Tuesday, September 30, 2025
Homeព័ត៌មានជាតិហែកលុយចោល!!! ប៉ូលិសចិត្តខ្លាំង ខឹងម្ចាស់ផ្ទះសំណាក់ឲ្យលុយមិនគ្រប់

ហែកលុយចោល!!! ប៉ូលិសចិត្តខ្លាំង ខឹងម្ចាស់ផ្ទះសំណាក់ឲ្យលុយមិនគ្រប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានគេអះអាងថា ជាមន្ត្រីនគរបាលក្រុងបាត់ដំបង និងតែងដើរប្រមូលលុយដាក់ខែពីតាមបណ្តាផ្ទះសំណាក់ និងសណ្ឋាគារ លុះពេលទៅយកលុយដាក់ខែពីផ្ទះសំណាក់មួយកន្លែង ខឹងម្ចាស់ផ្ទះសំណាក់ឱ្យលុយមិនគ្រប់ ក៏មួម៉ៅក្តៅចិត្តហែកក្រដាសប្រាក់រៀល ដែលមានព្រះឆាយាលក្ខណ៍របស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ចោលខ្ទេចអស់ រួចដើរចេញធ្វើព្រងើយ ជាហេតុធ្វើឱ្យមានការរិះគន់ពីមហាជនយ៉ាងខ្លាំង។

ករណីបុរសជាមន្ត្រីនគរបាលហែកក្រដាសប្រាក់រៀលចោល ព្រោះតែខឹងរឿងម្ចាស់ផ្ទះសំណាក់ឱ្យលុយដាក់ខែមិនគ្រប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៤២នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់មួយកន្លែង មានទីតាំងនៅក្បែរផ្សារទំនើបបុរីថ្មី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

មន្ត្រីនគរបាលដែលហែករូបិយបណ្ណខ្មែរ ចោលនោះ ឈ្មោះអុំ សំ ជាមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា លោកអុំ សំ មានភារកិច្ចជាអ្នកទទួលខុសត្រូវប្រមូលបញ្ជីស្នាមវត្តមានភ្ញៀវចេញចូលប្រចាំខែពីតាមបណ្តាសណ្ឋាគារផ្ទះសំណាក់ ផ្ទះជួល ឬផ្ទះស្នាក់នៅរបស់ជនបរទេសនានា នៅក្នុងក្រុងបាត់ដំបង។ ប៉ុន្តែមន្ត្រីរូបនេះ បានឆ្លៀតឱកាស (ត្រីងៀតឆ្លៀតពង) ដើរប្រមូលលុយដាក់ខែជាប្រចាំពីតាមបណ្តាសណ្ឋាគារផ្ទះសំណាក់ ផ្ទះជួលកន្លែងកោសជប់ ឬកន្លែងម៉ាស្សាទាំងនោះផងដែរ។

ប្រភពដដែលបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីនគរបាលខាងលើ បានដើរប្រមូលលុយសំណែនតាមសណ្ឋាគារផ្ទះសំណាក់ ប្រចាំខែដូចសព្វដង។ លុះពេលទៅទារលុយនៅផ្ទះសំណាក់មួយកន្លែង ក្បែរផ្សារទំនើបបុរីថ្មី ក៏ផ្ទុះរឿងតែម្តង ដោយសារតែលោកអុំ សំ បានហែកលុយចោលនៅចំពោះមុខម្ចាស់ផ្ទះសំណាក់ ព្រោះតែខឹងម្ចាស់ផ្ទះសំណាក់ឱ្យលុយដាក់ខែ មិនគ្រប់ចំនួន តាមការទាមទារបស់ខ្លួន។

តាមការបំភ្លឺពីម្ចាស់ផ្ទះសំណាក់ បានឱ្យដឹងថា មន្ត្រីនគរបាលឈ្មោះអុំ សំ តែងមកទាមទារលុយពីខាងផ្ទះសំណាក់ ចំនួន២ម៉ឺនរៀល ក្នុង១ខែ ហើយនៅចុងខែមន្ត្រីរូបនេះ តែងជិះម៉ូតូមកទារលុយមិនដែលខកខាន និងដោយគ្មានបង្កាន់ដៃបង់លុយឡើយ។ នៅថ្ងៃកើតហេតុ ពេលលោកអុំ សំ មកទារលុយខ្លួនបានសុំបញ្ចុះតម្លៃ៥០០០រៀល ដោយសុំឱ្យតែចំនួន១៥០០០រៀលទេ ព្រោះខែនេះមិនសូវមានភ្ញៀវស្នាក់នៅ ស្រាប់តែមន្ត្រីរូបនេះមិនសុខចិត្តក៏បានស្រែកឡាំប៉ា មិនព្រមទទួលលុយចំនួន១៥០០០រៀល ដាច់ខាត ពោលគឺទារយក២ម៉ឺនរៀលឱ្យខាងតែបាន។

ម្ចាស់ផ្ទះសំណាក់ខាងលើ បញ្ជាក់ថា បើទោះជាគាត់សុំអង្វរយ៉ាងណា ក៏មន្ត្រីរូបនេះមិនយោគយល់ដាច់ខាត នៅតែទារលុយបង្គ្រប់ ២ម៉ឺនរៀលដដែល លុះខឹងគាត់មិនព្រមឱ្យថែម៥០០០រៀលទៀត ស្រាប់តែមន្ត្រីនគរបាលនោះ បានស្រែកសំឡុតគាត់ ហើយយកលុយ១៥០០០រៀល (ក្រដាស៥០០០រៀល ចំនួន៣សន្លឹក) ហែកចោលនៅចំពោះមុខគាត់យ៉ាងព្រហើនបំផុត រួចជិះម៉ូតូចេញទៅបាត់។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនមន្ត្រីនគរបាល ឈ្មោះលោកអុំ សំ បាននៅឡើយទេ។ ប៉ុន្តែ លោកប៉ាង ហៀង អធិការក្រុងបាត់ដំបង បានទទូលស្គាល់ថា ឈ្មោះអុំ សំ ពិតជាមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍នៃអធិការក្រុងបាត់ដំបង មែន រីឯរឿងដើរទារលុយកាក់ពីម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ឬផ្ទះជួល លោកអធិការ បានបញ្ជាក់ថា ពិតជាមានខ្លះៗមែន។

យ៉ាងណាក្តី ពាក់ព័ន្ធនឹងទង្វើរបស់បុរសជាមន្ត្រីនគរបាលខាងលើ ដែលបានចាប់ហែកក្រដាសប្រាក់រៀល ក្រដាស៥០០០រៀល ដែលមានព្រះឆាយាលក្ខណ៍របស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋខាងលើនេះ បានធ្វើឱ្យមហាជនទូទៅសម្តែងនូវអារម្មណ៍ខឹងសម្បា និងរិះគន់យ៉ាងខ្លាំងចំពោះទង្វើបុរសខាងលើ ដោយអះអាងថា នេះគឺជាការមើលងាយរូបិយប័ណ្ណជាតិ  ព្រោះថាក្នុងនាមជាខ្មែរ និងថែមទាំងជាមន្ត្រីនគរបាលទៀត មិនគួរប្រព្រឹត្តបែបនេះឡើយ៕

RELATED ARTICLES