ភ្នំពេញ ៖ ជនដៃដល់ម្នាក់បានគំរាមគូដណ្តឹង២នាក់ ឱ្យផ្តាច់ពាក្យឈប់ទាក់ទងគ្នា លុះខាងស្រីមិនព្រមផ្តាច់ពាក្យ ស្រាប់តែជនកំណាចបានទាញដំបងទៅវាយសំពង បុរសជាគូដណ្តឹងបម្រុងសម្លាប់ចោលតែម្តង តែត្រូវបានមិត្តភក្តិជនរងគ្រោះម្នាក់ចូលមកជួយទាន់ពេល ក៏ត្រូវជនដៃដល់វាយ បណ្តាលឱ្យរបួសធ្ងន់ទាំង២នាក់ រួចរត់គេចខ្លួនបាត់ស្រមោល។
ករណីអំពើហិង្សាដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចទីតាំងចំណតរថយន្តតាក់ស៊ីក្នុងបេនឡានច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះទាំងពីរនាក់ រួមមាន ទី១-ឈ្មោះឡា សុហួ ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២-ឈ្មោះចាប ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះទាំង២នាក់ គឺជាកម្មករបេនឡានច្បារអំពៅ ជាមួយគ្នា។ ចំណែកជនដៃដល់ មានឈ្មោះព្រែក ភេទប្រុស អាយុជាង៣០ឆ្នាំ មានលំនៅក្រោយបេនឡានច្បារអំពៅ។
តាមសម្តីជនរងគ្រោះឈ្មោះឡា សុហួ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈពេលដែលរូបគេកំពុងតែរៀបចំទីតាំងចំណតរថយន្តតាក់ស៊ីក្នុងបេនឡានច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក៏ស្រាប់តែមានគូទំនាស់ចាស់ម្នាក់ ឈ្មោះព្រែក ភេទប្រុស អាយុជាង៣០ឆ្នាំ មានលំនៅក្រោយបេនឡានច្បារអំពៅ បានកាន់ដំបងមកវាយសំពងក្បាលរូបគេពីក្រោយ បណ្តាលឱ្យដួលផ្កាប់មុខទៅនឹងឥដ្ឋបែកមាត់និងផ្ទៃមុខ ខណៈនោះ ឈ្មោះចាប ចន្ថា ដែលជាកម្មកររួមការងារជាមួយ បានឃើញក៏ស្ទុះមកជួយ ក៏ត្រូវជនដៃដល់វាយនឹងដំបងបន្ថែមរួចគេចខ្លួនបាត់។
ជនរងគ្រោះបានបន្ថែមថា កន្លងមក ជនដៃដល់ធ្លាប់បានទៅគំរាមនារីជាគូដណ្តឹងរបស់ខ្លួនថា ឱ្យបញ្ឈប់ទំនាក់ទំនងជាមួយខ្លួនទៅ បើពុំនោះទេ គេនឹងសម្លាប់ចោលមិនខាន។ ដោយសារតែខ្លាចជនសង្ស័យខាងលើ បង្កបញ្ហានាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ទាំងរូបគេ និងនារីជាគូដណ្តឹងផង ទើបរូបគេសម្រេចមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ខ្លួនជនដៃដល់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាត។
តាមប្រភពពីសាក្សី បានឱ្យសមត្ថកិច្ចដឹងថា នៅពេលកើតហេតុ ជនដៃដល់បានយកដំបងវាយចំក្បាលពីក្រោយជនរងគ្រោះ ក្នុងបំណងវាយឱ្យស្លាប់តែម្តង ប៉ុន្តែត្រូវបានឈ្មោះចាប ចន្ថា បានជួយទាន់ពេល ហើយជនដៃដល់ធ្លាប់យកកាំបិតកាប់ទៅលើមនុស្សនៅក្នុងបេនឡានម្តងមកហើយ ព្រោះជននេះជាមនុស្សញៀនថ្នាំ គ្មានខ្លាចរអាអ្វីទាំងអាស់។
ទាក់ទិនទៅនឹងហេតុការណ៍ខាងលើនេះ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ករណីនេះលោកពុំទាន់ទទួលសេចក្តីរាយការណ៍ពីនគរបាលប៉ុស្តិ៍នៅឡើយទេ។ លោកបញ្ជាក់ថា លោកនឹងជំរុញឱ្យនគរបាលប៉ុស្តិ៍រៀបចំសំណុំរឿងរ៉ាវនេះឱ្យលឿនបំផុត ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដោយមិនអនុញ្ញាតឱ្យជនដៃដល់រួចខ្លួនបានឡើយ៕