ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយម្នាក់ បានដោតឌុយភ្លើងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ និងធ្វើឱ្យទុស្សេខ្សែភ្លើង បង្កជាការឆាបឆេះទាំងឃ្លាំងអេតចាយដែលជាកន្លែងស្នាក់នៅ និងឆេះទាំងសពស្ត្រីមេម៉ាយខាងលើ បណ្តាលឱ្យខ្លោចខ្មៅរោលគួរឱ្យរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២៤នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី។
ស្ត្រីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មានឈ្មោះធូ តាំងហូវ ហៅតាំង អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនប្រុសស្រីចំនួន៣នាក់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឱ្យដឹងថា តាមសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកនៅក្នុងបន្ទប់ក្នុងឃ្លាំងអេតចាយតែម្នាក់ឯង ចំណែកកូនៗទៅរៀនអស់ ក្រោយមកក៏ស្រាប់តែឃើញមានផ្សែងហុយចេញពីក្នុងបន្ទប់ស្ត្រីរងគ្រោះ រួចក៏ក្លាយជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។ ភ្លាមៗនោះ នៅពេលដឹងថា មានគ្រោះអគ្គិភ័យកើតឡើង អ្នកជិតខាងបាននាំគ្នាទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច និងឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង រួមទាំងកម្លាំងនគរបាលស្រុកមង្គលបូរី និងប្រជាពលរដ្ឋនៅក្បែរខាងជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបរលត់អស់ទាំងស្រុង និងមិនបណ្តាលឱ្យរាលដាលឆេះសម្ភារៈក្នុងឃ្លាំងនោះបន្តទៀតឡើយ។
លោកអធិការបន្តថា ចំពោះសម្ភារៈដែលខូចខាតក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ រួមមាន ម៉ាស៊ីនត្រជាក់១គ្រឿង គ្រែដេក១ ពួក១ ភួយ១ ព្រមទាំងសម្ភារៈមួយចំនួនទៀត។
ដោយឡែក នៅលើសាកសពស្ត្រីរងគ្រោះដែលត្រូវភ្លើងឆេះខ្លោច តាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបង្ហាញថា នៅលើដងខ្លួនសព ឃើញមានខ្សែភ្លើងព័ទ្ធលើខ្លួន ដូច្នេះតាមការសន្និដ្ឋានជាជំហានដំបូង នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះអាចនឹងដោយឌុយខ្សែភ្លើងចូលទៅក្នុងព្រីភ្លើង ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យឆក់ស្លាប់ និងទុស្សេឆាបឆេះបែបនេះតែម្តង។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕