Monday, September 29, 2025
Homeព័ត៌មានជាតិអ្នកណាទ្រាំបាន!!! បើមកពីផឹកពេលណា ជេរបញ្ចោរ រករឿងវាយដំរហូតចឹង

អ្នកណាទ្រាំបាន!!! បើមកពីផឹកពេលណា ជេរបញ្ចោរ រករឿងវាយដំរហូតចឹង

កំពង់ស្ពឺ ៖ បុរសជាប្តីចិត្តភ្លើងម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនយកមកអប់រំណែនាំ ខណៈដែលត្រឡប់មកពីផឹកស៊ីទាំងកណ្តាលយប់ ស្រវឹងមកដល់ផ្ទះរករឿងវាយកូនប្រពន្ធបណ្តាលឲ្យរងរបួស ប្រពន្ធកូនដាច់ចិត្តដាក់ពាក្យបណ្តឹងឲ្យនគរបាលឃាត់ខ្លួនតែម្តងទៅ។

ហេតុការណ៍ឃាត់ខ្លួនបុរសចិត្តភ្លើងខាងលើ កើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយឲ្យដឹងថា បុរសជាប្តីចិត្តភ្លើងដែលបង្កហិង្សាលើកូនប្រពន្ធ ត្រូវបានឃាត់ខ្លួននោះ មានឈ្មោះសោម ពុធ  អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើហិង្សាក្នុងគ្រួសារ ដោយបានឈ្លោះប្រកែក និងវាយប្រពន្ធរបស់ខ្លួន ឈ្មោះ កុយ សុខន អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ  និងកូនឈ្មោះ លឹម ស្រីទុំ ភេទស្រី អាយុ២៣ឆ្នាំ កម្មការិនីរោងចក្រ បណ្ដាលឲ្យរងរបួសដៃ។

នគរបាលស្រុកបានបន្តទៀតថា នៅមុនពេលកើតហេតុនោះ គឺបុរសជាប្តីនិងជាឪពុកហេងស៊យនោះបានត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិស្រវឹងស្រាជោគជាំ ពេលត្រឡប់មកដល់ផ្ទះវិញបានដាស់កូនប្រពន្ធ រួចជេរប្រមាថកូនប្រពន្ធ រហូតដល់ទៅប្រើអំពើហិង្សាវាយបណ្តាលឲ្យកូនប្រពន្ធរងរបួសដៃធ្ងន់ធ្ងរ។ ប្រពន្ធនិងកូនទ្រាំនិងទង្វើប្រើហិង្សាមិនបាន ក៏ដាក់ពាក្យបណ្តឹងឲ្យនគរបាលឃាត់ខ្លួនតែម្តង។

បន្ទាប់ពីទទួលបានការរាយការណ៍របស់ស្ត្រីជាប្រពន្ធរួចមក កម្លាំងនគរបាលឃុំ និងស្រុក បានចុះទៅឃាត់ខ្លួនបានបុរសជាប្តីចិត្តភ្លើងនោះតែម្តង។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើប្រពន្ធនិងកូនពិតប្រាកដមែន ។ បច្ចុប្បន្នបុរសជាប្តីត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES