Saturday, October 4, 2025
Homeព័ត៌មានជាតិនាំកូន២នាក់ទៅលើកលបក្តាម ពេលកំពុងធ្លាក់ភ្លៀង ត្រូវរន្ទះបាញ់ក្បាលឪស្លាប់ កូនៗស្រែកយំហៅគេឯងឲ្យជួយ

នាំកូន២នាក់ទៅលើកលបក្តាម ពេលកំពុងធ្លាក់ភ្លៀង ត្រូវរន្ទះបាញ់ក្បាលឪស្លាប់ កូនៗស្រែកយំហៅគេឯងឲ្យជួយ

ខេត្តកោះកុង ៖ បុរសម្នាក់បាននាំកូន២នាក់ ចេញទៅលើកលបក្តាម ទាំងមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែអកុសល ពេលកំពុងលើកលបក្តាមដាក់លើទូក ក៏ស្រាប់តែត្រូវរន្ទះបាញ់ចំក្បាលបុរសជាឪពុក បណ្តាលឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅលើទូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចព្រែកពយពេច ស្ថិតក្នុងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។

 

បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះសិង្ហ ហឿន អាយុ៤៩ឆ្នាំ មុខរបរនេសាទ និងជាអនុប្រធានប្រជាការពារ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

 

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេធំនៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ ហើយក្នុងនោះជនរងគ្រោះខាងលើ បាននាំកូន២នាក់ ជិះទូកចេញទៅលើកលបក្តាមទាំងមេឃកំពុងធ្លាក់ភ្លៀង។ លុះទៅដល់កំពុងលើកលបក្តាមដាក់លើទូក ក៏ស្រាប់តែរន្ទះបានបាញ់ចំក្បាលបុរសរងគ្រោះជាឪពុក បណ្តាលឱ្យបែកក្បាលដួលស្លាប់នៅលើទូកភ្លាមៗមួយរំពេច ធ្វើឱ្យកូនៗរបស់ជនរងគ្រោះភ័យឆោឡោស្រែកហៅគេឯងឱ្យជួយ និងធ្វើឱ្យផ្អើលដល់អ្នករកក្តាមជិតនោះ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ចំក្បាលប្រាកដមែន ខណៈដែលជនរងគ្រោះជិះទូកចេញរកក្តាមទាំងមេឃកំពុងភ្លៀង។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES