ខេត្តកំពង់ធំ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងដើរហៅសំបុត្រការកូនប្រុស ស្រាប់តែអកុសល ត្រូវរថយន្តមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យបែកក្បាល និងបាក់ដៃរងរបួសធ្ងន់ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍។
បុរសរងគ្រោះដែលត្រូវរថយន្តបុករបួសធ្ងន់ មានឈ្មោះទឹម ខុន អាយុ៥៤ឆ្នាំ របួសធ្ងន់ចំក្បាលទាំងសងខាងនឹងដៃខាងស្តាំ មានលំនៅក្នុងភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍។ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក Zoomer-X។ ចំណែកអ្នកបើកបររថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយពេលកើតេហតុ បានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាក Zoomer-X ដើរអញ្ជើញសំបុត្រការកូនប្រុសរបស់ខ្លួននៅតាមភូមិនានា។ លុះក្រោយពីចែកធៀបការឱ្យភ្ញៀវអស់ហើយ ជនរងគ្រោះក៏បានជិះម៉ូតូ ក្នុងបំណងត្រឡប់មកផ្ទះវិញ ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿង មិនចាំម៉ាកនិងស្លាកលេខ គ្រាន់តែដឹងថា ជាប្រភេទរថយន្តដឹកស្រាបៀរ បើកបរក្នុងល្បឿនយ៉ាងលឿន បោះពួយក្នុងទិសដៅពីជើងទៅត្បូង រួចក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលកំពុងបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះជាអ្នកជិះម៉ូតូ បែកមួកការពារសុវត្ថិភាពជា២ ធ្វើឱ្យរងរបួសត្រង់កាល និងដៃខាងស្តាំយ៉ាងធ្ងន់។ ចំណែករថយន្តបង្ក ក្រោយកើតហេតុ បានបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក ប៉ុន្តែដោយស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ទើបត្រូវបានបញ្ជូនទៅសង្គ្រោះបន្តនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ប៉ូលិសចរារណ៍ស្រុកបារាយណ៍ កំពុងស្រាវជ្រាវរករថយន្តបុកមនុស្សបណ្តាលរបួសធ្ងន់ ដើម្បីយកមកដោះស្រាយនាពេលក្រោយ៕