ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង២២និង៣០នាទីយប់ នៅប៉ុស្តិ៍នគរបាលសង្កាត់កំពង់ចាម បានទទួលបណ្តឹងមួយ ពីឈ្មោះអ៊ីត ធីតា ភេទស្រី អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានប្តឹងថា មានជនមិនស្គាល់អត្តសញ្ញាណដែលបានលួចរថយន្តរបស់ខ្លួន នៅត្រង់ចំណុចក្រោយរបងខាងត្បូងមន្ទីរវប្បធម៌ខេត្តកំពង់ចាម ក្នុងភូមិទី១៥ សង្កាត់កំពង់ចាម កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមសម្តីម្ចាស់រថយន្តខាងលើ បានឱ្យដឹងថា នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ អ្នកស្រី និងក្រុមគ្រួសារបានជិះរថយន្តម៉ាកកាមរីបាទ្បែន ពាក់ស្លាកលេខភ្នំពេញ 2Z-9020 មកទុកនៅខាងត្បូងមន្ទីរវប្បធម៍ខេត្តកំពង់ចាម ហើយនាំគ្នាចូលទៅមើលការប្រគំតន្ត្រី ប្រហែលជាងមួយម៉ោងក្រោយមក អ្នកស្រីនិងក្រុមគ្រួសារបានចេញមកវិញ ស្រាប់តែបាត់រថយន្តពីកន្លែងទុកខាងលើ រកមិនឃើញតែម្តង ដោយមិននឹកស្មានថា មានចោរលួចរថយន្តឡើយ លុះចន្លោះម៉ោង៧ទៅម៉ោង៧និង៣០នាទីយប់ ថ្ងៃដដែល ពេលដែលក្រុមគ្រួសារគាត់ចេញមកវិញ បំណងត្រឡប់ទៅផ្ទះ ស្រាប់តែបាត់រថយន្តមិនឃើញនៅកន្លែងចត មិនដឹងជាជនសង្ស័យធ្វើសកម្មភាពលួចតាំងពីថ្មើរណា គាត់ក៏មកដាក់ពាក្យបណ្តឹងឱ្យប៉ូលិសជួយអន្តរាគមន៍តែម្តង។
ប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននិងកំពុងធ្វើការស្រាវជ្រាវករណីចោរកម្ម បង្កដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបានធ្វើសកម្មភាពលួចរថយន្តអស់រយៈពេល២ថ្ងៃ ហើយមិនទាន់បានលទ្ធនៅទ្បើយ រហូតមកដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ តែយ៉ាងណាកម្លាំងសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវវែកមុខជនសង្ស័យ ឈានដល់ការចាប់ខ្លួននាំមកផ្តន្ទាទោសនៅថ្ងៃណាមួយឱ្យខាងតែបាន៕