តារាសម្ដែងកែវ ស្រីនាង បានធ្វើកម្មវិធីសម្ពោធហាងសាឡនទី២របស់ខ្លួន កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅបុរីប៉េង ហួត ដឹស្ដារព្រីមៀរ៍ (ផ្លូវជា សុផារ៉ា) ផ្ទះលេខ៣៦ ផ្លូវPo4 ភ្នំពេញ ដោយមានតែតារាសិល្បៈជិតដិតបំផុតប៉ុណ្ណោះ ដែលត្រូវបានស្រីនាង អញ្ជើញឲ្យជាភ្ញៀវ ក្នុងនោះមានដូចជា លោកអែន ឌី , គង់ ចំរ៉ុង , Vj អាណូ និងថៅកែផលិតកម្មមហាហង្ស លោកអ៊ិន សុភិន ជាដើម។
ប្រភពបានឲ្យដឹងថា នេះគឺជាហាងរក្សាសម្រស់ទី២ហើយរបស់អ្នកនាងកែវ ស្រីនាង ដែលបានបើកក្នុងបុរីនេះ ប៉ុន្តែតារាសម្ដែងរូបនេះក៏មានហាងទី៣មួយទៀត នៅក្នុងបុរីតែមួយនេះដែរ គឺហាងគុយទាវទូក ដូចនេះ កែវ ស្រីនាង មានហាងដល់ទៅ៣នៅក្នុងបុរីនេះ។ ដោយឡែក មុននឹងសម្ពោធហាងស្រីនាង សាឡនទី២ នេះ កន្លងមកក៏លេចឮថា អ្នកនាងមានហាងរក្សាសម្រស់មួយនៅក្រុងសៀមរាប ដែរ។
ប្រភពបានឲ្យដឹងទៀតថា នៅថ្ងៃសម្ពោធហាងទី២របស់អ្នកនាងកែវ ស្រីនាង នេះ គេមិនឃើញមានបងស្រីរបស់អ្នកនាងកែវ ស្រីនាង គឺអ្នកនាងកែវ ពិសី ទៅចូលរួមឡើយ ព្រោះពិសី ទៅក្រៅប្រទេស រួមទាំងប្អូនស្រីនាង កែវ វលក្ខណ៍ ក៏មិនមានមុខនៅក្នុងកម្មវិធីនោះដែរ។
នៅពេលនេះ ត្រកូល “កែវ” ដែលមានបងប្អូនស្រីទាំង៣ គឺកែវ ពិសី , កែវ ស្រីនាង និងកែវ វលក្ខណ៍ នោះ នៅសល់តែកែវ ស្រីនាង ម្នាក់គត់ ដែលនៅបន្ដប្រឡូកអាជីពសិល្បៈ ដោយយូរៗម្ដងលេចមុខសម្តែងភាពយន្ដថ្មី និង MV ផងដែរ ខណៈដែលកែវ ពិសី និងកែវ វលក្ខណ៍ សុទ្ធតែចាកចេញពីសិល្បៈអស់ទៅហើយ។
កែវ សី្រនាង ដែលមានស្វាមីជាជនជាតិអង់គ្លេស និងមានកូនស្រី១នោះ ត្រូវបានគេចាត់ទុកថាជាតារាដែលមានទ្រព្យច្រើន មិនចាញ់ជំទាវឡើយ ព្រោះអ្នកនាងមានភូមិគ្រឹះស្ដុកស្ដម្ភនៅក្រុងសៀមរាប និងបានបើកហាងជាបន្ដបន្ទាប់។ ទោះជាយ៉ាងណា ស្រីនាង ដែលមានជំងឺកាចសាហាវឈាមសស៊ីឈាមក្រហមនោះ មានសុខភាពមិនសូវអំណោយផលឡើយ ដោយតាមប្រភពថា អ្នកនាងត្រូវប្រឈមនឹងការលេបថ្នាំអស់មួយជីវិតតែម្ដង។
ប្រភពក៏បានបន្តថា កែវ ស្រីនាង នៅដើមឆ្នាំ២០១៨នេះ អ្នកនាងត្រៀមថតភាពយន្ដឲ្យផលិតកម្មមហាហង្ស និងផលិតក្មថោន ដែលមានអ្នកដឹកនាំអ្នកស្រីពាន់ ភួងបុប្ផា ផងដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះ ស្រីនាង ទើបតែថតបទចម្រៀងរបស់លោកអែនឌី តាមរយៈបទ ”មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី” ដោយអ្នកនាងថែមទាំងហ៊ានលេងឈុតឱបថើបជាមួយលោកអែន ឌី យ៉ាងរោលរាល ហាក់មិនខ្លាចប្ដីបរទេសប្រចណ្ឌសោះឡើយ។
តារាសិល្បៈដែលទៅចូលរួមកម្មវិធីសម្ពោធហាងស្រីនាង សាឡនទី២នោះ បានបង្ហើបឲ្យដឹងថា ស្រីនាង នឹងបើកហាងសាខាថ្មីទៀត ប្រសិនបើហាងថ្មីនេះបានជោគជ័យ ព្រោះតារារូបនេះបានយកមុខជំនួញជាជំហ៊ានទី១ ហើយការងារសិល្បៈជាជំហានទី២៕