ភ្នំពេញ ៖ នារីរូបស្រស់សាច់សខ្ចីម្នាក់ ព្រោះតែតូចចិត្តនឹងរឿងគ្មានអ្នកយល់ចិត្ត ក៏ហៅម៉ូតូឌុបជិះឡើងមកលើស្ពានព្រះមុនីវង្សចាស់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ច និងអ្នកសារព័ត៌មានជួយសង្គ្រោះទាន់ពេលវេលា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ត្រើយខាងលិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ស្រីស្អាតដែលប៉ុនប៉ងលោតទឹកស្ពានសម្លាប់ខ្លួនខាងលើនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ ស្លៀករ៉ូបត្រឹមជង្គង់ពណ៌ស មានឆ្នូតចម្រុះពណ៌ និងពាក់បូរពណ៌ផ្កាឈូកឆ្នូតខ្មៅ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូឌុបមកឈប់នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ រួចក៏ចុះដើរតែម្នាក់ឯងទាំងអារម្មណ៍រសាត់អណ្តែតគ្មានគោលដៅ ចំណែកទឹកមុខវិញពោរពេញទៅដោយវិបត្តិចាក់ស្រែះដោះស្រាយមិនចេញ។ ដោយឃើញសភាពមិនស្រួលបែបនេះ ទើបសមត្ថកិច្ចដែលប្រចាំការនៅក្បែរនោះ បានព្យាយាមដើរតាមពីក្រោយនារីរងគ្រោះជាប់ ព្រោះខ្លាចនាងមានគំនិតខ្លី ស្រាប់តែភ្លាមនោះនារីរងគ្រោះបានព្យាយាមលោតពីលើស្ពានដើម្បីសម្លាប់ខ្លួន ទើបសមត្ថកិច្ចបានស្ទុះចូលទៅជួយអន្តរាគមន៍ ឃាត់បានទាន់ពេលវេលា និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មានចុះមកព្រោងព្រាត។
តាមសម្តីនារីដែលមានគំនិតប៉ុនប៉ងលោតទឹសម្លាប់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា មូលហេតុដែលនាំឱ្យនាងសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននេះ គឺដោយសារតែនាងគ្មានអ្នកយល់ចិត្ត សូម្បីតែក្រុមគ្រួសារ ទើបធ្វើឱ្យនាងអស់សង្ឃឹមក្នុងជីវិត ក៏ហៅម៉ូតូឌុបជិះបម្រុងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្ស បែបនេះតែម្តង។
បន្ទាប់ពីទទួលបានការពន្យល់ណែនាំ និងជួយលើកជាកម្លាំងចិត្តពីសមត្ថកិច្ច និងក្រុមអ្នកសារព័ត៌មានមក នារីខាងលើក៏បញ្ឈប់គំនិតគិតខ្លីតទៅទៀត រួចក៏ឡើងម៉ូតូឌុបជិះត្រឡប់ទៅផ្ទះវិញបាត់ទៅ៕
អត្ថបទមុនៗ
ភ្នំពេញ ៖ ស្ត្រីម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយប្តី ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូង ដើរយំស្រែកតាមផ្លូវ និងបានប៉ុនប៉ងរត់ចូលរថយន្តដែលកំពុងបើកបរតាមផ្លូវ ក្នុងបំណងសម្លាប់ខ្លួនទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខក្រុមហ៊ុនប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីដែលឈ្លោះប្រកែកគ្នាជាមួយប្តី បែរជាប៉ុនប៉ងរត់ចូលឡានសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៤០ឆ្នាំ ស្លៀករ៉ូបផ្កាពណ៌ទឹកប៊ិច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើបានដើរបណ្តើរយំបណ្តើរ តាមបណ្តោយផ្លូវសហព័ន្ធរូស្សី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្ត្រីរូបនោះបានឈរយំមួយសន្ទុះ រហូតដល់ឃើញមានរថយន្តបើកបរឆ្លងកាត់តាមផ្លូវ ក៏បានព្យាយាមរត់ចូលរថយន្ត ដើម្បីសម្លាប់ខ្លួនតែម្តង ប៉ុន្តែសំណាងល្អ ត្រូវប្រជាពលរដ្ឋប្រទះឃើញជួយចាប់ប្រទាញប្រទង់ចេញមកវិញទាន់ពេលវេលា។
ប្រភពដដែលបន្តថា ក្រោយពីព្យាយាមសម្លាប់ខ្លួនតែមិនបានសម្រេច គេឃើញបងប្អូនរបស់ស្ត្រីខាងលើ បាននាំគ្នាមកដល់កន្លែងកើតហេតុ ជួយចាប់ឃាត់រហូតដល់ស្ត្រីរូបនោះដែលគិតតែពីស្រែកទ្រហោយំ រហូតដល់សន្លប់នៅនឹងកន្លែងតែម្តង។
តាមសម្តីរបស់បងប្អូនរបស់ស្ត្រីខាងលើ បានបង្ហើបប្រាប់ថា មូលហេតុដែលស្ត្រីរូបនេះដើរយំតាមផ្លូវ និងប៉ុនប៉ងរត់ចូលឡានសម្លាប់ខ្លួននេះ ក៏ព្រោះតែកើតមានជម្លោះពាក្យសម្តីជាមួយនឹងប្តី តែមិនដឹងថាឈ្លោះរឿងអ្វីនោះទេ។
ក្រោយពេលកើតហេតុ ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួនតាមរយៈការរត់ចូលរថយន្តដែលកំពុងបើកបរតាមផ្លូវនេះ ត្រូវបានបងប្អូនដឹកតាមរ៉ឺម៉កម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ទៅ៕
http://www.nokorthomdaily.com/2018/01/social-61895/