ខេត្តកំពង់ចាម ៖ ប្តីប្រពន្ធ២នាក់ កំពុងជិះលើរថយន្តក្រុងដែលកំពុងបើកបរលើដងផ្លូវ និងផ្ទុកអ្នកដំណើរពេញរថយន្ត ស្រាប់តែកើតមានជម្លោះនឹងគ្នា រហូតធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹង បែរជាស្ទុះទៅទាញចង្កូតរថយន្តក្រុង ដែលកំពុងបើកបរ ធ្វើឱ្យរថយន្តរេចង្កូតឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ ប៊ិះនឹងក្រឡាប់ផ្តាច់ជីវិតមនុស្សទាំងអស់ដែលកំពុងរួមដំណើរលើរថយន្តក្រុង ធ្វើឱ្យអ្នកដំណើរភ័យស្លន់ស្លោ ភ្នែកនៅកញ្ចឹងក ខ្លះស្រែករកពុទ្ធោ!!! ខ្លះបន់គុណឪម៉ែឱ្យជួយ លុះក្រោយកើតហេតុ អ្នកដំណើរផ្ទុះកំហឹង ក៏ចាប់ជនបង្កទាញចង្កូតរថយន្តរូបនោះ ព្រួតគ្នា វាយម្នាក់មួយដៃមួយជើង បែកឈាមពេញមុខ។
ហេតុការណ៍អ្នកដំណើរព្រួតវ៉ៃបុរសម្នាក់ឡើងទ្រមខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែតលេខ៧០ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។
បុរសចិត្តក្តៅដែលខឹងប្រពន្ធខ្លួនឯង បែរជាបួងចង្កូតរថយន្តស្ទើរក្រឡាប់ស្លាប់អ្នកដំណើរ រហូតធ្វើឱ្យអ្នកដំណើរផ្ទុះកំហឹងព្រួតវាយដំយ៉ាងដំណំ មានឈ្មោះសុំ សុផាន អាយុ៣០ឆ្នាំ មានប្រពន្ធឈ្មោះតឹប នីន អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានឱ្យដឹងថា នៅមុនកើតហេតុ មានរថយន្តក្រុង១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកពណ៌ទឹកប៊ិចលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 3A-1863 ជាប្រភេទរថយន្តដឹកដឹកអ្នកដំណើររបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ បើកបរដោយយុវជនឈ្មោះភុំ ណាក់ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ដឹកអ្នកដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប។ លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ រថយន្តនេះស្រាប់តែត្រូវអ្នកជិះលើរថយន្តម្នាក់ ស្ទុះទៅទាញបួងចង្កូតឡើងនៅលើសួនច្បារកណ្តាលទ្រូងផ្លូវ។
លោកអធិការ បន្តថា តាមការបំភ្លឺរបស់អ្នកដំណើរនៅលើរថយន្តបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកដំណើរជាច្រើនបានឡើងជិះរថយន្តក្រុងខាងលើ ក្នុងគោលដៅចេញពីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ហើយក្នុងនោះ ក៏មានប្តីប្រពន្ធ២នាក់ គឺឈ្មោះសំ សុជាន និងប្រពន្ធឈ្មោះតឹប នីន ក៏បានរួមដំណើរជាមួយួគ្នាផងដែរ។ លុះពេលរថយន្តកំពុងបើកបរមកដល់ចំណុចកើតហេតុខាងលើ គេឃើញប្តីប្រពន្ធខាងលើនេះ បានចាប់ផ្តើមឈ្មោះប្រកែកគ្នានៅលើរថយន្ត លុះបន្តិចក្រោយមក ស្រាប់តែបុរសជាប្តីបានស្ទុះទៅទាញចង្កូតរថយន្ត បណ្តាលឱ្យឡើងលើទ្រូងផ្លូវតែម្តង តែសំណាងល្អអ្នកបើកបររថយន្តមានស្មារតីរឹងមាំ បានទប់ចង្កូត និងជាន់ហ្វ្រាំងឈប់បានទាន់ពេលវេលា ទើបរថយន្តមិនក្រទ្បាប់។
ប្រភពដដែលបន្តថា នៅពេលកើតមានករណីបែបនេះ បានធ្វើឱ្យអ្នកដំណើរនៅលើរថយន្តក្រុងទាំងអស់ ភ័យស្លន់ស្លោ ភ្នែកនៅកញ្ចឹងកគ្រប់ៗគ្នា ដោយក្នុងនោះ ខ្លះបានបែនបន់រកពុទ្ធោ ខ្លះនឹករំលឹកដល់គុណបុណ្យឪពុកម្តាយ ពោលគឺមានការផ្អើលឆោឡោពេញក្នុងរថយន្ត។ បន្ទាប់មក នៅពេលរថយន្តឈប់ស្រួលបួលដោយមិនក្រឡាប់ក្រុមអ្នកដំណើរ បានផ្ទុះកំហឹងនឹងបុរសឈ្មោះសំ សុជាន ក៏នាំគ្នាចាប់បុរសនោះ រួចបញ្ចោញកំហឹងម្នាក់១ដៃ១ដើង ឡើងទ្រមខ្លួនបែកឈាមពេញមុខ។
លោកអធិការបានបន្តថា ករណីខាងលើនេះ បណ្តាលឱ្យខូចរថយន្តក្រុង ក្នុងលក្ខណៈស្រាលខូចស្មៅលំអនៅលើទ្រូងផ្លូវមួយចំនួន របួសមនុស្សម្នាក់ឈ្មោះសំ សុជាន ដែលជាជនបង្កទាញចង្កូតរថយន្ត និងត្រូវរថយន្តសង្គ្រោះ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ។
ក្រោយកើតហេតុ សមត្ថកិច្ចបានអូសយករថយន្តក្រុងខាងលើ ទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកជើងព្រៃ និងបានឃាត់ខ្លួនជនបង្ក ឈ្មោះសំ សុជាន នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី ពាក់ព័ន្ធបទល្មើស បង្កឱ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើតេស្ត និងបានរកឃើញថា ជននេះមានសារជាតិញៀនក្នុងខ្លួន។ ចំណែកភាគីម្ចាស់រថយន្តក្រុង បានស្នើសុំរថយន្តយកទៅជួលជុលប្រើប្រាស់វិញ៕