ភ្នំពេញ ៖ ស្ត្រីជាអ្នកចងការប្រាក់ ដាក់លុយរាប់ប្រចាំថ្ងៃម្នាក់ បានដើរទៅទារលុយពីកូនបំណុល លុះទៅដល់ ស្ត្រីជាកូនបំណុលម្នាក់ ប្រាប់ថា អត់ទាន់មានលុយឱ្យទេ ចាំស្អែកចាំយកសរុប ស្រាប់តែស្ត្រីជាម្ចាស់លុយមិនព្រម ក៏ធ្វើការដៀលត្មិះ រហូតផ្ទុះជាជម្លោះ ឈានដល់ហិង្សា ដោយស្ត្រីជាអ្នកចងការប្រាក់បានទាញឡាមកអារឆូតទៅលើកូនបំណុល បណ្តាលឱ្យរយះដៃជើង និងថ្ពាល់ និងកំភួនជ់ង រងរបួសធ្ងន់។

ករណីផ្ទុះហិង្សាដោយសាររឿងលុយរាប់នេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លុះដល់រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចហៅភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ និងសម្របសម្រួល។
ភាគីស្ត្រីរងគ្រោះដែលជាកូនបំណុលនោះ មានឈ្មោះឡុង ស្រីពៅ អាយុ២០ឆ្នាំ មុខរបរបំរើការនៅ KTV ស្នាក់បន្ទប់ជួល ចំណុចផ្ទះជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួសកដៃខាងឆ្វេង កំភួនជើងខាងស្តាំ និងថ្ពាលខាងឆ្វេង ដោយសារផ្លែឡាម ត្រូវពេទ្យដេរមុខរបួស ចំនួន៣០ថ្នេរ។ ចំណែកភាគីស្ត្រីជាអ្នកចងការប្រាក់ មានឈ្មោះស៊ីណាត អាយុ៣៧ឆ្នាំ មុខរបរបំរើការ KTV និងដាក់លុយរាប់ ស្នាក់នៅផ្ទះជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅភូមិតាវេ ឃុំត្រាំស្នាយ ស្រុកឈូក ខេត្តកំពត របួសថ្ពាល់ខាងស្តាំដោយសារក្រចក។

តាមសម្តីស្ត្រីជាអ្នកចងការប្រាក់ ឈ្មោះ ស៊ីណាត បានរៀបរាប់ប្រាប់ថា នាងជាអ្នកចងការលុយរាប់ប្រចាំថ្ងៃ ហើយនៅមុនពេលកើតហេតុ នាងបានទៅទារលុយពីកូនបំណុល ឈ្មោះឡុង ស្រីពៅ ដែលស្នាក់នៅបន្ទប់ជាប់គ្នា ខណៈនោះក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា ក្រោយមកក៏ឈានប្រើហិង្សាទៅវិញទៅមកតែម្តង បណ្តាលឱ្យមានរបួសរៀងៗខ្លួន។
ចំណែកភាគីស្ត្រីរងគ្រោះ ឈ្មោះឡុង ស្រីពៅ បានរៀបរាប់ប្រាប់ថា នាងពិតជាបានចងការប្រាក់ពីស្ត្រីបង្កប្រាកដមែន ដោយនាងបានខ្ចីលុយពីស្ត្រីបង្កហេតុ ចំនួន៤០ម៉ឺន និងតម្រូវឱ្យរាប់១ថ្ងៃ ២ម៉ឺនរៀល រយៈពេល២៤ថ្ងៃអស់។ នៅមុនពេលកើតហេតុ ស្ត្រីបង្កហេតុជាអ្នកចងការប្រាក់ បានមកទារលុយពីនាង តែនាងបានប្រាប់ថា ថ្ងៃនេះមិនមានលុយឱ្យទេ ចាំស្អែកនាងនឹងឱ្យសរុបចំនួន២ថ្ងៃឌុប នឹងឱ្យ៤ម៉ឺនរៀលតែម្តង តែភ្លាមនោះ ស្ត្រីបង្កហេតុ ជាម្ចាស់លុយមិនយល់ព្រម បែរជាដៀលត្មិះ នាងដោយពាក្យអសុរោះជាច្រើន រហូតធ្វើឱ្យកើតជាជម្លោះ ផ្ទុះជាអំពើហិង្សាតែម្តង ដោយនាងត្រូវភាគីបង្កហេតុយកឡាមឆូតរយះដៃជើង និងថ្ពាល់ ដេរ៣០ថ្នេរឯណោះ។
ស្ត្រីរងគ្រោះ បានបន្តថា ក្រោយកើតមានអំពើហិង្សាខាងលើហើយ នាងបានទៅពេទ្យដេររបួស រួចក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍។ រហូតដល់រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចបានហៅភាគីទាំង២ ចូលខ្លួនទៅដោះស្រាយ ហើយការបង្កររបួសមកលើនាងនេះ នាងជាជនរងគ្រោះ បានសម្រេចទាមទារសំណងជំងឺចិត្តចំនួន១០០០ដុល្លារ។
ជុំវិញរឿងរ៉ាវខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងសម្របសម្រួលភាគីទាំងសងខាង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៅឡើយ៕