Saturday, October 4, 2025
Homeព័ត៌មានជាតិជិះឡានសុខៗ ធុំក្លិនហ្គាសភាយចេញ ផ្ទុះឆេះស្លាប់ព្រូ អ្នកបើកបររងរបួសធ្ងន់

ជិះឡានសុខៗ ធុំក្លិនហ្គាសភាយចេញ ផ្ទុះឆេះស្លាប់ព្រូ អ្នកបើកបររងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ រថយន្តដឹកទឹកផ្លែឈើមួយគ្រឿង កំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែធុំក្លិនហ្គាស រួចក៏ផ្ទុះលាន់ឡើងកក្រើក បណ្តាលឱ្យឆាបឆេះរថយន្តទាំងស្រុង បង្កឱ្យយុវជនជាព្រូរថយន្តម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកបុរសជាអ្នកបើកបររថយន្តទទួលរងរបួសធ្ងន់ រីឯរថយន្តត្រូវភ្លើងឆេះខូចខាតទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ផ្ទុះឆេះរថយន្តដ៏គួរឱ្យរន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក។

យុវជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះជឹម ឆេងអាន អាយុ១៧ឆ្នាំ មុខរបរព្រូរថយន្ត មានលំនៅក្នុងភូមិកំពង់ថ្ម ស្រុកសន្ទុក។ ចំណែកបុរសជាអ្នកបើកបរថយន្តដែលទទួលរងរបួសធ្ងន់ មានឈ្មោះជិន គឹមឆូយ អាយុ៣៤ឆ្នាំ រស់នៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ប្រភេទកូរ៉េឃ្លុបបិទជិត ម៉ាកហ៊ីយ៉ាន់ដាយ ១,៥តោន ពណ៌ស ដឹកទឹកផ្លែឈើចំរុះ បើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែធុំក្លិំនហ្គាសយ៉ាងខ្លាំង បន្ទាប់មកក៏ឮសំឡេងផ្ទុះឡើងកក្រើកនៅកណ្តាលផ្លូវ និងធ្វើឱ្យរថយន្តក្រឡាប់ និងមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅឡើង បណ្តាលឱ្យឆេះព្រូឡានម្នាក់ស្លាប់នៅនឹងកន្លែងតែម្តង ចំណែកអ្នកបើកបររថយន្តទទួលរងរបួសធ្ងន់ ហើយត្រូវបានជួយសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក។

ក្រោយកើតហេតុ គេឃើញប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ បានចេញមកជួយអន្តរាគមន៍ និងទាក់ទងប្រាប់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ និងជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ។

ជុំវិញករណីផ្ទុះឆេះរថយន្តខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានថា បណ្តាលមកពីអ្វីឱ្យពិតប្រាកដនៅឡើយ រង់ចាំធ្វើការស្រាវជ្រាវបន្តទៀត។

សាកសពជនរងគ្រោះជាព្រូរថយន្ត ត្រូវបានសមត្ថកិច្ចផ្តល់ដំណឹងដល់ក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES