ភ្នំពេញ ៖ បុរស២នាក់ស្នាក់នៅផ្ទះក្បែរខាងគ្នា ប៉ុន្តែខ្វះការយោគយល់អធ្យាស្រ័យដល់គ្នាទៅវិញទៅមក មានចរិតចង់ឈ្នះចាញ់រៀងខ្លួន រហូតកើតមានទំនាស់ គ្រាន់តែភាគីម្ខាងដើរមកប្រាប់ឱ្យបន្ថយសំឡេងធុងបាស់ កុំឱ្យលាន់ឮខ្លាំងពេក ស្រាប់តែផ្ទុះកំហឹងទាញបំពង់ទីបវាយសំពង បណ្តាលឱ្យរយះភ្នែករងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ 3Z ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះសោម សាមេត ហៅធឿន អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលទីតាំងកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះគី ប៊ុនធឿន ហៅធឿនកង់បី អាយុ៣៧ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បី ស្នាក់នៅផ្ទះជួលជាប់គ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩និង៤៥នាទីយប់ ជនរងគ្រោះបានដើរចេញពីផ្ទះខ្លួន មកឈរមុខផ្ទះរបស់ជនសង្ស័យ ហើយប្រាប់ឱ្យជនសង្ស័យបន្ថយសំឡេងធុងបាស់បន្តិច ព្រោះវាថ្លង់ណាស់ តែជនសង្ស័យមិនព្រម ទើបជនរងគ្រោះបានជេរដៀមដាម រហូតកើតជាទំនាស់ពាក្យសំដីគ្នា ហើយភ្លាមនោះជនសង្ស័យបានដួសទឹកជះទៅលើជនរងគ្រោះ ព្រមទាំងទាញដែកបំពង់ទីបបួនជ្រុង ដែលនៅក្បែរផ្ទះប្អូនខ្លួន យកមកវាយលើជនរងគ្រោះ បណ្តាលឱ្យរយះដេរ៦ថ្នេរ ក្រោមភ្នែកខាងស្តាំដាច់សាច់ លើស្មារខាងឆ្វេងដាច់សាច់ពោះចំហៀងខាងឆ្វេងជាំក្រហម និងចង្អុលដៃឆ្វេងជាំហើម រងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងដែកបំពង់ទីបបួនជ្រុង១ ប្រវែងប្រហែល២ម៉ែត្រកន្លះ ជារបស់ជនសង្ស័យដែលធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនខ្លនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី៕