ខេត្តប៉ៃលិន ៖ បុរសម្នាក់នេះមានចិត្តស្រលាញ់ហួងហែង ប្រចណ្ឌប្រពន្ធហួសហេតុ រហូតដល់គ្រាន់តែឃើញប្រពន្ធអង្គុយនិយាយគ្នាលេងជាមួយក្មេងប្រុសស្រីក្នុងភូមិជាមួយគ្នា ស្រាប់តែផ្ទុះចិត្តប្រចណ្ឌចោទថា ប្រពន្ធទាក់ទងក្មេងប្រុស រួចក៏រករឿងឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា ចុងក្រោយបែរជាមានគំនិតខ្លីផឹកថ្នាំពុលសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិបហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន។
បុរសជាប្តីកិំពូលប្រចណ្ឌដែលផឹកថ្នាំពុលសម្លាប់ខ្លួន មានឈ្មោះនៅ វិត អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះស្រីមុំ អាយុ២៧ឆ្នាំ មុខរបរកម្មករ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធខាងលើនេះ ឧស្សាហ៍កើតមានជម្លោះទាស់ទែងគ្នាណាស់ ដោយសារតែបុរសជាប្តីមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងពេក ពោលគឺ ប្រចណ្ឌខុសទំនង មិនសមហេតុផល និងប្រចណ្ឌមិនរើសមុខ ឱ្យតែឃើញប្រពន្ធនិយាយរកប្រុសណាក៏មិនបាន មិនថាក្មេងចាស់ អ្នកស្រុកភូមិ ឬជាសាច់ញាតិនោះទេ គឺប្តីនេះតែងផ្ទុះកំហឹងរករឿងប្រពន្ធមិនស្វាង រហូតជួនពេលខ្លះ សូម្បីតែជាមួយមនុស្សស្រី ក៏ចង់ប្រចណ្ឌដែរ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេបានឮសូរសំឡេងប្តីប្រពន្ធខាងលើ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង លុះបន្តិចក្រោយមក ក៏ឮស្ត្រីជាប្រពន្ធស្រែកហៅអ្នកភូមិឱ្យជួយ ដោយប្រាប់ថា ប្តីរបស់នាងផឹកថ្នាំពុល ធ្វើឱ្យអ្នកជិតខាង មានការភ្ញាក់ផ្អើលប្រញាប់ជួយដឹកបញ្ជូនជនរងគ្រោះជាប្តីទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យជួយលាងក្រពះជម្រះជាតិពុល រហូតបានដឹងខ្លួនឡើងវិញ។
តាមសំដីបុរសជាប្តីដែលប្រចណ្ឌប្រពន្ធពេក ដល់ថ្នាក់ផឹកថ្នាំពុលប៉ងសម្លាប់ខ្លួននេះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់ទើបនឹងត្រឡប់មកពីធ្វើការសំណង់ លុះពេលមកដល់ផ្ទះមួយសន្ទុះ ក៏ក្រោកដើរទៅលេងផ្ទះមិត្តភក្តិនៅចុងភូមិ។ រហូតដល់វេលាម៉ោងកើតហេតុខាងលើ គាត់ក៏ដើរត្រឡប់ទៅផ្ទះវិញ លុះទៅដល់ ក៏ប្រទះឃើញប្រពន្ធកំពុងអង្គុយនិយាយលេងជាមួយក្មេងៗក្នុងភូមិ ទើបគាត់បានស្តីបន្ទោសប្រពន្ធ២-៣ម៉ាត់ ពីរឿងជជែកគ្នាលេងអត់ដាំបាយហូប ស្រាប់តែប្រពន្ធក៏បានតបតមកគាត់ជាប្តីវិញផាំងៗ ទើបធ្វើឱ្យគាត់តូចចិត្ត ក៏សម្រេចចិត្តយកថ្នាំពុលប្រភេទទឹកខៀវ មកចាក់ផឹកអស់២កូនកែវតូច ប៉ងសម្លាប់ខ្លួន ធ្វើឱ្យក្អួតចង្អោរ រហូតសន្លប់បាត់ស្មារតីនៅក្នុងផ្ទះ លុះដឹងខ្លួនឡើងវិញ ឃើញនៅក្នុងពេទ្យទៅហើយ។
ដោយឡែក ស្ត្រីជាប្រពន្ធបានប្រាប់ថា ប្តីរបស់នាងពូកែប្រចណ្ឌប្រពន្ធណាស់ រកលេខដាក់គ្មានទេ។ តាមពិតគាត់ដឹងថា មកពីស្រលាញ់ខ្លាំង ទើបបានជាប្តីប្រចណ្ឌហួងហែងនាងជាប្រពន្ធបែបនេះ តែសព្វបើគ្រាន់តែនាងនិយាយស្តីរាប់រកជាមួយអ្នកភូមិធម្មតាៗ មិនគួរប្រចណ្ឌយ៉ាងនេះទេ។ ជាក់ស្តែងនៅថ្ងៃកើតហេតុ គ្រាន់តែនាងអង្គុយជជែកលេងជាមួយក្មេងៗក្នុងភូមិ មានស្រី មានប្រុស ស្រាប់តែប្តីមកឃើញ ក៏រករឿងប្រចណ្ឌ កើតជាការឈ្លោះប្រកែក បន្ទាប់មក ប្តីក៏ចូលទៅសម្ងំក្នុងផ្ទះបាត់ទៅ ស្រាប់តែពេលនាងចូលទៅក្នុងផ្ទះប្រទះឃើញប្តីដេកសន្លប់បែកពពុះមាត់ ទើបដឹងថា ប្តីផឹកថ្នាំពុល ក៏ស្រែកឆោហៅអ្នកភូមិជួយដឹកប្តីយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។
តាមសម្តីលោកគ្រូពេទ្យ បានបង្ហើបឱ្យដឹងថា អ្នកដែលផឹកថ្នាំពុលទឹកខៀវ មានសង្ឃឹមតិចតួចណាស់ បើទោះបីជាគ្រូពេទ្យខំប្រឹងលាងក្រពះជម្រះជាតិពុលយ៉ាងណា ក៏រស់មិនបានយូរដែរ ព្រោះជាតិថ្នាំពុលបានចូលទៅកាត់ផ្តាច់ក្រពះពោះវៀនអស់រលីងទៅហើយ យ៉ាងយូរប្រហែលជារស់បានរយៈពេល១អាទិត្យប៉ុណ្ណោះ ព្រោះជាថ្នាំពុលលេខ១នៅប្រទេសថៃ គ្មានថ្នាំសន្សាបនោះឡើយ៕