ភ្នំពេញ ៖ ក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះ ព្រួតគ្នាវាយទៅលើសមត្ថកិច្ចដែលស្លៀកឯកសណ្ឋានស៊ីវិល បណ្តាលឱ្យហើមភ្នែក កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ៤៣២ ក្បែរនឹងគ្លីនិកវេជ្ជបុត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ជនទំនើងខាងលើដែលត្រូវចាប់ខ្លួន មានឈ្មោះរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមសម្តីពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ ដែលជាសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក រៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានអង្គុយប្រចាំការនៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែម្នាក់ឯង ពាក់ឯកសណ្ឋានស៊ីវិល។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានប្រជាពលរដ្ឋបានមកប្រាប់គាត់ថា មានក្រុមក្មេងស្ទាវ២ក្រុមកំពុងវាយគ្នានៅខាងមុខផ្សារទំនើបសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ពេលនោះ គាត់ក៏បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល ១-៦២៥៣ ទៅមើលនៅកន្លែងដែលប្រជាពលរដ្ឋប្រាប់នោះ តែមិនឃើញ ហើយគាត់ក៏បានជិះដើរមើលតាមរហូតដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញក្មេងទំនើងខាងលើ រួមទាំងបក្ខពួក៥នាក់ទៀត ក្នុងនោះមានស្រីម្នាក់បានឈប់ចតម៉ូតូចំនួន៣គ្រឿង មួយគ្រឿងម៉ាក PCX ពណ៌ខៀវ បិទតែមពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1FR-0001 និង២គ្រឿងទៀត មិនចាំម៉ាក។ គាត់ក៏បានជិះម៉ូតូយឺតៗដើម្បីមើល ខណៈពេលនោះស្រាប់តែក្មេងទំនើងខាងលើ រួមទាំងបក្ខពួកបានយកមួកសុវត្ថិភាពគប់ទៅលើគាត់ចំភ្នែកខាងស្តាំ បណ្តាលឱ្យដួលម៉ូតូ ហើយបក្ខពួករបស់ក្មេងទំនើងខាងលើ បានយកដំបង និងខ្សែក្រវាត់ដេញវាយរូបគាត់ ហើយស្រែកចោរ ភ្លាមៗនោះ មានបក្ខពួកក្មេងទំនើងម្នាក់បម្រុងនិងលើកម៉ូតូរបស់គាត់ជិះរត់ ក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះ បានស្គាល់រូបគាត់ចូលមកជួយអន្តរាគមន៍ ទើបក្មេងទំនើងខាងលើរួមទាំងបក្ខពួក ក៏បានលើកម៉ូតូជិះរត់គេចខ្លួន គាត់ក៏បានលើកម៉ូតូជិះដេញតាមពីក្រោយ និងបានទាក់ទងហៅកម្លាំងសមត្ថកិច្ចតាមវិទ្យុទាក់ទង ឱ្យមកជួយអន្តរាគមន៍រហូតដល់ចំណុចក្បែរនឹងវត្តដំបូកខ្ពស់ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ស្ទាក់ចាប់បានក្មេងទំនើងខាងលើ ចំណែកឯបក្ខពួក៥នាក់ទៀត បានជិះម៉ូតូរត់ខ្លួនបាត់ស្រមោល។
បច្ចុប្បន្នក្មេងទំនើងខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី៕