ភ្នំពេញ ៖ ស្ត្រីម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយប្តី ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូង ដើរយំស្រែកតាមផ្លូវ និងបានប៉ុនប៉ងរត់ចូលរថយន្តដែលកំពុងបើកបរតាមផ្លូវ ក្នុងបំណងសម្លាប់ខ្លួនទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខក្រុមហ៊ុនប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីដែលឈ្លោះប្រកែកគ្នាជាមួយប្តី បែរជាប៉ុនប៉ងរត់ចូលឡានសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៤០ឆ្នាំ ស្លៀករ៉ូបផ្កាពណ៌ទឹកប៊ិច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើបានដើរបណ្តើរយំបណ្តើរ តាមបណ្តោយផ្លូវសហព័ន្ធរូស្សី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្ត្រីរូបនោះបានឈរយំមួយសន្ទុះ រហូតដល់ឃើញមានរថយន្តបើកបរឆ្លងកាត់តាមផ្លូវ ក៏បានព្យាយាមរត់ចូលរថយន្ត ដើម្បីសម្លាប់ខ្លួនតែម្តង ប៉ុន្តែសំណាងល្អ ត្រូវប្រជាពលរដ្ឋប្រទះឃើញជួយចាប់ប្រទាញប្រទង់ចេញមកវិញទាន់ពេលវេលា។
ប្រភពដដែលបន្តថា ក្រោយពីព្យាយាមសម្លាប់ខ្លួនតែមិនបានសម្រេច គេឃើញបងប្អូនរបស់ស្ត្រីខាងលើ បាននាំគ្នាមកដល់កន្លែងកើតហេតុ ជួយចាប់ឃាត់រហូតដល់ស្ត្រីរូបនោះដែលគិតតែពីស្រែកទ្រហោយំ រហូតដល់សន្លប់នៅនឹងកន្លែងតែម្តង។
តាមសម្តីរបស់បងប្អូនរបស់ស្ត្រីខាងលើ បានបង្ហើបប្រាប់ថា មូលហេតុដែលស្ត្រីរូបនេះដើរយំតាមផ្លូវ និងប៉ុនប៉ងរត់ចូលឡានសម្លាប់ខ្លួននេះ ក៏ព្រោះតែកើតមានជម្លោះពាក្យសម្តីជាមួយនឹងប្តី តែមិនដឹងថាឈ្លោះរឿងអ្វីនោះទេ។
ក្រោយពេលកើតហេតុ ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួនតាមរយៈការរត់ចូលរថយន្តដែលកំពុងបើកបរតាមផ្លូវនេះ ត្រូវបានបងប្អូនដឹកតាមរ៉ឺម៉កម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ទៅ៕