ខេត្តកណ្តាល ៖ គ្រួសារចំនួន២ រស់នៅជាប់ព្រំដីគ្នា ប៉ុន្តែដោយសារខ្វះការយោគយល់អធ្យាស្រ័យ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នា បណ្តាលឱ្យកើតមានគំនុំគំកួន លុះមានឱកាស ភាគីម្ខាងបានទាញកាំបិតចាក់ប្រហារប្រពន្ធរបស់គូទំនាស់របស់ខ្លួន១កាំបិត បណ្តាលឱ្យធ្លាយថ្ពាល់រងរបួសធ្ងន់។
ករណីចាក់ប្រហារស្ត្រីម្នាក់ បណ្តាលឱ្យធ្លាយថ្ពាល់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ទឹកផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង។
ស្ត្រីរងគ្រោះដែលត្រូវជនដៃដល់ចាក់ធ្លាយថ្ពាល់ ឈ្មោះនុត សុខម៉េង ហៅស្រីស អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះប៉ុន លីហួ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៨ មានទីលំនៅក្នុងភូមិជាមួយគ្នា (ព្រំដីជាប់គ្នា)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ប្តីរបស់ស្ត្រីរងគ្រោះ និងឪពុករបស់ជនដៃដល់ ដែលជាអ្នករស់នៅជិតខាង មានព្រំដីជាប់គ្នាធ្លាប់បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា តឹងសរសៃកដាក់គ្នាពីរឿងព្រំដី តែយ៉ាងណា មិនឈានដល់ការប្រើអំពើហិង្សានោះទេ ប៉ុន្តែជម្លោះនេះបានធ្វើឱ្យជនដៃដល់ជាកូនប្រុសចងគំនុំគំកួនជាមួយនឹងប្តីរបស់ស្ត្រីរងគ្រោះយ៉ាងខ្លាំង។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនដៃដល់ឈ្មោះប៉ុន លីហួ បានបាត់មាន់ឈ្មោលមួយក្បាល ទើបផ្លោះរបងចូលទៅរកមាន់នៅក្បែរផ្ទះរបស់ស្ត្រីរងគ្រោះ ដោយមានកាន់កាំបិត ចិត្តបន្លែ១នៅដៃខាងឆ្វេងផង។ ក្រោយពីរកមាន់ឃើញហើយ ជនដៃដល់ក៏ប្រុងដើរត្រឡប់មកផ្ទះវិញ តែចៃដន្យពេលដើរមកដល់មុខបន្ទប់ទឹក ស្រាប់តែជួបនឹងស្ត្រីរងគ្រោះដែលកំពុងបើកទ្វារចេញពីក្នុងបន្ទប់ទឹក (ភ្លើងអំពូលភ្លឺ) ភ្លាមនោះ ជនដៃដល់ក៏បានធ្វើសកម្មភាពចាក់ប្រហារទៅលើស្ត្រីរងគ្រោះ១កាំបិត ចំថ្ពាល់ខាងស្តាំ បណ្តាលឱ្យធ្លាយថ្ពាល់ហូរឈាមយ៉ាងខ្លាំង។
ក្រោយកើតហេតុ ជនដៃដល់បានឡើងផ្លោះរបងចូលទៅដីរបស់ខ្លួនវិញ រួចក៏បានយកកាំបិតទៅបោះចោលក្នុងទឹកទន្លេបាត់តែម្តង។ ចំណែកស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការសាកសួរព័ត៌មាន និងឈានដល់ការចាប់ខ្លួនជនដៃដល់ខាងលើ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕