Friday, October 3, 2025
Homeព័ត៌មានជាតិគ្រាន់តែហូបរួច នាំគ្នាចុកពោះក្អួតចង្អោរ ៩នាក់សង្គ្រោះទាន់ ម្នាក់ទៀតស្លាប់តាមផ្លូវ

គ្រាន់តែហូបរួច នាំគ្នាចុកពោះក្អួតចង្អោរ ៩នាក់សង្គ្រោះទាន់ ម្នាក់ទៀតស្លាប់តាមផ្លូវ

ខេត្តកោះកុង ៖ ប្រជានេសាទជាង១០នាក់ ក្រោយពេលនេសាទបានត្រីក្រពតសមុទ្រធំៗ ក៏បែកគំនិតយកមកចាត់ចែងធ្វើម្ហូបហូបជុំគ្នា លុះក្រោយពីហូបរួច ស្រាប់តែមានអាការពុល ធ្វើឱ្យម្នាក់ៗចុកពោះ ក្អួតចង្អោរ វិលមុខ ស្ពឹកដៃជើង ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសល ប្រជានេសាទម្នាក់មានអាការពុលធ្ងន់ជាងគេ មិនអាចទ្រាំបានក៏ដាច់ខ្យល់ស្លាប់នៅតាមផ្លូវយ៉ាងអាណោចអាធ័ម ត្រូវបានក្រុមគ្រួសារដឹកសពត្រឡប់មកលំនៅដ្ឋានវិញ រៀបចំធ្វើបុណ្យទាំងក្តីក្តុកក្តួលជាពន់ពេក។

ករណីប្រជានេសាទជាង១០នាក់ ពុលត្រីក្រពតនេះ បានកើតឡើងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ក្រោយពេលដឹងថា ពុលត្រីក្រពត ជនរងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យ៩នាក់ ក្នុងនោះម្នាក់បញ្ជូនទៅមន្ទីពេទ្យព្រះសីហនុ ខេត្តព្រះសីហនុ តែអកុសលបានស្លាប់តាមផ្លូវក្នុងឡាន ព្រោះអាការធ្ងន់ធ្ងរពេក។ រីឯ២នាក់ទៀត បញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុង មិនទាន់បានដឹងឈ្មោះទេ។ ចំណែក៦នាក់ទៀត បញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ទី១. ឈ្មោះលឹម ជាង ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករទូកទេសចរណ៍ ទី២. ឈ្មោះអំ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ នៅកោះស្តេច ទី៣. ឈ្មោះពេជ្រ សីលា ភេទប្រុស អាយុ២៧ឆ្នាំ អ្នកកោះស្តេច ទី៤. ឈ្មោះដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ទី៥. ឈ្មោះសេង ផល ភេទប្រុស អាយុ៥៤ឆ្នាំ មកពីភូមិព្រែកស្លា ឃុំព្រែកល្ពៅ ស្រុកពារាំង ខេត្តព្រៃវែង ទើបតែមកបាន៦ថ្ងៃ ទី៦.ឈ្មោះវង្ស ថា ភេទប្រុស អាយុ៤៤ឆ្នាំ មកពីខេត្តព្រៃវែងដែរ ទាំង២នាក់នេះ មកជាមួយគ្នា មកធ្វើកម្មករទូកនៅកោះស្តេច។

តាមសម្តីជនរងគ្រោះដែលរងរបួសស្រាល បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាចេញទៅនេសាទត្រីនៅក្នុងសមុទ្រ ដោយបានត្រីមួយចំនួន ហើយក្នុងនោះក៏បានត្រីក្រពតសមុទ្រធំៗប៉ុន្មានក្បាលដែរ។ ក្រោយពេលត្រឡប់មកពីនេសាទវិញ ពួកគេបែកគំនិតយកត្រីក្រពត មកធ្វើម្ហូបហូបជុំគ្នា។ លុះក្រោយពេលដែលហូបរួច ស្រាប់តែម្នាក់ៗមានអាការពុល ធ្វើឱ្យចុកពោះក្អួតចង្អោរ វិលមុខ ស្ពឹកដៃស្ពឹកជើងទាំងអស់គ្នា ពោលគឺអ្នកហូបបានតិច ពុលតិច អ្នកហូបបានច្រើន ពុលច្រើន ហើយភ្លាមនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកមន្ទីរពេទ្យធ្វើការសង្គ្រោះតែម្តង តែគួរឱ្យស្តាយ មានមិត្តភក្តិរបស់ពួកគេម្នាក់បានស្លាប់បាត់ទៅហើយ ខណៈដែលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ៕

RELATED ARTICLES