Saturday, October 4, 2025
Homeព័ត៌មានជាតិបើកឡានដេញបុកលេងៗ ខឹងគេស្តីបន្ទោស ចុះមកវាយថែមទៀត

បើកឡានដេញបុកលេងៗ ខឹងគេស្តីបន្ទោស ចុះមកវាយថែមទៀត

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកជិតខាង ជាមនុស្សរាប់អានគ្នាម្នាក់ បើករថយន្តដេញបុកលេងៗ លុះជនរងគ្រោះភ័យស្តីបន្ទោស ២-៣ម៉ាត់ ស្រាប់តែអ្នកបើករថយន្តផ្ទុះកំហឹង ក៏ចុះមកវាយ បណ្តាលឱ្យប៉ោងមុខ ទើបធ្វើឱ្យជនរងគ្រោះកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប១ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។

ករណីបើករថយន្តដេញបុកលេងៗ បែរជាផ្ទុះជម្លោះវ៉ៃប៉ោងមុខមែនទែននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិប៉ប៉្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវគេបើករថយន្តដេញបុកហើយវ៉ៃប៉ោងមុខទៀតនោះ មានឈ្មោះព្រុំ សំអុល អាយុ៣៦ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលលេខ២៤០ ផ្លូវលំ ស្ថិតក្នុងភូមិ-សង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើត ផ្ទះលេខ១៥៨ ផ្លូវ២១ ភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនដៃដល់ ជាមនុស្សរាប់អានគ្នា ស្នាក់នៅផ្ទះជាប់គ្នា។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ជនដៃដល់ជាអ្នកស្គាល់រាប់អានគ្នារស់នៅផ្ទះជាប់គ្នា មិនដឹងថាបើកឡានមកពីណានោះទេ លុះមកដល់ផ្ទះហើយឃើញខ្លួនកំពុងឈរនៅខាងមុខផ្ទះ ក៏ស្រាប់តែបើករថយន្តមកដេញបុករូបគេ ក្នុងបំណងធ្វើជាល្បែងលេងសើច ដោយព្យាយាមបើកដេញបុកម្តងហើយម្តងទៀត ជាហេតុធ្វើឱ្យរូបគេភ័យ ក៏ស្តីបន្ទោសទៅជនដៃដល់ជាអ្នកបើករថយន្តនោះថា ម៉េចក៏ធ្វើរឿងលេងសើចបែបប្រឈមគ្រោះថ្នាក់បែបហ្នឹង ស្រាប់តែជននោះផ្ទុះកំហឹង ក៏ចុះមកចាប់វ៉ៃរូបគេ បណ្តាលឱ្យរងរបួសប៉ោងមុខ។ ភ្លាមនោះ រូបគេបានទៅប្រាប់ឪពុកជនដៃដល់ដែរ បែរជាមកគំរាមវ៉ៃរូបគេបន្ថែមទៀត ទើបធ្វើឱ្យរូបគេភ័យខ្លាចរឿងកាន់តែធ្ងន់ ក៏រត់គេចទៅដេកសម្រាកផ្ទះសាច់ញាតិ រហូតដល់ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប១ ដើម្បីឱ្យជួយរកយុត្តិធម៌តែម្តង៕

RELATED ARTICLES