ភ្នំពេញ ៖ បុរសម្នាក់មិនដែលស្គាល់ស្ពានលីយ៉ុងផាត់ បានឲ្យមិត្តភក្កិដឹកទៅមើល ត្រូវរថយន្តកុងតឺន័រ ធ្លាក់ទូកុងតឺន័រសង្កត់ពីលើ បណ្តាលឲ្យស្លាប់ ហើយមិត្តភក្កិរងរបួសស្រាល ចំណែករថយន្តកុងតឺន័ររេចង្កូតឡើងលើសួនច្បារពុះចែកផ្លូវ ទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតបើកបញ្រ្ចាសទិសគ្នា បង្កឲ្យកកស្ទះចរាចរណ៍រាប់ម៉ោង ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវកប់ស្រូវ នៅចំណុចគល់ស្ពានលីយ៉ុងផាត់ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះរហូតដល់ស្លាប់ជាអ្នកអង្គុយពីក្រោយ មានឈ្មោះវិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ
ស្នាក់នៅម្តុំក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកអ្នកឌុបមានឈ្មោះ ស៊ិង សុខា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពត៌មានពីជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក FZ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FZ-1970 ធ្វើដំណើរមកតាមបណ្តោយផ្លូវកប់ស្រូវ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 3C-2904 ជាប្រភេទរថយន្តដឹកទូកុងតឺន័រ ធ្វើដំណើរស្របទិសគ្នា បើកចុះមកពីលើស្ពានលីយ៉ុងផាត់ ក្នុងល្បឿនយ៉ាងលឿន ហើយសង្ស័យថា ទូកុងតឺន័ររបូតគន្លឹះ ឬក៏ដាក់ខុសបច្ចេកទេស ស្រាប់តែទូកុងតឺន័របានធ្លាក់មួយចំហៀងកិនចំម៉ូតូជនរងគ្រោះទាំង២នាក់ដោយកិនបុរសដែលអង្គុយពីក្រោយ បណ្តាលឲ្យធ្លាយពោះវៀនស្លាប់ ចំណែកឯអ្នកឌុបខ្ទាតចេញក្រៅរងរបួសស្រាល ភ្លាមៗនោះដែលរថយន្តបង្កមិនទាន់អស់ល្បឿននោះទេ បានអូសទាំងម៉ូតូនៅជាប់ក្រោមទូកុងតឺន័ររេចង្កូតឡើងទៅលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុករថយន្តកុងតឺន័រដឹកដែកមួយគ្រឿងទៀត ដែលបើកបញ្រ្ចាសទិសគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យខ្ទេចមួយកំណាត់ខាងមុខ សំណាងល្អហើយម្ចាស់រថយន្តកុងតឺន័រមិនមានរងរបួស ចំណែកឯរថយន្តបង្កអ្នកបើកបររត់គេចខ្លួនអស់ នៅសល់តែរថយន្តច្រង៉ាងកណ្តាលផ្លូវបង្កស្ទះចរាចរណ៍រាប់ម៉ោង ។
ប្រភពព័ត៌មានពីជនរងគ្រោះដែលរងរបួសស្រាល ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកពន្លឺ បានឲ្យដឹងថា មុនពេលដែលកើតហេតុរូបគាត់និងមិត្តភក្តិដែលស្លាប់ បានបបួលគាត់ថា ចង់ទៅមើល ឲ្យស្គាល់ស្ពានលីយ៉ុងផាត់ម្តង ហើយគាត់ក៏ឌុបគ្នាចេញពីរង្វង់មូលកាំកូស៊ីធីមកដល់ស្ពានលីយ៉ុងផាត់ លុះពេលដែលត្រឡប់ចេញមកវិញ ក៏ជួបរឿងគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងរកសាច់ញាតិមកយកទៅធ្វើបុណ្យទៅតាមប្រពៃណី រីឯរថយន្តនិងម៉ូតូវិញត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕