៀវភៅអត្រានុកូលដ្ឋានដោយខ្លួនឯង ដល់ម៉ោង៩យប់ ដល់ម៉ោង១០យប់ ដើម្បីសេវារដ្ឋបាលពលរដ្ឋអូរចារ ដោយក្នុងនោះ មានការបង្កលក្ខណៈលំបាក ស្មៀនខ្ញុំធ្វើការជិត៤ខែ អត់មានលុយរដ្ឋបាលសង្កាត់ សូម្បីតែ១០០រៀល ហើយមិនមែនរដ្ឋាភិបាលមិនទម្លាក់លុយឱ្យទេ គឺរដ្ឋាភិបាលបានទម្លាក់លុយមកតាមរតនាគារ ប៉ុន្តែដោយចៅសង្កាត់ចាស់ និងស្មៀនដែលបានបើកលុយបុរេប្រទានជុំទី១ ហើយមិនបានទូទាត់របាយការណ៍ឱ្យទៅខាងរតនាគារ ខ្ញុំចង់ដកលុយជុំទី២ គឺអត់បានទេ បងប្អូន គឺខ្ញុំតែងតែប្រើប្រាស់នូវថវិកាផ្ទាល់ខ្លួនបង់ថ្លៃភ្លើង ខ្ញុំតែងតែប្រើប្រាស់នូវថវិក ផ្ទាល់ខ្លួនក្នុងការកូពីឯកសារ ខ្ញុំតែងតែប្រើប្រាស់នូវថវិកាខ្លួនឯង ក្នុងការរៀបចំសង្កាត់ឱ្យមានសណ្តាប់ធ្នាប់ តែខ្ញុំគួរឱ្យសោកស្តាយបំផុត ដែលយើងមានព្រឹត្តិការណ៍នយោបាយថ្មីៗនេះ ដែលធ្វើឱ្យពួកខ្ញុំមានការប្រឈមសព្វបែបយ៉ាងទាំងអស់ តាំងពីការដែលខ្ញុំអភិវឌ្ឍន៍ ទាំងការខ្ញុំខិតខំរកជំនួយមកជួយដល់បងប្អូននៅសង្កាត់អូរចារ ទាំងចាស់ជរា ទាំងក្មេងកំព្រា ទាំងការអភិវឌ្ឍ នាំនូវការរីកចម្រើននៅក្នុងសង្កាត់អូរចារ ដោយក្នុងនោះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំចូលមក ខ្ញុំបានឃើញនូវសម្បត្តិឃុំ-សង្កាត់ ដែលមានកៅអីជ័រតែ១៣ទេ តែក្រោមការដឹកនាំរបស់ខ្ញុំប៉ុន្មានខែនេះ គឺយើងបានថែមកៅអីជ័រ តែប៉ុន្មានខែទេ បានថែមកៅអីជ័រ៣០ ទូ១ ហើយយើងបានបន្ថែម ពីមុនមានកុំព្យូទ័រ១គ្រឿងរបស់សង្កាត់ តែកុំព្យូទ័រហ្នឹង ប្រើប្រាស់អត់បានទេ ព្រីនក៏អត់បានដែរ សុទ្ធតែសម្ភារៈដែលខូច ប៉ុន្តែវានៅក្នុងបញ្ជីសារពើភ័ណ្ឌ តែឥឡូវនេះ យើងបានបន្ថែមនូវកុំព្យូទ័រ២គ្រឿង ម៉ាស៊ីនព្រីន១ បន្ថែមទៀត កង្ហារទាំងនៅខាងក្រោម ទាំងនៅប្រជុំ ហើយនិងតុរបស់ខ្ញុំដែលរៃលុយុគ្នាទិញឱ្យខ្ញុំ គឺខ្ញុំអត់យកចេញទាំងអស់ កៅអីទាំងអស់ហ្នឹង ខ្ញុំអត់ប៉ះពាល់ ខ្ញុំអត់អីទេ ខ្ញុំទុកឱ្យគេធ្វើការបន្តការងារបន្តទៅទៀតចុះ  តែសម្រាប់ខ្ញុំ ខ្ញុំត្រូវការតែភាពស្អាតស្អំរបស់ពួកខ្ញុំ សេចក្តីថ្លៃថ្នូររបស់មនុស្ស ខ្ញុំត្រូវការកិត្តិយស ខ្ញុំមិនមែនយកតំណែងចៅសង្កាត់មកធ្វើជាអាជីវកម្មរកលុយទេ បងប្អូនអូរចារដឹងច្បាស់ណាស់ អ្នកខ្លះមកយំសុំលុយ ចាស់ខ្វះខាតទៅមន្ទីរពេទ្យ អ្នកខ្លះគ្នារកតែបាយញ៉ាំពុំមាន អ្នកខ្លះកូនឈឺ គឺពួកគាត់តែងតែសំដៅមករកនាងខ្ញុំ ក្នុងនាមជាចៅសង្កាត់ក្នុងនាមជាម៉ែឪរបស់ពួកគាត់ ហើយខ្ញុំតែងចាត់ទុកខ្លួនឯងជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ទោះបីខ្ញុំនៅសល់ពេលប៉ុន្មាននាទី សម្រាប់សង្កាត់អូរចារ សម្រាប់ទីតាំងនេះ តែខ្ញុំមិនបំភ្លេចពលរដ្ឋអូរចារទេ សូមពលរដ្ឋអូរចារ មានការអី ទំនាក់ទំនងទៅខ្ញុំ អ្វីដែលខ្ញុំអាចជួយបានក្នុងលក្ខណៈជាខ្មែរដូចគ្នា ក្នុងលក្ខណៈជាពលរដ្ឋខ្មែរ ក្នុងលក្ខណៈដែលធ្លាប់ស្គាល់ លោកតា លោកយាយ អ៊ំ ពូមីង អូរចារ សូមបន្តទំនាក់ទំនងខ្ញុំបន្តទៀត បើមានការខ្វះខាតអី ខ្ញុំនឹងបន្តជួយទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន ហើយពួកយើងដែលខិតខំបម្រើប្រជាពលរដ្ឋ មិនបោះបង់ចោលពលរដ្ឋអូរចារ ទេ យើងនៅកៀកនៅជិតពលរដ្ឋអូរចារជានិច្ច ដូច្នេះសូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំង អស់កុំអស់សង្ឃឹម សន្លឹកឆ្នោតរបស់លោកតា លោកយាយ អ៊ំពូមីង គឺមានន័យសម្រាប់ពួកខ្ញុំណាស់ ទោះបីពួកខ្ញុំមានឱកាសបម្រើលោកតា លោកយាយ រយៈពេលខ្លីក៏ដោយ ហើយយើងនឹងជួបគ្នាវិញក្នុងពេលឆាប់ៗនេះ នៅពេលដែលព្រឹត្តិការណ៍នយោបាយត្រឡប់មកជាធម្មតាវិញ ខ្ញុំនឹងមកបម្រើប្រជាពលរដ្ឋនៅអូរចារ សាជាថ្មីម្តងទៀត ហើយសូមបងប្អូនទាំងអស់គ្នា ត្រៀមទាំងអស់គ្នា នៅឆ្នាំ២០១៨ យើងនឹងផ្លាស់ប្តូរតាមរយៈការបោះឆ្នោត សន្លឹកឆ្នោតរបស់បងប្អូន គឺមានន័យសម្រាប់ពួកខ្ញុំដែលមានឆន្ទៈ ចង់បម្រើប្រជាពលរដ្ឋ លុយអាចទិញទំនិញវត្ថុបានតួនាទី អាចដោះដូរនឹងមនុស្សមួយចំនួន ដែលមានការត្រេកត្រអាល ប៉ុន្តែសម្រាប់ពួកខ្ញុំ អត់មានន័យទេ ពួកខ្ញុំស្រលាញ់ពលរដ្ឋ ពួកខ្ញុំត្រូវការឱកាសសម្រាប់បម្រើប្រជាពលរដ្ឋ…”។

ដោយឡែក នៅខណៈពេលដើរចេញផុតពីបរិវេណសាលាសង្កាត់អូរចារ កញ្ញាចៅសង្កាត់ក្រមុំ ស៊ិន ចាន់ពៅរ៉ូហ្សិត បានថ្លែងទាំងទឹកភ្នែកថា “ខ្ញុំរ៉ូហ្ស៊េត ចៅសង្កាត់ដែលជាប់ឆ្នោតចេញពីឆន្ទៈពលរដ្ឋ ហើយថ្ងៃនេះ ខ្ញុំលាបងប្អូនហើយ លាមួយរយៈ ហើយខ្ញុំនឹងវិលមកជួបបងប្អូនអូរចារ មកបម្រើប្រជាពលរដ្ឋអូរចារ យើងទាំងអស់គ្នា អត់ក្បត់ឆន្ទៈពលរដ្ឋទេ យើងទាំងអស់គ្នាស្មោះត្រង់ជាមួយពលរដ្ឋ ព្រោះយើងយកគំរូតាមព្រះបាទជ័យវរ្ម័នទី៧ ហើយសូមអរគុណបងប្អូន តស៊ូទាំងអស់គ្នា សូមឱ្យបងប្អូននៅអូរចារ កុំអស់សង្ឃឹម សូមកុំអស់សង្ឃឹមឱ្យសោះ អំពើល្អរបស់ពួកខ្ញុំនឹងនៅឋិតថេរជាមួយបងប្អូននៅអូរចារ កុំអស់សង្ឃឹម ពួកខ្ញុំនឹងប្រឹងប្រែងបន្តទៀត ពួកខ្ញុំមិនលក់សន្លឹកឆ្នោតរបស់បងប្អូន ពួកខ្ញុំអត់ក្បត់ឆន្ទៈបងប្អូនអូរចារ ទេ ពួកខ្ញុំនឹងតស៊ូដល់ដំណាក់កាលចុងក្រោយ តស៊ូដោយអហិង្សា តស៊ូដោយសន្តិវិធី តស៊ូដរាបណាមានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈសន្លឹកឆ្នោតបងប្អូនម្តងទៀត អរគុណច្រើន ហើយខ្ញុំនៅតែជួយបងប្អូននៅអូរចារ ទឹកដីអូរចារ គឺជាទឹកដីដែលបណ្តុះស្មារតីរបស់ខ្ញុំ ឱ្យចេះស្រលាញ់ប្រជាពលរដ្ឋ ឱ្យចេះជួយអ្នកក្រីក្រ ពលរដ្ឋអូរចារ គឺនៅក្នុងបេះដូងខ្ញុំជានិច្ច ខ្ញុំនឹងប្រឹងប្រែងបន្តទៀត ហើយយើងនឹងទំនាក់ទំនងជាមួយគ្នាបន្តទៀត អរគុណហើយ សូមជូនពរលោកតាលោកយាយ អ៊ំពូមីងទាំងអស់ ដែលបានបោះឆ្នោតឱ្យយើងខ្ញុំ ដែលមកពីគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតយ៉ាងលើសលប់នៅក្នុងសង្កាត់អូរចារ អំពើល្អនឹងឈ្នះអំពើអាក្រក់ យុត្តិធម៌នឹងឈ្នះអយុត្តិធម៌ ពួកផ្តាច់ការ បងប្អូន មិនឋិតថេរទេ គ្មានអ្នកណាដែលមានជីវិតអមតៈទេ ហើយយើងនឹងរក្សាភាពស្មោះត្រង់ នៅជាមួយបងប្អូនអូរចារ សុទ្ធតែអ្នកក្រ ពួកយើងសុទ្ធតែជាអ្នកក្រ ប៉ុន្តែយើងមានចិត្ត យើងមានបេះដូងជាខ្មែរ អរគុណច្រើន ខ្ញុំសុំយកតែរបស់នេះមួយទេ…”។

គួរបញ្ជាក់ថា តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសសាលដីកាសម្រេចរំលាយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) និងសម្រេចផ្អាកសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។

ប្រធានតុលាការកំពូល លោកឌិត មុន្ទី បានបញ្ជាក់ថា ក្រោយការស្តាប់របាយការណ៍របស់ក្រុមមេធាវីក្រសួងមហាផ្ទៃ និងការពិចារណាតាមផ្លូវច្បាប់ហើយ យល់ឃើញថា បណ្តឹងរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើ់ងត្រឹមត្រូវ ស្របតាមមាត្រា៣៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ នាពេលកន្លងមក តុលាការកំពូល ក៏បានបង្គាប់ឱ្យគណបក្សសង្គ្រោះជាតិ ដាក់សារណាឆ្លើយតបពាក់ព័ន្ធទៅនឹងបណ្តឹងក្រសួងមហាផ្ទៃ ដែលប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ផងដែរ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ហាក់មិនអើពើ មិនដាក់មេធាវី មិនដាក់សារណាតបមកតុលាការកំពូលឡើយ ទើបតុលាការយល់ឃើញថា ភាគីគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្ត បានទទួលស្គាល់នូវកំហុសឆ្គងដែលស្របតាមក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលនៃសវនាការនោះ គឺតុលាការកំពូលបានប្រកាសសាលដីកាសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ដល់មន្ត្រី ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ ដែលសេចក្តីសម្រេចរបស់តុលាការកំពូលនេះ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

RELATED ARTICLES