Saturday, October 4, 2025
Homeព័ត៌មានជាតិលាយថ្នាំពុលជាមួយបាយហូបជុំគ្នា ស្លាប់កូន២នាក់ ម្តាយនៅរស់ ក្រោយផ្ទុះជម្លោះជាមួយប្តី

លាយថ្នាំពុលជាមួយបាយហូបជុំគ្នា ស្លាប់កូន២នាក់ ម្តាយនៅរស់ ក្រោយផ្ទុះជម្លោះជាមួយប្តី

ខេត្តកំពត ៖ ស្ត្រីម្នាក់បានកើតមានជម្លោះជាមួយប្តីយ៉ាងខ្លាំង រហូតដល់ទ្រាំមិនបាន ក៏នាំកូនប្រុសតូច២នាក់ ចុះចេញពីផ្ទះចោលប្តី ទៅជួលផ្ទះសំណាក់ស្នាក់នៅ បន្ទាប់មកដោយមុជមិនជ្រៅទៅមិនឆ្ងាយ គិតអ្វីក៏មិនចេញ ស្រាប់តែបែកគំនិតគិតខ្លី យកថ្នាំពុលមកលាយជាមួយបាយ រួចនាំកូនៗហូបជុំគ្នា៣នាក់ម៉ែកូន បណ្តាលឱ្យពុលធ្ងន់ធ្ងរ និងត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែអកុលស ពេលដឹកបានពាក់កណ្តាលផ្លូវ កូនប្រុសទាំង២បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម នៅសល់តែស្ត្រីជាម្តាយស្ថិតក្នុងអាការៈពុលធ្ងន់នៅឡើយ។

ហេតុការណ៍ស្ត្រីគំនិតខ្លីដាក់ថ្នាំពុលក្នុងបាយ នាំកូន២នាក់ហូប បំណងសម្លាប់ខ្លួនទាំងអស់គ្នានេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់សុខមនោរម្យ ស្ថិតនៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ។

ស្ត្រីគំនិតខ្លីខឹងប្តីបែរជាដាក់ថ្នាំពុលលាយក្នុងបាយហូបជាមួយកូន ធ្វើឱ្យកូនប្រុស២នាក់ស្លាប់ ចំណែកខ្លួនឯងស្ថិតក្នុងសភាពពុលធ្ងន់ធ្ងរនេះ មានឈ្មោះប៉ាក សុខហេង អាយុជាង៣០ឆ្នាំ មានប្តីឈ្មោះហ៊ិន ម៉ាត អាយុជាង៣០ឆ្នាំ។ ចំណែកក្មេងប្រុសទាំង២នាក់ដែលបាត់បង់ជីវិត រួមមាន ទី១-ឈ្មោះហ៊ាល សុវណ្ណាមិ អាយុ១០ឆ្នាំ និងទី២-ឈ្មោះ ហ៊ាល ក្តាន់ អាយុ៦ឆ្នាំ។ ទាំង៣នាក់ម្តាយ និងកូន មានលំនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពពីម្ចាស់ផ្ទះសំណាក់ យីហោ សុខមនោរម្យ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើបាននាំកូនប្រុសតូចទាំង២នាក់ មកជួលបន្ទប់ផ្ទះសំណាក់របស់គាត់ស្នាក់នៅ ចំនួន២យប់រួចមកហើយ។ លុះមកដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយមិនដឹងម៉ោងច្បាស់លាស់ទេ ស្រាប់តែស្ត្រីជាម្តាយរូបនោះបានយកថ្នាំពុលមកលាយក្នុងបាយ រួចហៅកូនៗមកហូបជុំគ្នា លុះក្រោយពីហូបរួចក៏កើតមានអាការៈពុលក្អួតយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកផ្ទះសំណាក់ ទាក់ទងផ្តល់ដំណឹងដល់បុរសជាប្តីមកដល់ហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទាំង៣នាក់ម៉ែកូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តតាកែវ តែអកុសល ពេលដឹកបានត្រឹមពាក់កណ្តាលផ្លូវ កូនប្រុសទាំង២បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាម្តាយមានអាការៈធ្ងន់ធ្ងរ កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តតាកែវ។

លោកវរសេនីយឯក សៅ សំអឿន ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ក្រោយពីមានព័ត៌មានថាមានមនុស្សបានពុលថ្នាំស្លាប់នៅផ្ទះសំណាក់ខាងលើ កម្លាំងអធិការស្រុកអង្គរជ័យ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការសាកសួរម្ចាស់ផ្ទះសំណាក់ពីហេតុការណ៍កើតឡើង និងត្រូវបានម្ចាស់ផ្ទះសំណាក់ឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បាននាំកូនប្រុស២នាក់ ចូលមកស្នាក់នៅក្នុងផ្ទះសំណាក់ យីហោ សុខមនោរម្យ រយៈពេល២យប់មកហើយ ហើយតាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលស្ត្រីខាងលើនាំកូនចាកចេញពីផ្ទះនេះ គឺដោយសារមានការឈ្លោះប្រកែកគ្នាជាមួយប្តី លុះមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ត្រីជិម្តាយាក៏បែកគំនិតលាយថ្នាំពុលក្នុងបាយឱ្យកូនហូប ហើយខ្លួនឯងក៏ហូបជាមួយកូន បំណងសម្លាប់ខ្លួនទាំងអស់គ្នា តែអកុសល ស្លាប់តែកូន២នាក់ ចំណែកស្ត្រីជាម្តាយនៅមានជីវិតនៅឡើយ។

លោកស្នងការរងបន្តថា ក្រោយកើតហេតុភ្លាមៗ ខាងបុគ្គលិកផ្ទះសំណាក់បានទាក់ទងផ្តល់ដំណឹងដល់បុរសជាប្តីស្ត្រីរងគ្រោះ លុះបុរសជាប្តីមកដល់ ក៏ប្រញាប់ដឹកបញ្ជូនប្រពន្ធនិងកូនប្រុសទាំង២នាក់របស់ខ្លួន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តតាកែវ ភ្លាមៗដែរ តែអកុសល កូនប្រុស២នាក់ ត្រូវជាតិថ្នាំជ្រាបពេញខ្លួនអស់ទៅហើយ ទើបបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ ចំណែកស្ត្រីជាម្តាយស្ថិតក្នុងសភាពពុលធ្ងន់ធ្ងរ  និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ។

លោកស្នងការរង បញ្ជាក់ថា ចំពោះហេតុការណ៍ខាងលើនេះ សមត្ថកិច្ចគ្រាន់តែកំណត់សភាពរឿងរ៉ាវបានថា ករណីនេះផ្តើមចេញពីជម្លោះរវាងប្តីប្រពន្ធ រហូតឈានដល់ប្រពន្ធនាំកូនចុះចេញពីផ្ទះ ហើយលេបថ្នាំបំពុលទាំងម្តាយទាំងកូន ដើម្បីបញ្ចប់រឿង។ យ៉ាងណា សមត្ថកិច្ចមិនទាន់សាកសួរបុរសជាប្តីនៅឡើយ ដោយហេតុថា ខណៈពេលនេះ កូនប្រុសទាំង២ ក៏ស្លាប់ ចំណែកប្រពន្ធក៏ស្ថិតក្នុងសភាពធ្ងន់ធ្ងរកំពុងសង្គ្រោះនៅឡើយ៕

RELATED ARTICLES