ខេត្តតាកែវ ៖ យុវជនឈាមរាវម្នាក់ ដោយសារប្រើប្រាស់ថ្នាំញៀនលើសកម្រិត (បែកថ្នាំ) ក៏រករឿងអុកឡុកពេញផ្ទះ និងថែមទាំងប្រើអំពើហិង្សាដេញវ៉ៃឪពុកម្តាយ ធ្វើឱ្យឪពុកម្តាយភ័យស្លន់ស្លោរត់គេចខ្លួនបាត់អស់ ស្រាប់តែកូនប្រុសមិនទាន់រំសាយកំហឹង ក៏ធ្វើសកម្មភាពវាយបំផ្លាញរបស់របរ និងទ្រព្យសម្បត្តិក្នុងផ្ទះ រងការខូចខាតអស់មួយចំនួនធំ។
ករណីកូនប្រុសកំណាចខឹងដេញវ៉ៃម៉ែឪអត់បាន បែរជាមកបញ្ចោញកំហឹងលើរបស់ទ្រព្យក្នុងផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី។
កូនប្រុសអកតញ្ញូដែលដេញវ៉ៃឪពុកម្តាយ ដោយមិនខ្លាចបុណ្យបាប មានឈ្មោះស៊ឹម ម៉ី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ។
តាមសម្តីឪពុកម្តាយជនសង្ស័យខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ គ្មានការងារធ្វើអ្វីឱ្យប្រាកដនោះទេ មួយថ្ងៃៗ ដើរលេងប៉ោឡែ បង្កើតបក្ខពួកបងតូចបងធំអុកឡុកពេញភូមិ និងថែមទាំងបានជុំជើងគ្នាជក់ថ្នាំសឹងរាល់ថ្ងៃ ហើយពេលបែកថ្នាំម្តងៗ តែងបង្កការអុកឡុកក្រុមគ្រួសារមិនឈប់។ ជាក់ស្តែង នៅមុនពេលកើតហេតុ ក្រោយពីជក់ថ្នាំញៀនរួច កូនប្រុសនេះបានមកសុំលុយពីពួកគាត់ បំណងយកទៅជក់ថ្នាំបន្ត លុះពេលពួកគាត់អស់មានលុយឱ្យ ទើបធ្វើឱ្យកូនប្រុសរមិលគុណផ្ទុះកំហឹង ស្រែកជេរបញ្ចោរ និងដេញវ៉ៃពួកគាត់ជាឪពុកម្តាយទាំងកំរោល ធ្វើឱ្យពួកគាត់ភ័យស្លន់ស្លោ នាំគ្នារត់គេចចេញពីផ្ទះបាត់អស់ ស្រាប់តែកូនប្រុសកំណាចនេះមួម៉ៅក្តៅចិត្តកាន់តែខ្លាំង ក៏ធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារក្នុងផ្ទះអស់មួយចំនួន។
ឪពុកម្តាយរបស់ជនសង្ស័យ បន្តថា របស់ទ្រព្យដែលកូនប្រុសកំណាចវ៉ៃបំផ្លាញ រួមមាន ពាងទឹក១៤, ធុងទឹកកក១, ចង្ក្រានហ្គាស១, អង្ករ១បាវ ទម្ងន់៥០គីឡូ, បង់អង្គុយលេង១ឈុត, ចង្ក្រានដាំបាយអគ្កិសនី១ និងសម្ភារៈជាច្រើនទៀត។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕