Saturday, October 4, 2025
Homeព័ត៌មានជាតិប្រើអំណាចតួនាទី រកសុីដឹកឈើគ្រញូងតាមខេត្តត្បូងឃ្មុំ ជាប់អន្ទាក់សមត្ថកិច្ច

ប្រើអំណាចតួនាទី រកសុីដឹកឈើគ្រញូងតាមខេត្តត្បូងឃ្មុំ ជាប់អន្ទាក់សមត្ថកិច្ច

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានប្រើអំណាច តួនាទីជាអ្នកសារព័ត៌មាន រកស៊ីដឹកជញ្ជូនឈើគ្រញូង ចេញទៅលក់នៅក្នុងទឹកដីប្រទេសវៀតណាម ជាច្រើនលើកច្រើនសាមកហើយ តែទីបំផុត ក៏ត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ  ធ្វើការឃាត់ខ្លួនបាន ខណៈដែលបុរសរូបនេះបានដឹកឈើគ្រញូងពេញរថយន្ត បម្រុងនាំចូលទឹកដីវៀតណាម តាមច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកមេមត់ បានបង្ក្រាបរថយន្តដឹកជញ្ជូនឈើគ្រញូង១គ្រឿង ខណៈកំពុងធ្វើដំណើរដឹកឈើយកទៅលក់នៅវៀតណាម តាមច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំ។

លោកស្នងការបន្តថា ជនសង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើនេះ ជាមន្ត្រីយោធា និងជាអ្នកយកព័ត៌មាន ដោយមានឈ្មោះ២ផ្សេងគ្នា ដោយខាងយោធាមានឈ្មោះហាក់ ពាក់ស័ក្តិ២ ចំណែកខាងព័ត៌មានវិញ មានឈ្មោះសួស ណៃ អ្នកយកព័ត៌មានឱ្យកាសែត  “សេរីភាពខ្មែរ”។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសលួចដឹកជញ្ជូនឈើប្រណីតឆ្លងដែនមែន ដោយកន្លងទៅ រូបគេបានដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តព្រះវិហារ នាំទៅវៀតណាម តាមច្រកខេត្តតាកែវ និងខេត្តកំពត ជាច្រើនលើកច្រើនសាមកហើយ និងមិនធ្លាប់មានបញ្ហាអ្វីសោះ ស្រាប់តែពេលនេះចង់សាកនាំចេញតាមខេត្តត្បូងឃ្មុំ ម្តង ក៏ត្រូវកម្លាំងនគរបាលបង្ក្រាបបានតែម្តង។

លោកស្នងការខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ចំពោះប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោកបានដកហូតរថយន្តម៉ាកកាមរីបាឡែន ១គ្រឿង ជាមួយឈើគ្រញូងពេញគូទរថយន្ត។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES