Saturday, October 4, 2025
Homeព័ត៌មានជាតិប្រពន្ធទាញមែកឬស្សីវាយកណ្តាលចំណោមផឹកសុី ប្តីខឹងទាញម៉ូតូជិះទៅវឹង ធ្លាក់ចូលប្រឡាយស្លាប់

ប្រពន្ធទាញមែកឬស្សីវាយកណ្តាលចំណោមផឹកសុី ប្តីខឹងទាញម៉ូតូជិះទៅវឹង ធ្លាក់ចូលប្រឡាយស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់កំពុងអង្គុយផឹកស៊ីជុំមិត្តភក្តិ ស្រាប់តែត្រូវប្រពន្ធតាមមកជេរបញ្ចោរកណ្តាលចំណោម ធ្វើឱ្យបុរសជាប្តីបាក់មុខខ្មាសមិត្តភក្តិពេក ក៏ទាញម៉ូតូជិះចេញទៅក្នុងល្បឿនយ៉ាងលឿន ធ្វើឱ្យជ្រុលចង្កូតធ្លាក់ចូលប្រឡាយស្លាប់ និងត្រូវបានគេប្រទះឃើញសព កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បុរសរងគ្រោះដែលតូចចិត្តប្រពន្ធជេរស្តីកណ្តាលចំណោម ជិះម៉ូតូលឿនពេក រហូតជ្រុលធ្លាក់ប្រឡាយស្លាប់ មានឈ្មោះស្រឹម ស្រេង អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះឆោម សុខនី អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨  ប្តីរបស់នាងបានវាតវង់ផឹកស៊ីជាមួយមិត្តភក្តិ នៅម្តុំតំបន់ឧស្សហកម្មសេដ្ឋកិច្ចពិសេសអូរនាង។ លុះពេលនាងតាមរកឃើញ ប្តីកំពុងផឹកស៊ី នាងក៏ស្តីបន្ទោស និងវ៉ៃ៣-៤មែកឫស្សី ដើម្បីឱ្យប្តីឈប់ផឹក ស្រាប់តែធ្វើឱ្យប្តីខឹង ក៏ទាញម៉ូតូបើកចេញយ៉ាងលឿនបាត់ស្រមោល និងមិនដឹងថា មានគោលដៅទៅណានោះទេ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា ដោយមិនឃើញប្តីទៅដល់ផ្ទះ នាងក៏តាមទៅរកប្តីតាំងពីយប់ រហូតម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក៏ឮអ្នកស្រុកនិយាយថា មានបុរសម្នាក់ស្លាប់ក្នុងប្រឡាយ ទើបនាងប្រញាប់ទៅមើល ក៏ប្រទះឃើញថា គឺជាប្តីរបស់នាងដែលបាត់ខ្លួនពេញមួយយប់ តាមពិតជិះម៉ូតូធ្លាក់ទឹកប្រឡាយស្លាប់សោះ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យដល់ទីតាំងកើតហេតុផងដែរ។

លោកព្រុំ ពិសិទ្ធ អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលបន្ទុកផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា មូលហេតុដែលបណ្តាលឱ្យបុរសរងគ្រោះស្លាប់ គឺមកពីជនរងគ្រោះផឹកស្រាស្រវឹង និងជិះម៉ូតូក្នុងល្បឿនលឿន  លុះមកដល់ចំណុចកើតហេតុជាចំណុចផ្លូវកែង យកចង្កូតមិនទាន់ ក៏ជ្រុលធ្លាក់ប្រឡាយបាក់កស្លាប់ខ្លួនឯងតែម្តង ពោលគឺមិនមែនជាករណីឃាតកម្មឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទមុនៗ

ដាក់ជ្រុលតិចហើយមើលទៅ បានធ្លាក់ចូលប្រឡាយ ក្រឡាប់សង្កត់ស្លាប់បែបនេះ
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានបើកត្រាក់ទ័រទៅចូលរួមមង្គលការអ្នកភូមិ លុះចេញពីហូបការវិញ ទំនងជាផឹកស៊ីស្រវឹងបន្តិចផង ទើបធ្វើឱ្យបើកត្រាក់ទ័រមិនត្រង់ផ្លូវ បណ្តាលឱ្យធ្លាក់ចូលប្រឡាយក្រឡាប់សង្កត់ស្លាប់អ្នកបើកបរយ៉ាងអាណោចអាធ័ម កាលពីវេលារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ។

បុរសរងគ្រោះដែលបើកត្រាក់ទ័រត្រឡប់មកពីហូបការគេវិញ ក្រឡាប់សង្កត់ខ្លួនឯងស្លាប់ មានឈ្មោះហាន ពៅ អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័ររបស់ខ្លួនទៅចូលរួមមង្គលការអ្នកភូមិ លុះក្រោយពីផឹកស៊ីស្រវឹងចេញពីរោងការ ក៏បើកត្រាក់ទ័របំណងត្រឡប់មកផ្ទះវិញ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដែលផ្លូវមានស្ថានភាពកោង ធ្វើឱ្យជនរងគ្រោះរេចង្កូតបត់មិនទាន់ បណ្តាលឱ្យជ្រុលធ្លាក់ប្រឡាយក្រឡាប់កិនស្លាប់ខ្លួនឯងតែម្តង។

ក្រោយកើតហេតុ អ្នកធ្វើដំណើរឆ្លងកាត់ប្រទះឃើញ ក៏ផ្តល់ដំណឹងដល់ក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

បន្ទាប់ពីចុះមកពិនិត្យដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជនរងគ្រោះពិតជាបើកត្រាក់ទ័រក្រឡាប់ធ្លាក់ផ្លូវសង្កត់ខ្លួនឯងស្លាប់ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

http://www.nokorthomdaily.com/2018/01/acidence%e2%80%8b-die-61221/

RELATED ARTICLES