ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់កំពុងដើរមើលចម្ការសុខៗ ស្រាប់តែត្រូវដើមឈើងាប់១ដើម រលំសង្កត់ពីលើ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចចំការមួយកន្លែង ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង។
ស្ត្រីរងគ្រោះដែលត្រូវដើមឈើរលំសង្កត់ស្លាប់ មានឈ្មោះអ៊ែល បៀន អាយុ៣០ឆ្នាំ ជាជនជាតិព្នង មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានដើរទៅមើលចម្ការរបស់ខ្លួនដូចសព្វដង លុះពេលដើរទៅដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែត្រូវដើមឈីមួយដើមធំ ដែលបានរលំមកផ្អែកនឹងដើមជ្រៃក្បែរនោះជាយូរមកហើយ និងទទួលរងខ្យល់បោក់បក់ខ្លាំង ក៏បណ្តាលឱ្យរលំសង្កត់ស្លាប់ភ្លាមៗតែម្តង។
សមត្ថកិច្ចសន្និដ្ឋានថា ដើមឈើធំមួយដើមខាងលើនោះ ត្រូវបានគេកាប់គល់ទុកចោលពីយូរមកហើយ និងបានរលំមកផ្អែកលើដើមជ្រៃនៅក្បែរនោះ លុះស្របពេលស្ត្រីរងគ្រោះដើរមកចំពីក្រោម ស្រាប់តែមានខ្យល់បោកបក់មកយ៉ាងខ្លាំង ទើបធ្វើឱ្យដើមឈើនោះរលំមកសង្កត់លើ បណ្តាលឱ្យស្លាប់តែម្តង។
សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទមុនៗ
ស្ត្រីមានផ្ទៃពោះម៉ែឪកាត់កាល់ ប្រើល្បិចឈឺពោះសម្រាល ដើម្បីរកលុយ
ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានថា តាមពិតស្ត្រីមានផ្ទៃពោះម្នាក់ ដែលអះអាងថា ត្រូវប្តីបោះបង់ និងត្រូវឪពុកម្តាយកាត់កាល់ ព្រមទាំងឈឺពោះសម្រាលកូននៅតាមដងផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរអាណិតអាសូរ ផ្តល់ជាលុយកាក់ និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខហាងស៊ុប អ៊ីណា តាមផ្លូវព្រះស៊ីសុវត្តិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញនោះ តាមពិតគឺជាល្បិចបោកប្រាស់ដើម្បីរកលុយប៉ុណ្ណោះ ព្រោះក្រោយពីបានលុយកាក់ហើយទៅដល់មន្ទីរពេទ្យ ស្ត្រីរូបនោះបែរជាដើរចេញពីពេទ្យវិញយ៉ាងរំភើយ។
ស្ត្រីមានផ្ទៃពោះដែលប្រើល្បិចធ្វើជាឈឺពោះសម្រាលកូនតាមផ្លូវ ដើម្បីឱ្យគេអាណិតអាសូរ និងទទួលបានលុយកាក់ឧបត្ថម្ភនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង២០ឆ្នាំ និងមានស្រុកកំណើតនៅខេត្តក្រចេះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីខាងលើដើរតែម្នាក់ឯង ក្នុងសភាពទឹកមុខស្លេកស្លាំង និងអស់កម្លាំងល្ហិតល្ហៃ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺស្ត្រីរូបនោះថែមទាំងកំពុងពពោះប៉ុនកញ្ជើទៀតផង។
លុះពេលដើរមកដល់ចំណុចកើតហេតុខាងលើ ស្ត្រីរូបនោះបានដាក់គូទអង្គុយផ្ទាល់ដី រួចស្រែកហៅគេឯងឱ្យជួយ ដោយប្រាប់ថា នាងឈឺពោះសម្រាលកូន ធ្វើឱ្យមានការភ្ញាក់ផ្អើលទាក់ទងផ្តល់ដំណឹងឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ដឹកបញ្ជូនតាមរ៉ឺម៉កម៉ូតូកង់៣ ទៅកាន់មណ្ឌលសុខភាពខណ្ឌដូន ពេញភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល។
តាមសម្តីស្ត្រីមានផ្ទៃពោះខាងលើ បានឱ្យដឹងថា នាងទើបនឹងធ្វើដំណើរមកពីខេត្តក្រចេះ ហើយប្តីរបស់នាងរត់ចោលបាត់ទៅហើយ ចំណែកឪពុកម្តាយ បានកាត់កាលនាងចោលទៀត ទើបធ្វើឱ្យនាងចេះតែដើររសាត់អណ្តែត ដោយអស់សង្ឃឹម និងគ្មានទីដៅច្បាស់លាស់ រហូតមកដល់ក្រុងភ្នំពេញ ក៏ឈឺពោះសម្រាលតែម្តង។
ដោយឃើញសភាពគួរឱ្យអាណិតអាសូរខ្លាំងពេក ទើបប្រជាពលរដ្ឋ និងអ្នកដំណើរខ្លះ បានផ្តល់ជាថវិកាតិចតួចតាមលទ្ធភាពទុកគ្រាន់ ទិញអាហារហូបចុកពេលសម្រាកនៅមន្ទីរពេទ្យ។
ប៉ុន្តែអ្វីដែលជារឿងគួរឱ្យកត់សម្គាល់ នៅពេលបញ្ជូនស្ត្រីខាងលើទៅដល់មណ្ឌលសុខភាព គ្រូពេទ្យបានពិនិត្យឃើញថា ស្ត្រីរូបនេះនៅមិនទាន់គ្រប់ខែត្រូវសម្រាលនៅឡើយ ស្រាប់តែភ្លាមនោះ ស្ត្រីខាងលើដែលមុននេះបន្តិចស្រែកត្អូញថាឈឺពោះសម្រាលស្ទើរទ្រាំមិនបាន បែរជាក្រោកដើរចេញទៅសុំលុយគេឯងនៅជុំវិញនោះ បន្ទាប់មកក៏ដើរចេញពីមន្ទីរពេទ្យយ៉ាងរំភើយបាត់ទៅ។
ក្រោយកើតហេតុ ទាំងអាជ្ញាធរ ទាំងក្រុមគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋដែលខ្នះខ្នែងដឹកបញ្ជូនស្ត្រីរូបនេះទៅមន្ទីរពេទ្យ ព្រោះនឹកស្មានថានាងឈឺពោះសម្រាលមែន បាននាំគ្នាភ្ញាក់ខ្លួនថា តាមពិតចាញ់ល្បិចស្ត្រីរូបនេះសោះ ព្រោះនាងមិនទាន់គ្រប់ខែសម្រាលនៅឡើយ តែធ្វើល្បិចជាឈឺពោះតាមផ្លូវ ដើម្បីឱ្យគេឯងអាណិតអាសូរ និងទទួលបានលុយកាក់ជួយឧបត្ថម្ភ លុះបានប្រាក់សមបំណងហើយ ក៏ក្រោកដើរចេញពីពេទ្យយ៉ាងរំភើយ។ ជាមួយនេះ ក៏មានការអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ចំណាំមុខស្ត្រីខាងលើឱ្យច្បាស់ ចៀសវាងចាញ់ល្បិចបោកប្រាស់របស់នាងតទៅទៀត៕
http://www.nokorthomdaily.com/2018/01/26012018252/