Sunday, October 5, 2025
Homeព័ត៌មានជាតិដោយសារភ្លើងប្រចណ្ឌ!!! ប្រុសចាប់ឆូតមុខ និងកាប់ប្រហារស្រីស្នេហ៍ រួចគេចខ្លួនបាត់

ដោយសារភ្លើងប្រចណ្ឌ!!! ប្រុសចាប់ឆូតមុខ និងកាប់ប្រហារស្រីស្នេហ៍ រួចគេចខ្លួនបាត់

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ ព្រោះតែកើតមានភ្លើងប្រចណ្ឌ ក៏ឈ្លោះប្រកែកគ្នាបែកផ្សែងរហូតក្លាយជាអំពើហិង្សា ដោយភាគីខាងប្រុសបានធ្វើសកម្មភាពចាប់ស្រីស្នេហ៍របស់ខ្លួនឆូតផ្ទៃមុខ និងកាប់ប្រហារទៅលើដងខ្លួន បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ហិង្សាដោយសារភ្លើងប្រចណ្ឌខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យដែលផ្ទុះភ្លើងប្រចណ្ឌចាប់ស្រីស្នេហ៍ឆូតមុខនេះ មានឈ្មោះសុំ សុរាជ អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ (កំពុងរត់គេចខ្លួន)។ ចំណែកនារីរងគ្រោះជាសង្សារ មានឈ្មោះស្រី សុខណា អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា រងរបួសផ្ទៃមុខ ស្មារ និងដៃខាងស្តាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា គូស្នេហ៍ខាងលើឧស្សាហ៍កើតមានទំនាស់នឹងគ្នាខ្លាំងណាស់ ព្រោះតែខាងប្រុស គឺជាមនុស្សមានចិត្តប្រចណ្ឌខ្លាំងណាស់ ចូលចិត្តប្រចែប្រចណ្ឌខុសរឿង និងរករឿងឈ្លោះប្រកែក ប្រើអំពើហិង្សាទៅលើខាងស្រីជាញឹកញាប់ តែខាងស្រីមិនធ្លាប់ប្តឹងផ្តល់អ្វីសោះឡើយ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ គេបានលាន់ឮសំឡេងគូស្នេហ៍ខាងលើនេះ បានឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាសារជាថ្មី ស្រាប់តែបន្តិចក្រោយមក ក៏លាន់ឮសម្រែកនារីរងគ្រោះហៅឱ្យជួយ ហើយភ្លាមនោះ ក៏ឃើញជនសង្ស័យជាគូស្នេហ៍បានរត់គេចខ្លួនចេញពីបន្ទប់កើតហេតុយ៉ាងលឿន លុះពេលអ្នកជិតខាងចូលទៅមើលក្នុងបន្ទប់ ក៏ឃើញនារីរងគ្រោះដេកដួល រងរបួសត្រង់ផ្ទៃមុខ និងដងខ្លួនយ៉ាងដំណំ ហើយបាននិយាយប្រាប់ថា នាងត្រូវសង្សារចាប់ឆូតមុខ និងកាប់ឱ្យរងរបួស។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានអ្នកជិតខាងជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត។ ចំណែកជនសង្ស័យជាប្រុសស្នេហ៍បានរត់គេចខ្លួនបាត់ស្រមោល និងកំពុងត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES