ភ្នំពេញ ៖ បុរសម្នាក់បានចុះទៅងូតទឹកក្នុងស្ទឹងព្រែកត្នោត ស្រាប់តែអកុសល រអិលជើងធ្លាក់ចូលទៅក្រោមគល់ឈើ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចមាត់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិពោធិ៍រលំ សង្កាត់សាក់អំពៅ ខណ្ឌដង្កោ។
បុរសរងគ្រោះ មានឈ្មោះប៊ុន ចន អាយុ៤៧ឆ្នាំ មុខរបរបេះត្រកួនលក់ មានប្រពន្ធឈ្មោះ ព្រហ្ម សំអៀង អាយុ៥៥ឆ្នាំ មុខរបរធ្វើការនៅរោងចក្រធ្វើសំបកទូរទស្សន៍ ស្នាក់នៅផ្ទះជួល ក្បែរវត្តជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ (ជនរងគ្រោះ) បានជិះកង់១គ្រឿង ចេញពីផ្ទះ លុះពេលមកដល់ចំណុចមាត់ស្ទឹងព្រែកត្នោត ប្តីរបស់គាត់ក៏បានឈប់កង់ រួចដើរចុះទៅមាត់ស្ទឹង បំណងងូតទឹក។ លុះមួយសន្ទុះក្រោយមក ស្រាប់តែក្មេងៗ២នាក់ ដើរបាញ់សត្វបានប្រទះឃើញប្តីរបស់គាត់ដេកស្តូកស្តឹង ក្រោមដើមឈើស្លាប់ជាយូរមកហើយ ទើបក្មេងៗរត់ទៅប្រាប់ប្រជាពលរដ្ឋក្នុងភូមិ ធ្វើឱ្យអ្នកភូមិមានការភ្ញាក់ផ្អើល នាំគ្នារត់ទៅមើល តែអកុសល ប្តីរបស់គាត់បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែរអិលជើងដួល ពេលដើរចុះទៅងូតទឹកស្ទឹងព្រែកត្នោត បណ្តាលឱ្យស្លាប់ដោយខ្លួនឯងប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។
សពជនរងគ្រោះត្រូវបានអ្នកភូមិនៅម្តុំកន្លែងកើតហេតុនាំគ្នាជួយចូលបុណ្យបន្តិចបន្តួច តាមលទ្ធភាព និងបានជួយដឹកសពយកទៅតម្កល់នៅវត្តព្រះបាទជាន់ឯក ដើម្បីឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕