Saturday, October 4, 2025
Homeព័ត៌មានជាតិចោទលួចលុយ១០មុឺនរៀល!!! លោកសង្ឃខ្វះធម៌ខន្តី យកខ្សែភ្លើងវាយក្មេងប្រុសអាយុ១០ឆ្នាំ របួសសុសសាច់

ចោទលួចលុយ១០មុឺនរៀល!!! លោកសង្ឃខ្វះធម៌ខន្តី យកខ្សែភ្លើងវាយក្មេងប្រុសអាយុ១០ឆ្នាំ របួសសុសសាច់

ខេត្តកំពង់ធំ ៖ ព្រះសង្ឃមួយអង្គ បានបាត់បច្ច័យចំនួន១០ម៉ឺនរៀល ស្រាប់តែចោទប្រកាន់ទៅលើក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ជាសិស្សគណ ថាជាអ្នកលួច ហើយទោះជាក្មេងប្រុសព្យាយាមបដិសេធយ៉ាងណា ក៏មិនិខ្ចីស្តាប់ និងថែមទាំងច្រឡោតខឹងរហូតដល់ដាច់ធម៌ខន្តី ស្ទុះទៅទាញខ្សែភ្លើង វាយទៅលើក្មេងប្រុសរងគ្រោះ បណ្តាលឱ្យរងរបួសសុសពេញខ្លួន។

ក្មេងប្រុសរងគ្រោះដែលត្រូវព្រះសង្ឃខ្វះខន្តីវ៉ៃនឹងខ្សែភ្លើង រងរបួសស្ទើរស្លាប់ស្ទើររស់ មានឈ្មោះថា ចំរើន អាយុ១០ឆ្នាំ សព្វថ្ងៃស្នាក់នៅបម្រើព្រះសង្ឃ និងសិក្សារៀនសូត្រនៅក្នុងវត្តពោធិសិក្ខារាម ហៅវត្តស្លែង ស្ថិតក្នុងឃុំក្តៅដូង ស្រុកកំពង់ស្វាយ។ ចំណែកព្រះសង្ឃដែលខ្វះធម៌ខន្តី មានព្រះនាម វ៉ាន សុធា ហៅម៉ាប់ ពីមុនគង់នៅក្នុងវត្តវល្លិយាវ តែក្រោយមកបានមកសុំស្នាក់នៅក្នុងវត្តស្លែង មួយរយៈ។

តាមសម្តីស្ត្រីឈ្មោះសាន សុខន អាយុ៣៥ឆ្នាំ រស់នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ត្រូវជាអ៊ំរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ថា ក្មេងរងគ្រោះត្រូវជាក្មួយរបស់គាត់ ហើយគេជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស១ ស្រី៤)។ ដោយសារតែជីវភាពគ្រួសារទីទ័លក្រពេក ទើបម្តាយឪពុករបស់ក្មេងប្រុសរងគ្រោះ បាននាំគ្នាធ្វើចំណាកស្រុកចេញទៅធ្វើជាកម្មករនៅប្រទេសថៃ ហើយបានផ្ញើកូន (ក្មេងប្រុសរងគ្រោះ) ឱ្យទៅស្នាក់នៅបម្រើព្រះសង្ឃនៅក្នុងវត្តខាងលើ។

ស្ត្រីជាអ៊ំរបស់ក្មេងប្រុសរងគ្រោះ បានបន្តថា ស្រាប់តែមកដល់វេលាម៉ោង១០និង៣០នាទីយប់ កាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ខណៈដែលក្មេងប្រុសរងគ្រោះកំពុងនៅសុខៗ ស្រាប់តែព្រះសង្ឃ វ៉ាន សុធា ចាប់ដៃវាយនឹងខ្សែភ្លើង បណ្តាលឱ្យបែកឈាម រងរបួសពេញខ្លួន ដោយចោទប្រកាន់ថា ក្មេងប្រុសរងគ្រោះបានលួចលុយចំនួន១០ម៉ឺនរៀល។

ស្ត្រីជាអ៊ំក្មេងប្រុសរងគ្រោះ បានឱ្យដឹងទៀតថា ក្រោយពេលកើតហេតុរួច ព្រះសង្ឃដៃដល់ និងព្រះអធិការវត្ត បានលាក់បាំងរឿងនេះ មិនឱ្យសាច់ញាតិក្មេងប្រុសរងគ្រោះ និងសមត្ថកិច្ចដឹងទេ រហូតដល់ក្រោយមកម្តាយរបស់ក្មេងរងគ្រោះ ខលទូរស័ព្ទទៅសួរលោកអំពីសុខទុក្ខកូនរបស់នាង ហើយត្រូវបានលោកប្រាប់ថា វាសុខសប្បាយទេ ក៏ប៉ុន្តែវាចេញរមាស់ពេញខ្លួន និងដៃជើង ឮដូច្នេះប្អូនស្រីគាត់ក៏ប្រាប់គាត់ឱ្យទៅវត្តស្លែង មើលកូននាងផង នៅពេលដែលរូបគាត់ទៅដល់វត្ត ឃើញជើងដំបៅ ហើយក៏លាត់អាវមើលខ្លួនក្មួយគាត់ ស្រាប់តែឃើញស្នាមរំពាត់វ៉ៃឡើងដំបៅពេញខ្នង។ នៅពេលឃើញបែបនេះ ធ្វើឱ្យគាតស្រក់ទឹកភ្នែកអាណិតក្មួយខ្លាំងណាស់ និងបានសួរនាំក្មួយទម្រាំតែវាហ៊ាននិយាយប្រាប់ថា លោកវ៉ៃវានឹងខ្សែភ្លើងប្រហែល៣០ខ្សែភ្លើង ដោយចោទថា វាលួចលុយលោក។ ឃើញដូច្នេះគាត់ក៏សុំយកក្មួយពីវត្តមកចាក់ថ្នាំ និងព្យួរសេរ៉ូមឡើងជិតជាដំបៅទៅហើយ រហូតមកដល់ថ្ងៃនេះ ក៏បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ហៅលោកមកដោះស្រាយ ដោយលោកសន្យា ថានឹងចេះសងថ្លៃថ្នាំចំនួន៤០ម៉ឺនរៀល ។

ជុំវិញបញ្ហាខាងលើព្រះចៅអធិការវត្តស្លែងព្រះនាម ហួ ចាន់ហេន មានសង្ឃដីកាថា ព្រះសង្ឃ វ៉ាន សុធា ពីមុនគង់នៅក្នុងវត្តវល្លិយាវ ទេ តែក្រោយមកបានមកសុំស្នាក់នៅក្នុងវត្តស្លែង មួយរយៈ។ លុះពេលកើតមានបញ្ហាខាងលើ ប្រហែលជាព្រះអង្គ និងគណៈម្មការវត្តមិនអនុញ្ញាតិឱ្យគង់នៅតទៅទៀតនោះទេ ហើយនៅយប់កើតហេតុខាងលើ ព្រះអង្គក៏មិនបានគង់នៅក្នុងវត្តដែរ ចំណែកការដែលមិនរាយការណ៍ឱ្យសមត្ថកិច្ច ក៏ដោយសារតែមិនចង់ឱ្យមានបញ្ហានៅក្នុងវត្ត។

ចំណែកលោកលៀង កែវ មេប៉ុស្តិ៍នគរបាលឃុំក្តីដូង ស្រុកកំពង់ស្វាយ ប្រាប់ថា ព្រះសង្ឃ វ៉ាន សុធា ហៅម៉ាប់ គង់នៅវត្តវល្លិយាវ បន្ទាប់ពីមានបញ្ហាជាមួយនឹងព្រះចៅអធិការវត្តមក គណៈកម្មការក៏បានសម្រេចឱ្យលោកម៉ាប់ ទៅគង់នៅវត្តស្លែង ហើយនៅពេលកើតហេតុ ភ្លាមៗនោះ គ្មានអ្នកណារាយការណ៍ ឬក៏ប្តឹងមកប៉ុស្តិ៍នោះទេ ហើយលោកទើបតែបានទទួលពាក្យបណ្តឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨  ពីអ៊ំក្មេងប្រុសរងគ្រោះ ហើយលោកក៏បានបានកោះហៅព្រះសង្ឃអង្គនោះ មកធ្វើកិច្ចសន្យាឱ្យបញ្ឈប់អំពើហិង្សាតទៅទៀត។

បន្ទាប់ពីបែករឿងរ៉ាវធ្លាយដល់អ្នកសារព័ត៌រួចមក ព្រះសង្ឃ វ៉ាន សុធា ហៅម៉ាប់ ក៏ប្រញ៉ាប់រកលុយចំនួន៤០ម៉ឺនរៀល ទៅបង់ឱ្យខាងកុមារារងគ្រោះនៅថ្ងៃ២៦ ខែមករា នេះតែម្តង ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ៕

RELATED ARTICLES