ខេត្តត្បូងឃ្មុំ ៖ ក្រុមគ្រួសារមួយទើបនឹងទិញផ្ទះថ្មី និងរើអីវ៉ាន់ចូលមកនៅទើបនឹងបានជាង១ខែ ស្រាប់តែជួបគ្រោះអកុសល ត្រូវសំយាបផ្ទះ ដែលមានទម្ងន់រាប់តោន បានបាក់ធ្លាក់សង្កត់ទៅលើកូនស្រីម្ចាស់ផ្ទះ ដែលទើបនឹងមានអាយុ១២ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលក្រុមគ្រួសារកំពុងដឹកបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
ហេតុការណ៍បាក់បេតុងសំយាបផ្ទះសង្កត់ក្មេងស្រីស្លាប់នេះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរត្រង់ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។
ក្មេងស្រីរងគ្រោះ មានឈ្មោះកៅ គឹមហ៊ាន អាយុ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៣ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយក្នុងផ្ទះកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមគ្រួសារក្មេងស្រីរងគ្រោះទើបនឹងទិញផ្ទះកើតហេតុនេះតពីម្ចាស់មុន ហើយទើបនឹងរើចូលមកនៅបានរយៈពេលប្រមាណជាង១ខែប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ខណៈដែលក្មេងស្រីរងគ្រោះកំពុងដើរកាត់ពីក្រោមត្រង់ច្រកចូលខាងមុខផ្ទះ ដែលមានសំយាបបេតុង និងមានប្រក់ស័ង្កសីផងនោះ ស្រាប់តែចៃដន្យអាក្រក់ សំយាបថ្មបេតុងនោះបានបាក់មកសង្កត់លើក្មេងស្រីរងគ្រោះជាកូនម្ចាស់ផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាងនាំគ្នាជួយគាស់លើកសំយាបបេតុងចេញ យកក្មេងស្រីរងគ្រោះ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក តែដោយស្ថានភាពរបួសធ្ងន់ពេក ទើបក្រុមគ្រួសារសម្រេចបញ្ជូនបន្តទៅសង្គ្រោះនៅប្រទេសវៀតណាម ប៉ុន្តែអកុសល ក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវយ៉ាងអាណោចអាធ័ម និងត្រូវក្រុមគ្រួសារ ដឹកត្រឡប់មកលំនៅដ្ឋានរៀបចំធ្វើបុណ្យតាមប្រពៃណី។
តាមប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ថា សំយាបបេតុងផ្ទះកើតហេតុនោះ ត្រូវជាងសំណង់ធ្វើការខ្ជីខ្ជា ដោយខ្វះបទដ្ឋានបច្ចេកទេស មិនបានដាក់តដែកមកភ្ជាប់ជាមួយនឹងសសរឡើយ គឺបានចាក់បេតុងរៀបឥដ្ឋបន្តុបពីលើ ដែលមានទម្ងន់រាប់តោន ហើយកាលពី១ឆ្នាំមុន ផ្ទះកើតហេតុខាងលើនេះ ធ្លាប់ត្រូវបានរថយន្តធុន១គ្រឿង ក្រឡាប់មកសង្កត់បាក់របងបេតុងនៅជាប់ផ្ទះកើតហេតុនេះ និងធ្វើឱ្យផ្ទះកើតហេតុមានស្នាមប្រេះថែមទៀតផង ។
ប្រភពពីសាច់ញាតិក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ មានកូនតែ២នាក់ប៉ុណ្ណោះ ហើយក្នុងនោះ កូនប្រុសបងធ្លាប់បានជួបនឹងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុករងរបួសក្បាលយ៉ាងដំណំ មិនទាន់ជាស្រួលបួលផង ស្រាប់តែមកជួបទុក្ខជាន់លើទុក្ខ ដោយកូនស្រីពៅត្រូវបេតុងសំយាបផ្ទះបាក់សង្កត់ស្លាប់ ធ្វើឱ្យស្ត្រីជាម្តាយទួញយំសោកបោកខ្លួន ព្រោះតែស្តាយស្រណោះជីវិតកូនស្រី៕