Monday, September 29, 2025
Homeព័ត៌មានជាតិស្ត្រីមានផ្ទៃពោះ៤ខែ បានស្លាប់ភ្លាមៗ ដោយសារស្រែកឃាត់មិនឲ្យគេវាយប្តី

ស្ត្រីមានផ្ទៃពោះ៤ខែ បានស្លាប់ភ្លាមៗ ដោយសារស្រែកឃាត់មិនឲ្យគេវាយប្តី

ភ្នំពេញ ៖ ស្រ្តីម្នាក់មានផ្ទៃពោះ៤ខែ ឃើញជនដៃដល់មួយក្រុម ក្នុងនោះមានបងប្អូនជីដូនមួយម្នាក់ផង បាននាំគ្នាដេញវាយប្តី ខំប្រឹងស្រែកឃាត់មិនឲ្យវាយប្តី រហូតភ័យគាំងបេះដូងស្លាប់ភ្លាមៗ ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅដីវាល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។​

សពជនរងគ្រោះមានឈ្មោះគឹម ណារី ភេទស្រី អាយុ២៣ឆ្នាំ មានផ្ទៃពោះចំនួន៤ខែ មុខរបរលក់បាយជាមួយម្តាយនៅមុខរោងចក្រ​ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃព្រីងខាងជើង​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​ ចំណែកប្តីមានឈ្មោះ នៅ សារ៉ែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតាហ៊ ឃុំតាកូវ ​ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។​

តាមប្រភពព័ត៌មានពីបុរសជាប្តីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់បានស្រឡាញ់គ្នា ប្រមាណ៥ឆ្នាំមកហើយ ប៉ុន្តែទើបនឹងរួមរស់ជាមួយគ្នាប្តីប្រពន្ធបានជាង១ឆ្នាំ នាងពពោះ បាន៤ខែ នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់ចង់ហូបទាឆាក្តៅ ហើយរូបគាត់បានទា និងស្រាបៀរយកមកហូបពីរនាក់ប្រពន្ធ ​ដោយឲ្យប្រពន្ធហូបស្រាបៀរចំនួន២កំប៉ុងទេ ព្រោះប្រពន្ធមានផ្ទៃពោះ ។ លុះពេលប្រពន្ធហូបស្រាបៀរអស់២កំប៉ុងហើយ ឈប់ផឹក រូប​គាត់បានទូរស័ព្ទហៅប្អូនជីដូនមួយ ២នាក់ទៀត មកហូបជាមួយរហូតស្រវឹង ហើយប្អូនជីដូនមួយក៏បានត្រឡប់ទៅផ្ទះវិញ​បានមួយសន្ទុះ ក្រោយមកស្រាប់តែឮដំណឹង​ថា ប្អូនជីដូនមួយម្នាក់ដែលផឹកស៊ីជាមួយនោះបានវាយប្រពន្ធ ហើយរូបគាត់នឹងប្រពន្ធ ព្រមទាំងម្តាយក្មេក និងម្តាយប្អូនជីដូនមួយម្នា់ក់ទៀតសរុបមានគ្នា៤នាក់ បាននាំទៅផ្ទះប្អូនជីដូនមួយដែលនៅឆ្ងាយពីគ្នាប្រមាណមួយគីឡូ ដើម្បីទៅជួយឃាត់កុំឲ្យវាយប្រពន្ធដែលទើបនឹងសម្រាលកូនផង ។

ប្រភពដដែលបន្តទៀតថា ពេលដែលទៅជួយឃាត់នោះ គាត់បាននិយាយណែនាំរួចហើយ ខ្លាចលើសលស់ ក៏បានត្រឡប់ទៅផ្ទះ​តែឯង ខ្លាចក្រែងប្អូនជីដូនមួយខឹង រករឿងវាយខ្លួនវិញ ។ ពេល​ទៅដល់បន្ទប់ជួល​ហើយ នឹកឃើញថា ប្រពន្ធដើរមកម្នាក់ឯង តាមផ្លូវងងឹត ទើប​រូបគាត់បានកាន់ពិលទៅយកប្រពន្ធវិញ លុះដើរមកដល់ពាក់កណ្តាលផ្លូវ បានជួបប្រពន្ធ​នៅចំណុចដីវាលដែលជាកន្លែងកើតហេតុ ក៏បាននាំប្រពន្ធទៅផ្ទះវិញ​ ស្រាប់តែមានជនដៃដល់មានគ្នា៤នាក់ ក្នុងនោះមានប្អូនម្នាក់ផងដែរ ​បានស្ទាក់វាយរូបគាត់តែម្នាក់ឯង ហើយប្រពន្ធឃើញគេដេញវាយប្តីបែបនេះ បានស្រែកថា កុំវ៉ៃប្តីអញៗ ពេលនោះរូបគាត់​ភ័យពេកបានរត់ចោលប្រពន្ធ ហើយបានក្រឡេកទៅមើលប្រពន្ធវិញ ឃើញនាងដួល ហើយរត់មករកប្រពន្ធវិញ ស្រាប់តែប្រពន្ធស្លាប់បាត់ទៅហើយ ចំណែកជនដៃដល់ទាំង៤នាក់ខាងលើ បានរត់គេចខ្លួនបាត់។

​ប្រភពដដែលបានបន្តទៀតថា នៅពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ តែរូបគាត់និងឪពុកម្តាយក្មេកមិនអស់ចិត្ត បានហៅរថយន្តសង្គ្រោះមកដឹកយកទៅព្យាបាល តែពេល រថយន្តសង្គ្រោះដឹកចេញបានបន្តិច ​ហើយបានឈប់ ដោយដឹងថា ជនរងគ្រោះខាងលើស្លាប់បាត់ទៅហើយ ។  បន្ទាប់មកបានរាយការណ៍ដល់អាជ្ញាធរនឹងសមត្ថកិច្ចចុះមក​ពិនិត្យសពដែលត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តជម្ពូវន្ត ធ្វើបុណ្យតាមប្រពៃណី និងរង់ចាំជំនាញធ្វើកោសល្យវិច័យ។​

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺបេះដូងប្រចាំកាយផង ពេលដែលតក់​ស្លុតពេក រហូតគាំងបេះដូងស្លាប់់តែម្តង ។ ចំណែកជនដៃដល់សុទ្ធសឹងតែជាមនុស្សស្គាល់មុខ តែក្រុមគ្រួសារហាក់ដូចជាមិនចង់ប្តឹងផ្តល់ ព្រោះត្រូវជាបងប្អូននឹងគ្នាផង ៕

RELATED ARTICLES